ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហូរ​ចូល​យ៉ាងគំហុក​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ

ប្រភពពី​ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ល​ទំនិញ​តិចតួច​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ នគរបាល​អន្តោប្រវេសន៍ និង​ប្រធាន​ច្រកទ្វារ​នេះ បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការ​នាំចូល​ទំនិញ​របស់​ពួកគាត់​។ ក៏ប៉ុន្តែ​ពួកគេ​បែរជា​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​គំហុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក កែវ សារ៉ាន់ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​ជាំ​ស្រងាំ និង​បក្ខពួក​កំពុង​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​មានដូចជា ភេសជ្ជៈ គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ គ្រឿងឧបភោគ​បរិភោគ ដោយ​ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុង និង​រថយន្ត​មួយ​បាំង​កន្លះ​ផ្ទុក​រាប់​តោន​។ ការដែល​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ គឺមាន​ការឃុបឃិត​ជាមួយ​លោក កែវ សារ៉ាន់ ប្រធាន​ស្នាក់ការ​គយ​ច្រក​នេះ និង​លោក យូ សុធា​រិ​ទ្ធ ដែលជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។ ប្រសិនបើ​ឈ្មួញ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ទាំងពីរ​នាក់​ខាងលើនេះ​ទេ គឺ​ពួកគេ​មិនអាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​បានឡើយ​។

​អាជីវករ​និង​ក្រុម​ឈ្មួញ​តូចតាច​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​នេះ​តាម​ការកំណត់ ហើយ​សមត្ថកិច្ច​គយ​មិន​បានចេញ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ជាងនេះទៅទៀត​នៅពេល​ពួកគាត់​ដឹកទំនិញ​ឆ្លង​ផុត​ច្រកទ្វារ​រួចមក មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ចាំ​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រី​គយ​ចល័ត​ជាដើម ធ្វើ​ឲ្យ​ពួកគាត់​រកស៊ី​ស្ទើរតែ​គ្មាន​សល់​លុយ​ចំណេញ​សម្រាប់​ទ្រទ្រង់​ជីវភាព​។ ក្នុងនោះ​អំពើពុករលួយ​របស់​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ឈ្មោះ កែវ សារ៉ាន់ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​ជា​រៀងរាល់ថ្ងៃ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​រាប់សិប​តោន​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​៕

c688da1f-a0be-4211-8398-195fdfdc469a-420x2881 odor-1 odor-4
​ ​