លោក​នាយក​អនុវិទ្យា​ល័យផ្សារ​ព្រំ ទារលុយសិស្សម្នាក់​១០០​ដុល្លារ?

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ឪពុក​ម្តាយ​របស់​សិស្សានុសិស្ស ដែល​ទើបនឹង​ប្រឡង​ជាប់​ថ្នាក់​ទី​៩ ចូល​រៀន​ថ្នាក់​ទី​១០ ហើយ​ចង់​ផ្ទេរ​ឈ្មោះ​ចេញពី​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន ​សែន ​ក្រុង​ទេពនិម្មិត ក្នុង​ក្រុងប៉ៃលិន ​កំពុង​​ត្រូវបាន​រិះ​គន់​ទៅ​លើ​លោកនាយក​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ​ថា បាន​ទារ​លុយ​ពី​កូន​ៗ​របស់​ពួក​គេម្នាក់​ៗ១០០​ដុល្លារ លុះ​ពួក​គេ​មិន​​យល់ព្រម ទើប​ចុង​ក្រោយ​ សុំ​បង់​ម្នាក់​១៥​ម៉ឺន​រៀល ។ រីឯ​អ្នកខ្លះ​ទៀត ដោយសារ​ឪពុក​ម្តាយ​ក្រីក្រ​គ្មាន​លទ្ធភាព សុខចិត្ត​រត់ការ​ខ្លួនឯង​តែ​ម្តង។

ជាក់ស្តែង ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​តុលា ​២០១៦ កន្លង​ទៅ​នេះ មាន​ស្ត្រី​ម្នាក់​​ត្រូវជា​ម្តាយ​របស់​សិស្ស ដែល​ត្រូវ​ផ្ទេរ​ឈ្មោះ​កូន​​ខ្លួន​ចេញពី​វិទ្យាល័យ​ហ៊ុន ​សែន ​សាលា​ក្រៅ ដើម្បី​ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​ ក្រុង​ទេពនិម្មិត បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូន​របស់​គាត់​មានឈ្មោះវី រ៉ា​ក់​សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​ប្រឡង​ជាប់​ថ្នាក់​ទី​៩ ចូល​ថ្នាក់​ទី​១០ នៅ​ឯ​វិទ្យាល័យ​ហ៊ុន​ សែន ​សាលា​ក្រៅ ។ តែ​ដោយសារ​កូន​គាត់ មិន​ចង់​រៀន​នៅ​សាលា​មួយ​នេះ ទើប​នាំ​គ្នា​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​នៅ​ក្រុងប៉ៃលិន​វិញ ។

គាត់​បន្ត​ទៀត​ថា អ្នក​ដែល​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​ក្រុងប៉ៃលិនមាន​គ្នា​ជាង​១០​នាក់ ហើយ​កូន​របស់​គាត់​បាន​បង់លុយ​ឱ្យ​គ្រូ​ម្នាក់​ឈ្មោះឆ​យ សុ​ជាតិ ជានា​យក​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ​អស់​ចំនួន​១៥​ម៉ឺន​រៀល ។ ចំណែក​អ្នកខ្លះ​ទៀត សុខចិត្ត​រត់ការ​ខ្លួនឯង ដោយ​មិន​អស់​ច្រើន​ប៉ុន្មាន​នោះ​ទេ គឺ​អស់​ត្រឹមតែ​៥​ ទៅ​១០​ដុល្លារ ថ្លៃ​ទឹកប៊ិច​គ្រូ​ប៉ុណ្ណោះ ។

គាត់​បញ្ជាក់​ទៀត​ថា មុន​ដំបូ​ង​លោកគ្រូ​ខាងលើ​ទារ​ឱ្យ​បង់​ម្នាក់​១០០​ដុល្លារ ក្រោយមក​ឱ្យ​បង់​ត្រឹម​៨០​ដុល្លារ លុះ​សិស្សទាំង​អស់​មិន​សុខចិត្ត ទើប​ឈាន​ដល់​បង់ប្រាក់​អស់​តិចតួច​វិញ ហើយ​ក៏​បាន​បង់ប្រាក់​ឱ្យ​គ្រូ​អស់​ទៅ​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​១០ ​តុលា កន្លង​ទៅ រហូត​ដល់​ខែវិច្ឆិកា​នេះ ទើប​ចូល​រៀន ។

​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ឪពុក​ម្តាយ​សិស្ស​ចោទប្រកាន់​ខាងលើ​នេះ ​លោកឆ​យ សុ​ជាតិ នាយក​អនុ​វិទ្យាល័យ​ផ្សារ​ព្រំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា សិស្ស​រៀន​ថ្នាក់​ទី​៩​ទាំងអស់ ដែល​ប្រឡង​ជាប់ ហើយ​ត្រូវ​ចូល​រៀន​ថ្នាក់​ទី​១០​ខាង​មុខ គឺ​ទៅ​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ ហើយ​ចំពោះ​ការ​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​នៅ​វិទ្យាល័យ​ផ្សេង​ទៀត ដូច​ជា​វិទ្យាល័យ​ហ៊ុន​ សែន​ក្រុង​​ទេពនិម្មិត ក្រុងប៉ៃលិន គឺជា​សណ្តាន​ចិត្ត​របស់​ឪពុក​ម្តាយ​សិស្ស​ជា​អ្នក​ឱ្យ​លុយ​គ្រូ​ប៉ុណ្ណោះ ដោយ​មិន​មានការ​ទាមទារ​អ្វី​ដូច​ជា​ការ​លើក​ឡើង​របស់​ឪពុក​ម្តាយ​សិស្ស​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា ចំពោះ​ការ​លេចឮ​ព័ត៌មាន​ថា ខាង​លោក​ទារ​លុយ​រហូត​ដល់​៨០ ឬ​១០០​ដុល្លារ​នោះ មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​អី​បន្ទាប់​ពី​សិស្ស​របស់​លោក​ប្រឡង​ជាប់ ត្រូវ​ទៅ​រៀន​នៅ​វិទ្យាល័យ​ផ្សេង​នោះ គឺជា​សិទ្ធិ​របស់​របស់​នាយក​សាលា​នៅ​ទីនោះ ដែល​ជា អ្នក​ត្រូវ​ចាត់ចែង​ផ្ទេរ​ឈ្មោះ​ពួក​គេ​ឱ្យទៅ​កន្លែង​ផ្សេង​ទៀត ។ ចំណែក​ខាង​លោក​គ្មាន​សិទ្ធិ​នោះ​ទេ គឺ​មាន​សិទ្ធិ​ត្រឹមតែ​បញ្ជូន​ឈ្មោះ​ពួក​គេ​ដែល​ប្រឡង​ជាប់​នៅ​សាលា​របស់​ខ្លួន​ឱ្យទៅ​រៀន​វិទ្យាល័យ​ហ៊ុន​សែន​សាលា​ក្រៅ​ប៉ុណ្ណោះ ។

ចំណែក​លោកតង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន មិន​អាច​ទាក់ទង​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូ ល​ច្រើន​លើក​ច្រើន​សារ អត់​មាន​អ្នក​ទទួល​នោះ​ឡើយ ៕