ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​​ម្នាក់​ត្រូវ​គេ​ល្បួង​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ភ្នំ​យ៉ា​ត

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ក្នុង​ប្រឡាយ​ភក់​មួយ​នៅ​ខាងក្រោយ​ភ្នំ​យ៉ា​ត ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ដែល​ជា​ប្តី​ឈ្មោះ ទូច ឈិ​ន​លី​ន អាយុ​៣២​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ថា សព​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ កូវ សៀវ​ហេង អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​២​នាក់​ក្នុង​បន្ទុក កូន​បង​អាយុ​៥​ឆ្នាំ និង​ប្អូន​អាយុ​ជាង​១​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

លោក​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ប្រពន្ធ​របស់​ខ្លួន​បាន​ប្រាប់​ថា សុំ​ទៅ​ទិញ​បង្អែម​នៅ​សួន​កុមារ​មួយ​ភ្លែត ដោយ​ទាញ​យក​ម៉ូតូ​របស់​ខ្លួន​ដែល​ជា​ម៉ូតូ​អង្គភាព​ជិះ​ចេញ​ទៅ រហូត​ដល់​ម៉ោង​៩​យប់ មិនឃើញ​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ម្យ៉ាងវិញទៀត​កូន​តូច​យំ​រក​ម្តាយ ក៏​រត់​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​តាម​រកប្រពន្ធ តែ​រក​គ្រប់​ច្រកល្ហក តាម​ផ្ទះសំណាក់ និង​កន្លែង​នានា​ពេញ​១​យប់​នៅ​តែ​មិ ន​ឃើញ ។

លោកនាយ​រង​ប៉ុស្តិ៍​ជា​ប្តី​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដោយ​សង្ស័យ​ថា​ជា​ប្រពន្ធ​របស់​ខ្លួន ខ្លួន​ក៏​ទៅ​ពិនិត្យ​ទើប​ស្គាល់​ថា ជា​សព​ប្រពន្ធ​របស់​ខ្លួន​មែន ។ លោក​បញ្ជាក់​ទៀត​ថា គ្រួសារ​របស់​ខ្លួន​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​នរណា​ម្នាក់​ទេ ហើយ​នាង​នៅ​តែ​ផ្ទះ​មើលថែ​ទាំ​កូន​ទាំង​២​នាក់​ប៉ុណ្ណោះ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា នៅ​យប់​វេលា​ម៉ោង​ប្រហែល​៨​យប់ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​បុរស​ម្នាក់​ចេញពី​ក្បែរ​ផ្ទះ​របស់​ខ្លួន​សំដៅ​ទៅ​ទិស​ខាងលិច ហើយ​ក៏​បាត់​ខ្លួន​រហូត​តែ​ម្តង ។ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ឃើញ​មាន​បុរស​ស្ត្រី​១​គូ​ជិះ​ម៉ូតូ​យ៉ាង​លឿន​សំដៅ​ទៅ​ព្រៃ​ខាងក្រោយ​ភូមិ ដល់​កន្លែង​កើតហេតុ​ក៏​ឮ​សូរ​សម្លេង​ឈ្លោះប្រកែក​គ្នា រួច​ក៏​ស្ងាត់​ទៅ​វិញ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ដេក​ស្លាប់​នៅ​ក្នុង​ប្រឡាយ ។ ចំណែក​ម៉ូតូ​ធ្លាក់​នៅ​ក្នុង​ផ្លូវ​ដាច់ រួច​ក៏​រា យ​ការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ចំណែក​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ កំពុង​តែ​ធ្វើការ​វាស់វែង និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ឈាន​ទៅ​រក​ចាប់​ឃាតករ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕