សល់​តែ​៣​តឹក​ទៀត​ទេ ទឹកស្ទឹង​ព្រែក​ត្នោត​នឹង​អាច​វាយប្រហារ​ផ្ទះ​អ្នក​ភូមិ​ជា​ច្រើន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​សម្តី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២២​នាទី​ព្រឹក​ថ្ងៃ​ទី​១២ តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើងជា​បន្តបន្ទាប់ គឺ​នៅ​សល់​តែ​៣​តឹក​ទៀត​ប៉ុណ្ណោះ លំនៅ​ដ្ឋា​ន​ជា​ច្រើន​នៅ​ក្នុង​សង្កាត់​ចំនួន​១០ នឹង​អាច​ប្រឈម​នឹង​ការ​លិចលង់ ប្រសិនបើ​ទឹក​នៅ​តែ​បន្ត​ឡើង​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មក​ដល់​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ លំនៅ​ដ្ឋា​ន​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង ទឹកបាន​ហូរ​ចូល​ផ្ទះ​បណ្តើរ​ៗ​ហើយ ។

កាលពី​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៦ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត បន្ទាប់​ពី​កម្ពស់​ទឹកបាន​ហក់​ឡើង​ខ្លាំង​ដែល​នឹង​អាច​ធ្វើ​ឲ្យ​សង្កាត់​ចំនួន​១០​ប្រឈម​នឹង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​នោះ​រួម​មាន ៖​សង្កាត់​ក្រាំង​ពង្រ សាក់​សំពៅ ,​ទៀន ,​គង​ន​យ ,​រលួស ,​ព្រែក​កំពឹស  ,​ជើងឯក​, ដង្កោ ,​ប្រទះ​ឡា​ង និង​សង្កាត់​ពងទឹក ៕