ម្នាក់​ៗ​ភ័យ​ចង់​បះសក់ ខណៈ​រ៉ឺ​ម៉ក​បុក​រថយន្ត​បត់​ត្រឡប់​ក្រោយ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​កម្មករ​រោងចក្រ​ជាង​៣០​នាក់​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ជនជាតិ​ចិន​ដែល​បើក​នៅ​ខាង​មុខ​សុខ​ៗ​ស្រាប់តែ​បត់​ត្រឡប់​ក្រោយ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​រង​របួសធ្ងន់ និង​កម្មការិនី​ម្នាក់​រង​បួស​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក្សី​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក TOYOTA HIACE ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-9439 ជិះ​គ្នា​៦​នាក់​ជា​ជនជាតិ​ចិន ក្នុង​នោះ​ស្រី​២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ស្របគ្នា​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​កម្មករ​រោងចក្រ​ជាង​៣០​នាក់ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​បើក​បត់​ក្រោយ ធ្វើ​អោយ​រ៉ឺ​ម៉ក​វ៉ា​ក់​អើ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​នៅ​លើ​រ៉ឺ​ម៉ក​ភ័យ​ចង់​បះសក់​គ្រប់​ៗ​គ្នា ។

សាក្សី​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​បុរស​អ្នក​បើក​រ៉ឺ​ម៉ក​បាក់​ស្មងជើង​ស្តាំ និង​កម្មការិនី​ម្នាក់​រង​របួសស្រាល ចំណែក​កម្មករ​ផ្សេង​ទៀត​មិន​មាន​រង​របួស​អ្វី​ឡើង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​នៅ​បែក​ចាន ដោយឡែក​រថយន្ត និង​រ៉ឺ​ម៉ក​ត្រូវ​បាន​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕