Lay សមាជិកក្រុម Exo ត្រូវបានបញ្ចូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ពេលបម្រុងឡើងយន្តហោះទៅ កោះហុកកៃដូ!!

កូរ៉េខាងត្បូង៖ នារសៀលថ្ងៃទី១១ ខែតុលានេះ Lay សមាជិកក្រុម Exo ត្រូវបានគេរាយការណ៍មកថា បានបាត់បង់ម្ចាស់ការដួលសន្លប់ភ្លាមៗ នៅឯព្រលានយន្តហោះ Incheon ប្រទេសកូរ៉េ ខណៈលោក និងសមាជិកក្រុមទាំងអស់ បម្រុងនឹងឡើងយន្តហោះឆ្ពោះទៅកាន់ កោះហុកកៃដូ ប្រទេសជប៉ុន។

បើយោងតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនដែលឈរចាំ នៅឯព្រលានយន្តហោះ មានភាពតក់ស្លុត និងព្រួយបារម្ភពីសុខភាពរបស់ Lay ជាខ្លាំង ដោយសារតែសុខភាពរបស់លោក បានស្រុតចុះភ្លាមៗ រំពេចនោះលោកក៏បានដួលសន្លប់តែម្តង ទើបផ្នែកសន្តិសុខ និងអង្គរក្សទាំងអស់ បានលើកលោក ដាក់លើគ្រែរុញអ្នកជម្ងឺ រួចបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ យ៉ាងទាន់ហន់តែម្តង។

គូសបញ្ជាក់ថា ដោយសារតែហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ សមាជិកក្រុមExo ទាំងអស់បានលុបចោលនូវជើងហោះហើរទៅកាន់ កោះហុកកៃដូរទាំងអស់ ខណៈដែលការប្រគុំតន្រ្តីរបស់ពួកគេ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១២ និង ១៣ ខែតុលា ខាងមុខនេះ។ ប៉ុន្តែមិនថាយ៉ាងណា ពួកគេនៅរង់ចាំមើលសុខភាពរបស់ Lay ឲ្យបានធូរស្បើយសិន ទើបពួកគេកំណត់ថ្ងៃនៃការប្រគុំតន្រ្តីម្តងទៀត។

គួរឲ្យដឹងថា តាមពិតទៅ  មិនមែនជាលើកទី១ទេ ដែល Lay ដួលសន្លប់បែបនេះនៅពេលកំពុងបំពេញការងារ ពីព្រោះថា លោកមានជម្ងឺប្រចាំកាយដែលមកជាប់ខ្លួនលោក តាំងពីកើតមកម៉្លេះនោះគឺ ជម្ងឺខ្វះឈាម និងជម្ងឺឈាមក្រកក ដោយហេតុនេះហើយ ទើបសុខភាពរបស់លោក និងសូវរឹងមាំដូចជាសមាជិកដទៃ៕ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Lay សមាជិកក្រុម Exo ស្រាប់តែដួលសន្លប់ភ្លាមៗ ក្នុងកំឡុងពេលកំពុងថតកម្មវីធីចិនមួយ ដោយមិនដឹងពីមូលហេតុ។

គួរឲ្យដឹងថា បន្ទាប់ពីកើតមានហេតុការណ៍ដួលសន្លប់ កាលពីថ្ងៃទី៨ ខែឧសភា រួចមក មានប្រព័ន្ធផ្សព្វផ្សាយចិនមួយ បានរាយការណ៍ថា សមាជិកក្រុម Exo លោក Lay បានដួលសន្លប់ភ្លាមៗ ដោយសារតែការពុលអាហារ។ ប៉ុន្តែមិនថាយ៉ាងណា របាយការណ៍ដែលបាន បញ្ជាក់នៅពេលក្រោយនេះ គឺវាមិនមែនដោយសារតែការពុលអាហារនោះទេ ប៉ុន្តែតាមពិតទៅ គឺដោយសារតែ ការអស់កម្លាំងខ្លាំងពេកទៅវិញទេ។

នេះបើយោងតាម ប្រភពរបស់ Sina កាលពីថ្ងៃទី៩ កន្លងទៅនេះ បានឲ្យដឹងថា Lay លោកបានដួលសន្លប់ ក្នុងអំឡុងពេលថត ឲ្យកម្មវិធីចិនមួយ ដែលមានឈ្មោះថា«Go Fighting»។ ទោះយ៉ាងណា អ្នកចាត់កម្មវិធីផ្ទាល់ ក៏បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីមូលហេតុ ៖ «ការពិតនៃរឿងនេះ គឺមូលហេតុមកពី Lay លោកមានការហត់នឿយ និងអស់កម្លាំងខ្លាំងមែនទែន ពីព្រោះថា លោកត្រូវធ្វើការជាច្រើនជាន់ៗគ្នា ដោយអំឡុងពេល ដែលលោកថតរឿងផង និងរត់ទៅធ្វើការប្រគុំតន្ត្រីផង ក្នុងថ្ងៃតែមួយ ព្រមទាំងត្រូវ ទៅសន្និសីទកាសែត បង្ហាញមុខជាសាធារណៈដើម្បីជួបជាមួយនឹង ក្រុមអ្នកគាំទ្រថែមទៀតផង។ លើសពីនេះទៅទៀត បន្ទាប់ពីលោកបានមកដល់ Hainan ភ្លាម គឺនៅថ្ងៃដែលថតកម្មវិធី «Go Fighting» នេះ គឺលោកបរិភោគអាហារបានតិចតួចបំផុត មុនពេលថតនេះ ទើបធ្វើឲ្យលោកមានអារម្មណ៍ដូចជាមិនស្រួលខ្លួន រហូតដល់ពេលព្រឹកឡើង លោកមិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ដួលសន្លប់បែបនេះទៅ។

ជាការពិតណាស់ បន្ទាប់ពីត្រូវបញ្ចូន Lay ទៅកាន់បានមន្ទីរពេទ្យ លោកបានសម្រាកនៅទីនោះប្រហែលជា ពាក់កណ្តាលថ្ងៃ ស្រាប់តែលោកទាមទារទៅថតកម្មវីធីវិញនៅពេលថ្ងៃបន្តទៀត ។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រ រឹតតែខ្លោចចិត្តអាណិតលោកថែមទៀតនោះ គឺលោកបាននិយាយសុំទោស ទៅកាន់ក្រុមការងារទាំងអស់ ទាំងដែលអាការៈរបស់លោក កំពុងតែធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យនៅឡើយ។ 

ជារួមមក បន្ទាប់ពីកើតឡើង ហេតុការណ៍នេះរួចមក ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើន រឹតតែព្រួយបារម្ភ ពីសុខភាពរបស់ Lay ខ្លាំងជាមុនទៅទៀត ពីព្រោះថានេះមិនមែន ជាលើកទីមួយទេ ដែលលោកដួលសន្លប់ភ្លាមៗបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រជាច្រើន ពួកគេបានបញ្ចេញអារម្មណ៍របស់ពួកគេ ដោយបានសរសេរថា ៖ «សុខភាពគឺពិតជាសំខាន់ជាងអ្វីៗទាំងអស់» «ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់ ពេលដែលខ្ញុំឃើញបែបនេះ បេះដូងខ្ញុំពិតជាឈឺខ្លាំងណាស់» «សព្វថ្ងៃនេះ មើលទៅគាត់ពិតជារវល់ខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគាត់ នឹងមានពេលសំរាកខ្លះ»។

គួររំលឹកថា កាលពីឆ្នាំមុន Lay លោកបានចុះកុងត្រាជាមួយស្ទូឌីយូ ឯកជនមួយ បន្ទាប់ពីនោះមក លោកចាប់ផ្តើមមានសកម្មភាពជាច្រើន នៅក្នុងប្រទេសចិនយ៉ាងពេញលេញ ដូចជាចូលរួមសម្តែងខ្សែភាពយន្ត និងអ្វីផ្សេងជាច្រើនទៀត រហូតដល់បច្ចុប្បន្ននេះ គឺលោកកំពុងមានឈ្មោះ បោះសំលេងយ៉ាងខ្លាំងនៅឯប្រទេសចិន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload