ពិនិត្យជា​បន្ទាន់! ទំនិញខ្មែរ-ថៃកំពុងលក់​ក្នុងពិធីតាំង​ពិព័រណ៍​​នៅក្រុង​​បាត់​​ដំបង

ខេត្តបាត់ដំបង ៖ ប្រជា​ពលរ​ដ្ឋមួយ​ចំនួនបាន​​ទៅ​​ទិញ​ទំនិញ និង​ម្ហូបអាហារនៅ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៏​ទំនិញ​ខ្មែរ​-​ថៃ ក្នុង​ឱ​កាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ក្នុង​ក្រុង​បាត់ដំបង បាន​ប្រតិកម្ម​រិះគន់​ចំ​ៗ​​ថា ពិធីបុណ្យ​អុំទូក​ស្ទើរ​រាល់​ឆ្នាំ​នៅ​ក្នុង​ខេត្តបាត់ដំបង គឺជា​ការឱ​កាស​ដល់​ឈ្មួញ​ទុច្ចរិត​បញ្ចេញ​ផ​លិ​ផល​ក្លែងបន្លំ​លក់​ទាំង​​ទំនិញ​ថៃ ទាំង​ទំនិញ​ខ្មែរ ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ពី​មន្ត្រី​ជំនាញ ជា​ពិសេស​គ្រឿង​ក្រអូប និង​ម្ហូបអាហារ​ ។

ប្រជា​ពលរ​ដ្ឋ​បាន​ប្រតិកម្ម​ខ្លាំង​នៅ​យប់​ថ្ងៃ​ទី​១១​ តុលា ២០១៦ បន្ទាប់​ពី​ពួក​គេ​ទិញ​ប៉ះ​ចំ​ផលិតផល​ក្លែងបន្លំ​ ។ បើ​តាម​ព័​ត៍​មាន​ផលិត​ផល​ក្លែងបន្លំ​ ដែល​ពលរ​ដ្ឋ​ជួប​ប្រទះ​ភាគច្រើន​គ្រឿងក្រអូប ជា​ពិសេស​សា​ប៊ួ​កក់​សក់ ដែល​ប្រើ​សម្បក​​ដប​មាន​លេខ​កូដ​​ប្រទេស​ថៃ តែ​ច្រក​ទឹក​សា​ប៊ួ​ក្លែង​ក្លាយ​។

ដោយឡែក ​ចំពោះ​ម្ហូបអាហារ​វិញ សុទ្ធ​សឹង​ជា​របស់​ដែល​ខូចគុណភាព ដូច​ជា​គ្រឿង​សមុទ្រ ប្រហិត​គ្រប់​ប្រភេទ ជើងមាន់ និង​គ្រឿងក្នុង​មាន់​ ។​ល​។ ព័​ត៌មាន​ទាំងនេះ​ បាន​បែកធ្លាយ​ពី​ប្រជា​ពលរ​ដ្ឋ​មួយ​ចំនួន ដែល​បាន​ទិញ​ប៉ះ​ទំនិញ​ក្លែងបន្លំ និង​ខូចគុណភាព​ទាំងនេះ​។

គ្រឿង​សមុទ្រ​មួយ​ចំនួន​ មាន​ធុំក្លិន​មិនល្អ​ស្ទើរ​លេប​មិន​ចូល ដែល​ទំនង​ក្លា​ស្សេ​ទុក​ច្រើន​ថ្ងៃ រីឯ​ជើងមាន់ គ្រឿងក្នុង​មាន់ ឬ​ម្ហូបអា​ហារ​​ដទៃ​ទៀត​ក៏​ដូច​គ្នា​ដែរ​។

បើ​តាម​ព័​ត៌មានបាន​ឱ្យ​ដឹង​ថា ទំនិញ​គ្រប់​ប្រភេទ​ដែល​ថៃ ដឹក​ចូល​យក​មក​លក់​ក្នុង​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្តបាត់ដំបង នា​ពេល​នេះ គឺ​នាំ​ចូល​តាម​ច្រក​ទ្វា​អន្តរជាតិដូង ស្រុក​កំ​រៀង​។ ការ​នាំ​ចូល​នេះ ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​​ត្រូវ​ពី​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​ទ្វារ​​ព្រំដែន​​
ទេ​។

មន្ត្រី​ជំនាញ​គ្រាន់តែ​រាប់​ចំនួនរ​ថយ​ន្ត លេខ​រថយន្ត និង​ពិនិត្យ​ឯកសារ​មនុស្ស​ចេញ-ចូល​ជា​ការ​ស្រេច ។ រីឯ​ទំនិញ​វិញ ចង់​ថៃ​ដឹក​អ្វី​ក៍​ដឹក​ទៅ គ្រាន់តែ​សួរនាំ​ប៉ុណ្ណោះ តែ​មិន​បាន​ឆែក​ត្រូ​ត​ពិនិត្យ​ទេ​។ សូ​ម្បី​ទំនិញ ​ឬ​ម្ហូបអាហារ​ខូចគុណភាព​ទាំងនោះ​ រៀប​ដាក់​តាំង​លក់​ព្រោងព្រាត​ ក្នុង​ស្ដង់​ពិព័រណ៍​ជិត​៤០០​តូប ក្នុង​ឱកាស​បុណ្យអុំទូក​ក្នុង​ក្រុង​បាត់ដំបង រយៈពេល​២,៣​ថ្ងៃ​កន្លង​មកនេះ ក៏​គេ​មិន​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ដែរ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​០៩​ តុលា ដែល​ជា​ថ្ងៃ​រៀបចំ​ស្ដង់​តាំងពិព័រណ៍​ដំបូង ​គេ​ឃើញ​មាន​មន្ត្រី​គយ​ប៉ុន្មាន​នាក់ បាន​ចុះ​ត្រួត​​ពិនិត្យ​រថយន្ត​ថៃ តែ​មិន​បាន​​​ពិនិត្យ​គុណភាព​ទំនិញ ឬម្ហូបអាហារ​ទេ​។ មិនតែប៉ុណ្ណោះ​ មន្ត្រី​គយ​ទាំងនោះ ​បាន​ហាមប្រាម​មិន​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ថត​សកម្មភាព​ពួក​គេ​ យក​ទៅ​ផ្សព្វផ្សាយ​ទៀត​ផង ដោយ​មិនដឹង​ថា សកម្មភាព​មន្ត្រី​គយ​ទាំងនោះ​ មាន​អា​ថ៌​កំ​បាំង​អ្វី​ឡើយ​។

ប្រជា​ពលរ​ដ្ឋបានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​មេត្តា​ចុះ​ត្រួត​ពិនិត្យ​មុខទំនិញ ឬម្ហូបអាហារ​ដែល​អាជីវករ​ខ្មែរ​,​ថៃ ដាក់​លក់​តាម​តូប​​ក្នុង​ពិធីបុណ្យ​អុំទូក​ដែល​កំពុង​ប្រារព្ធ​ធ្វើ​ក្នុង​ក្រុង​បាត់ដំបង​នា​ពេល​នេះ​ផង ។ ចៀសវាង​កុំ​ឲ្យ​ពួក​ឈ្មួញ​យក​
ឱ​កាស​នេះ ​បញ្ចេញ​ទំនិញ​ក្លែងបន្លំ និង​ម្ហូបអាហារ​ខូចគុណភាព​លក់ឱ្យយ​ពលរដ្ឋ​ខ្មែរ​ ក្នុង​ខេត្តបាត់ដំបង ។ បើ​អាច​ដាក់​បាន​ជួយ​ដាក់​ផង ព្រោះ​ពលរ​ដ្ឋ កំពុង​ប្រតិកម្ម​ខ្លាំង​ណាស់ ជា​ពិសេស​នៅយប់ថ្ងៃទី១១ តុលា​ នេះ ។