ឮ​សំឡេង​ដូច​គ្រាប់បែក​ផ្ទុះ រត់​ចេញ​មក​ឃើញ​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​អង្គុយ​នៅ​ក្នុងផ្ទះ​សុខ​ៗ ស្រាប់តែ​ឮ​សំឡេង​ដូច​គ្រាប់បែក​ផ្ទុះ​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​រត់​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ គាប​ជាប់​ក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ខាងលិច​ផ្ទះ​ឯកឧត្តម ជា សុ​ផា​រ៉ា ប្រមាណ​៣០០​ម៉ែត្រ ទល់មុខ​រោងចក្រ​ខា​អំបោះ ឡាក់​ឃី បាវ ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ជន​រង​គ្រោះ​ឈ្មោះ សើរ សុ​ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​អោយ​ក្រុមហ៊ុន​ចាក់​បេតុង​អេ​ស៊ា​ន មាន​ទីលំនៅ​ផ្ទះ​ជួល​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រីឯ​រថយន្ត​ដែល​ជន​រង​គ្រោះ​ជិះ​ទៅ​បុក​កន្ទុយ​រ៉ឺ​ម៉ក​សណ្តោង ម៉ាក RAV4 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-5978 ចំណែក​កន្ទុយ​រ៉ឺ​ម៉ក​ដែល​គេ​ចត​ទុក​ចោល​នោះ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-1265 ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឮ​សូរ​សំឡេង​លាន់​ដូច​ផ្ទុះ​គ្រាប់បែក​យ៉ាង​ខ្លាំង ភ្លាម​ៗ​នោះ​រូប​គាត់​ក៏​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​រថយន្ត​១​គ្រឿង​បើក​បុក​ចូល​ក្រោម​កន្ទុយ​រ៉ឺ​ម៉ក​របស់​រថយន្ត​យី​ឌុ​ប​ដែល​គេ​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ទាំងស្រុង ចំណែក​អ្នកបើកបរ​វិញ​គឺ​បែកក្បាល​ធ្លាយ​ចេញ​ខួរ គាប​ជាប់​ក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

បើ​តាម​សំដី​អ្នក​រួមការ​ងារ​ជាមួយ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​១១​តុលា រថយន្ត​របស់​ជន​រង​គ្រោះ​បាន​ជាប់ផុង​នៅ​ក្នុង​ការដ្ឋាន​បាញ់​បេតុង​មួយ​កន្លែង ។ បន្ទាប់​ពី​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ចេញពី​ការដ្ឋាន​នោះ​មក​ដល់​ក្រុមហ៊ុន​វិញ ជន​រង​គ្រោះ​បាន​ប្រាប់​មិត្តភក្តិ​រួមការ​ងារ​ថា ទៅ​ផ្សារ​ទិញ​គ្រឿងបន្លាស់​រថយន្ត ព្រោះ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ដែល​គេ​បើក​នោះ​ខូច ។ គ្រាន់តែ​និយាយ​ចប់​ភ្លាម​ជន​រង​គ្រោះ​បាន​បើករថយន្ត​របស់​ក្រុមហ៊ុន​ម៉ាក RAV4 ចេញ​ទៅ​បាត់ រហូត​ដល់​វេលា​ខាងលើ​ក៏​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ស្លាប់ ធ្វើ​អោយ​អ្នក​រួម​ការងារ​ទាំងអស់​ស្ទើរតែ​មិន​ជឿ ។

ចំណែក​ខាង​ជំនាញ​ចរាចរណ៍​វិញ​បាន​សន្និដ្ឋាន​ថា រថយន្ត​ខាងលើ​បើក​ក្នុង​ល្បឿន​មិន​ក្រោម​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ ហើយ​មុន​ពេល​កើតហេតុ​ប្រហែលជា​ជន​រង​គ្រោះ​អាច​ងងុយដេក ទើប​រេ​ចង្កូត​ចូល​ស្តាំ​ដៃ​បុក​ស្លាប់​ខ្លួន​យ៉ាងនេះ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង យក​រថយន្ត​និង​កន្ទុយ​រ៉ឹ​ម៉ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ បើ​គ្មាន​ការ​ប្តឹងផ្តល់​ទេ សមត្ថកិច្ច​នឹង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕