កងកម្លាំង​​​​​​សន្តិសុខ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​​​​លោក អំ សំអាត ​​​​​​មន្ត្រីអង្គការ​​​សិទិ្ធ​​​មនុស្ស​​​​​​អំឡុង​​​ការ​​​តវ៉ា​​​ពាក់​​​ព័ន្ធ​​​ដីធ្លី​​​

កងសន្តិសុខរបស់រដ្ឋាភិបាលបានចូលវាយបំបែកការតវ៉ាមួយកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ហើយបានវាយដំលើប្រធានបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ជាអង្គការមួយក្នុងចំណោម អង្គការសិទ្ធិមនុស្សដ៏លេចធ្លោបំផុតនៅកម្ពុជា ខណៈអ្នកហែក្បួនរាប់រយនាក់តវ៉ាប្រឆាំងការរឹបអូសយកដីធ្លី។ ការហែក្បួនដើម្បីរំឭកទិវាលំនៅដ្ឋានពិភពលោកនេះបានចាប់ផ្តើមក្រោមភ្លៀងធ្លាក់យ៉ាងជោកជាំនៅអតីតតំបន់ដីក្រហមដែលអ្នកភូមិត្រូវបានបណ្តេញចេញយ៉ាងហិង្សាដោយក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៩។អ្នកត្រូវបានបណ្តេញចេញ និងសកម្មជនសិទ្ធិដីធ្លីសង្ឃឹមថានឹងបានហែក្បួនទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីដាក់ញត្តិប្រឆាំងការរឹបអូសយកដីធ្លី។ មន្ត្រីនគរបាលរាប់សិបនាក់ដែលមានចំនួនច្រើនជាងក្រុមប្រមូលផ្តុំដំបូងបានបណ្តេញអ្នកតវ៉ាឆ្ពោះទៅភាគខាងជើង ខណៈមានអ្នកចូលរួមកាន់តែច្រើនឡើងៗ។ ក្រុមអ្នកតវ៉ាបានកើនចំនួនឡើងដល់ប្រហែល៣០០នាក់ ខណៈការហែក្បួនធ្វើដំណើរចុះតាមតីរវិថីព្រះស៊ីសុវត្ថិដោយឆ្លងកាត់ព្រះបរមរាជវាំង ហើយស្ថិតនៅឆ្ងាយពីទីតាំងក្រសួងរៀបចំដែននគរូបនីយកម្មនិងសំណង់។ ភាពតានតឹងបានកើនឡើងដល់ចំណុចខ្លាំងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកពេលកងសន្តិសុខខណ្ឌដូនពេញបិទផ្លូវរបស់អ្នកតវ៉ាដែលព្យាយាមប្តូរទិសដៅ ហើយពួកគេបានចូលបំបែកក្រុមអ្នកតវ៉ាដោយបំផ្លាញបដា និងរូបថតរបស់មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ និងបានវាយដំលើលោក អំ សំអាត មកពីអង្គការលីកាដូដែលចូលរួមការហែក្បួនក្នុងនាមជាអ្នកអង្កេតការណ៍។ លោក អំ សំអាត ក៏ដូចជាសាក្សីផ្សេងៗទៀតដែរបានលើកឡើងថា លោកបានស្នើសុំឲ្យមានការរក្សាភាពស្ងប់ស្ងាត់ពេលកងសន្តិសុខវាយដំភ្លាមៗមកលើរូបលោក និងអ្នកផ្សេងៗទៀត។ លោកត្រូវកងសន្តិសុខវាយចំក្បាល និងមុខ ហើយមានស្នាមដាច់រលាត់ និងមានស្នាមជាំ។រីឯអ្នកផ្សេងៗទៀតក៏រងរបួសដោយមានស្នាមប្រឡាក់ឈាមផងដែរ។ លោក អំ សំអាត បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគេ ‘សុំកុំប្រើអំពើហិង្សា’ ហើយពួកគេបានចាប់ផ្តើមវាយដំមកលើខ្ញុំតែម្តង។  វាបង្ហាញថា កម្ពុជាមិនគោរពសិទ្ធិមនុស្សទេ”។ អ្នកតវ៉ា ដែលមានអ្នកខ្លះពាក់អាវយឺតពណ៌ខ្មៅមកពីយុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងតាមតីរវិថី ព្រះស៊ីសុវត្ថិ ដែលស្ថិតតាមបណ្តោយមាត់ទន្លេមុនពេលបត់មកម្តុំវត្តឧណ្ណាលោម។ នៅផ្លូវលេខ១៧៨ នគរបាលបានបិទផ្លូវដោយរុញច្រានការហែក្បួនឲ្យឆ្ពោះទៅភាគខាងលិចតាមបណ្តោយផ្លូវដែលមានដើមឈើអមសងខាង ហើយឆ្ពោះទៅសាកលវិទ្យាល័យភូមិន្ទវិចិត្រលិល្បៈ។ ក្រុមអ្នកតវ៉ាបានទៅដល់ផ្លូវលេខ១៩ហើយបានប្រឈមមុខនឹងកងសន្តិសុខរាប់សិបនាក់ដែលជិះរថយន្តចំនួន៥គ្រឿង។ ដោយសម្លឹងមើលអ្នកតវ៉ា លោក គឹម វុត្ថា ប្រធានកងសន្តិសុខខណ្ឌបានសួរថា  “តើនរណាជាមេរបស់អ្នកទាំងអស់គ្នា? ហេតុអ្វីបានជាអ្នកទាំងអស់គ្នាឆ្លងកាត់ទីនេះ?”។ អ្នកស្រី បូវ សោភា អ្នករៀបចំការហែក្បួនម្នាក់ក្នុងចំណោមអ្នករៀបចំការហែក្បួនផ្សេងៗទៀតបានឆ្លើយតបថា មានការបិទផ្លូវ។ ជាការឆ្លើយតបលោក គឹម វុត្ថា បាននិយាយទៅកាន់កងសន្តិសុខរបស់លោកថា  “ទៅមុខទៅ”។ ខណៈកងសន្តិសុខចូលបំបែកក្រុមអ្នកហែក្បួន មានម្នាក់បានទៅកម្ទេចផ្ទះគំរូដែលគេប្រើប្រាស់ជាផ្ទះតំណាង ហើយមានម្នាក់ទៀតបានដេញតាមអ្នកវាយស្គរចូលដល់ក្នុងវិចិត្រសាល។ កងសន្តិសុខរូបនេះបានចេញមក វិញដោយមានស្គរពណ៌ក្រហមមកជាមួយហើយត្រូវបានក្រុមអ្នកតវ៉ាដេញតាមឆក់យកវាត្រឡប់មកវិញ។អ្នកហែក្បួនជាច្រើនបានបំបែកជួរគ្នា។ ក្រោយមកសាលារាជធានីភ្នំពេញបានលើកឡើងថា ក្រុមអ្នកហែក្បួនធ្វើឲ្យកងសន្តិសុខខឹង ហើយថា អ្នកតវ៉ាមិនគួរព្យាយាម គេចចេញពីជួរទេ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា “យើងព្យាយាមប្រមូលពួកគេឲ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យ ហើយពេលធ្វើដំណើរពួកគេបង្កភាពចលាចល។ នេះជាហេតុផលមួយដែលយើងមិនចង់ឲ្យពួកគេធ្វើផ្ទុយពីអ្វីដែលយើងអនុញ្ញាត”។ លោកបានបន្ថែមថា “អ្នកតវ៉ាជាស្ត្រីមួយចំនួននៅក្នុងការហែក្បួននេះក៏បានប្រើឆត្រវាយមកលើកងសន្តិសុខរបស់យើងដែរ។ យើងនៅមិនទាន់សម្រេចនៅឡើយទេ ថា ត្រូវចាត់វិធានការផ្លូវច្បាប់មកលើពួកគេ ឬក៏អត់នោះ” ។ […]

The post កងកម្លាំង​​​​​​សន្តិសុខ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​​​​លោក អំ សំអាត ​​​​​​មន្ត្រីអង្គការ​​​សិទិ្ធ​​​មនុស្ស​​​​​​អំឡុង​​​ការ​​​តវ៉ា​​​ពាក់​​​ព័ន្ធ​​​ដីធ្លី​​​ appeared first on The Cambodia Daily.