សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សហគមន៍​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​ស្វែង​រក​ការ​ឯកភាព​គ្នា

អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា បាន​រៀបចំ​វេទិកា​មួយ​ឲ្យ​ភាគី​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ចូល​រួម​ពិភាក្សា​រក​សេចក្ដី​សម្រេច​រួម​ដើម្បី​ដាក់​ជូន​ទៅ​អាជ្ញាធរ​ដីធ្លី ដែល​បដិសេធ​មិន​ចូល​រួម​ពិភាក្សា។

ប្រជាពលរដ្ឋ ១៥​រូប មក​ពី​សហគមន៍​បី​ផ្សេង​គ្នា នៃ​ឃុំ​បឹងប្រាំ ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់ដំបង មក​ចូលរួម​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​រំពឹង​ថា ពួកគេ​នឹង​អាច​រក​ដំណោះស្រាយ​សមស្រប​មួយ​សម្រាប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ។

ជំនួប​ពិភាក្សា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP)  ដែល​ប្រមែប្រមូល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រឿង​ដីធ្លី​ដើម្បី​មក​ផ្តល់​ប្រឹក្សា និង​ជួយ​សម្របសម្រួល​ដល់​សហគមន៍​ទាំង​បី គឺ​សហគមន៍​បឹង​ពីរ សហគមន៍​បឹង​បី និង​សហគមន៍​បឹង​ប្រាំ។

ប្រធាន​មជ្ឈមណ្ឌល ភី.ឌី.ភី លោក យង់ គិមអេង ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​អញ្ជើញ​មន្ត្រី​ក្រសួង​ដែនដី និង​នគរូបនីយកម្ម​ឲ្យ​មក​ចូល​រួម​វេទិកា​តាំង​តែ​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា កន្លង​ទៅ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ឡើយ។ នៅ​ព្រឹក​ថ្ងៃ ១១ តុលា លោក​បានទទួល​ទូរស័ព្ទ​ពី​ក្រសួង​ដែនដី បដិសេធ​មិន​ចូលរួម ក្រោម​ហេតុផល​ថា​រវល់​។

​ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ពី​ក្រសួង​មហាផ្ទៃ ពីរ​នាក់ គឺ​លោក ជាវ វិជ្ជាក់ ដែល​ជា​អនុ​ប្រធាន​នាយកដ្ឋាន និង​លោក ហែម សារ ដែល​ជា​អនុ​ប្រធាន​ការិយាល័យ យល់​ព្រម​ចូលរួម​តាម​ការ​អញ្ជើញ​របស់​អង្គការ ភី.ឌី.ភី ដើម្បី​មក​ស្តាប់​សហគមន៍ ប៉ុន្តែ​លោក​ទាំង​ពីរ​បដិសេធ​ក្នុង​ការ​ផ្តល់​បទសំភាសន៍​ដល់​អាស៊ីសេរី។

​សហគមន៍​បឹងពីរ ដែល​មាន​សមាជិក ២០៨​គ្រួសារ ឲ្យ​ដឹង​ថា សម្រាប់​ពួកគេ បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ដី​ដែល​ពួកគាត់​តែងតែ​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​មិន​ទាន់​ចេញ​ប្លង់​ឲ្យ ទោះ​បី​ជា​ពួកគេ​មាន​លិខិត​ស្នាម​ក៏ដោយ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ជីវិត​របស់​ពួកគេ​អាស្រ័យ​លើ​ស្រែ​ដំណាំ​លើ​ដី​នោះ។

ចំពោះ​សហគមន៍​បឹង​បី និង​បឹង​ប្រាំ បញ្ហា​គឺ​មាន​សភាព​ស្មុកស្មាញ។ សហគមន៍​បឹង​ប្រាំ ដែល​មាន​ប្រហែល ១.៣០០​គ្រួសារ ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ដី​សង្គមកិច្ច​ឲ្យ ប៉ុន្តែ​ចំណែក​នៃ​ដី​សម្បទាន​នោះ​ត្រូវ​បាន​សហគមន៍​បឹងបី ដែល​មាន​ជាង ២០០​គ្រួសារ​បាន​កាន់កាប់​ជាក់ស្ដែង​រួច​ទៅ​ហើយ។ ចំណែក​ដី​ដែល​ជាន់​គ្នា​នោះ ធ្វើ​ឲ្យ​សហគមន៍​ទាំង​ពីរ​នេះ មាន​ភាព​តានតឹង​នឹង​គ្នា​តាំង​ពី​២០១១។

ប្រធាន​មជ្ឈមណ្ឌល ភី.ឌី.ភី លោក យង់ គិមអេង ដែល​ជា​អ្នក​រៀបចំ​វេទិកា​មាន​ប្រសាសន៍​ថា អ្វី​ខាង​សង្គម​ស៊ីវិល ក៏​ដូចជា​អង្គការ​លោក​ចង់​បាន គឺ​ឲ្យ​មាន​ឯកភាពគ្នា​រវាង​សហគមន៍​ដែល​មាន​វិវាទ ជា​ពិសេស​សហគមន៍​បឹងបី និង​បឹងប្រាំ ដើម្បី​យក​សំណើ​រួម​របស់​ពួកគេ​ទៅ​ជូន​អាជ្ញាធរ​ដីធ្លី​ដែល​ជា​អ្នក​បង្ក​ភាព​ស្មុគស្មាញ​ពី​ដំបូង៖ «ភាគី​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​យើង​ឲ្យ​គាត់​មក​ជជែក​ពិភាក្សា គាត់​ដឹង​ថា គាត់​សុទ្ធ​តែ​ជា​ជនរងគ្រោះ​ដូច​គ្នា អ៊ីចឹង​ទំនាស់​ទាស់ទែង​លែង​មាន។ កាល​ពី​គាត់​សឹង​តែ​កាប់​គ្នា»

តំណាង​សហគមន៍​បឹង​ពីរ លោក ឈុត ម៉ៅ ដែល​មក​ពី​ឃុំ​ដូច​សហគមន៍​បឹងបី និង​ប្រាំ​ដែរ សង្កេត​ឃើញ​ថា ទំនាក់ទំនង​របស់​សហគមន៍​ទាំង​ពីរ មាន​ភាព​ល្អ​ប្រសើរ​ឡើង​ច្រើន​ក្រោយ​ការ​ជួប​ជជែក​ពិភាក្សា​ដែល​ផ្តល់​ក្តី​សង្ឃឹម​ដល់​លោក​ថា ដំណោះស្រាយ​នឹង​អាច​មាន​ឡើង៖ «ពិភាក្សា​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា នឹង​អាច​ដោះស្រាយ​គ្នា​បាន។ ពី​ដើម​មក​អត់​បាន​ទេ លី​ខ្វែវ​ដាក់​គ្នា។ ឥឡូវ​នេះ​ចូល​មក​ពិភាក្សា​ដោយ​មាន​អង្គការ​ជួយ​ផ្សះផ្សា រក​វិធី​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន»

សហគមន៍​ទាំង​បី ក្រោយ​ការ​ជជែក​អស់​រយៈពេល​ជិត ១​ថ្ងៃ បាន​ឯកភាព​លើ​សំណើ ៦ ដែល​នឹង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាមទារ​របស់​ពួកគេ​ទៅ​នឹង​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។