អាជ្ញាធរ​ជាតិ​អប្សរា បន្ថែម​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ជំនាញ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី អនាម័យ និង​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា បន្ថែម​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ជំនាញ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី អនាម័យ និង​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ



មន្ត្រី​ជំនាញ​នៃ នាយកដ្ឋាន​គ្រប់គ្រង​ទឹក និង​លេខាធិការដ្ឋាន សហគមន៍ ចំនួន​១១​នាក់ កំពុង​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល បន្ថែម​សមត្ថភាព អំពី​កម្មវិធី​អនាម័យ និង​ទឹក​ស្អាត ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​ផ្សព្វផ្សាយ​បន្ត ទៅ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ ទាំងមូល​។ វគ្គ​បណ្តុះបណ្តាល មាន​រយៈពេល ៤ ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ដល់ ១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ជូ រ៉ា​ឌី​ណា អនុប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ទឹក និង​ជា​អ្នកសម្របសម្រួល វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបរាប់​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ពង្រឹង​សមត្ថ​ម​ភាព​មន្ត្រី របស់​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ អប់រំ​កម្មវិធី​អនាម័យ និង​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ​។ វគ្គ​បណ្តុះបណ្តាល​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​សុ​វុឌ្ឍិកម្ម នៃ​ការ​សម្អាត​ទឹក និង​ការ​គ្រប់គ្រង​ទឹក ក្នុង​តំបន់​អង្គរ (PAAGRA) ដែល​ធ្លាប់​បាន​ចុះ​អនុស្សរណៈ ជាមួយ​គ្នា កន្លង​មក រវាង​អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀមរាប និង​ស្ថាប័ន​របស់​ប្រទេស​បារាំង ចំនួន​៦​ផ្សេង​ទៀត​។

លោក​បាន​បន្ថែម​ថា កន្លង​មក អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្តន៍​សាកល្បង នូវ​កម្មវិធី​អនាម័យ​ទឹក​ស្អាត ក្នុងភូមិ​ចំនួន​៤ ក្នុង​ចំណោម ១១២ ភូមិ នៃ​តំបន់​អង្គរ​។ កម្មវិធី​បណ្តុះបណ្តាល នៅ​ពេល​នេះ ក៏​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ ទៅ​តាម​បណ្តា​ភូមិ​ផ្សេង​ៗ​ទៀត ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​មាន​អនាម័យ មាន​បង្គន់​ប្រើប្រាស់​ត្រឹមត្រូវ និង​មានទឹក​ស្អាត​ប្រើប្រាស់ ។ នេះ​ជា​ផ្នែក​មួយ​នៃ កម្មវិធី​លើក​ស្ទួយ​កម្រិតជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ​។

លោក ស៊ឹ​ម សៅ​រ៉ា បុគ្គលិក​នៃ​អង្គការ CWS (Church World Service) និង​ជា​ប្រធាន​គម្រោង ផ្នែក​អប់រំ​ទឹក​ស្អាត និង​អនាម័យ ដែល​ជា​គ្រូ​បង្គោល នៃ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបរាប់​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ធ្វើ​ឡើង​ទៅ​លើ ជំនាញ​ស​ម្រ​សម្រួល វិធីសាស្ត្រ​ចម្រោះ​ទឹក ដោយ​សុវត្ថិភាព និង​គំរូ​បែបផែន នៃ​ការ​សាងសង់​បង្គន់​។

លោក​បាន​បញ្ជាក់​ថា តាម​ពិត​ទៅ សិក្ខាកាម​ដែល​ចូលរួម​វគ្គ​នេះ អាច​នឹង​មាន​ជំនាញ បច្ចេកទេស​យល់​ដឹង​ហើយ តែ​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តោត​សំខាន់ ទៅ​លើ​ជំនាញ​សម្របសម្រួល ដើម្បី​ផ្ទេរ​ចំណេះ​ទាំងនេះ ទៅ​ដល់​ប្រជាពលរដ្ឋ​។

លោក សៅ​រ៉ា សង្ឃឹមថា ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​អាច​បន្ត​ផ្សព្វផ្សាយ យ៉ាង​ទូលំទូលាយ អំពី​កម្មវិធី​អនាម័យ និង​ទឹក​ស្អាត​មាន​សុវត្ថិភាព ទៅ​កាន់​សំណាក់​ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ​ទាំងមូល ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង កាន់តែ​ច្បាស់ អំពី​អនាម័យ ទឹក​ស្អាត ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​កម្រិតជីវភាព​របស់​ពួក​គាត់​៕