សារ​​ដ៏​មាន​ប្រយោជន៍​របស់​អ្នក​​ពូកែ​រន្ទះ​ជើង​​ក្នុង​ប្រដាល់​គុន​ខ្មែរ​

ក្នុង​ប្រដាល់​គុន​ខ្មែរ​មាន​ក្បាច់​ជា​ច្រើន​សម្រាប់​ផ្ដួល​លើ​គូ​ប្រកួត​ជាក់​​ដូច​ជា​ក្បាច់​ជង្គង់​ កែង​ ទាត់​ កណ្តាប់​ដៃ​ ទាត់ ធាក់​ជា​ដើម​ ប៉ុន្តែ​សម្រាប់​ការ​​ចេញ​អាវុធ​​​​បែប​ណា​ ​វា​​​អាស្រ័យ​​លើ​កីឡាករ​ និង​សមត្ថភាព​រៀង​ៗ​ខ្លួន ។​ ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​របស់​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរមួយចំនួន។​

 

 សារ​​ដ៏​មាន​ប្រយោជន៍​របស់​អ្នក​​ពូកែ​រន្ទះ​ជើង​​ក្នុង​ប្រដាល់​គុន​ខ្មែរ​លោកគ្រូ អេ ភូថង

 

អតីត​ស្ដេច​ប្រដាល់​ អេ​ ភូថង​ ដែល​ជា​អ្នក​ជំនាញ​ខាង​ប្រើ​ជើង​កាល​ពី​សម័យ​លោក​ប្រកួត​នោះ​បាន​ឲ្យ​ Sabay​ ដឹង​ថា​ កីឡាករ​ដែល​ពូកែ​ប្រើ​ជើង​ទាត់​មាន​​ផល​ល្អ​​ជាង​កីឡាករ​​ដែល​​ចេញ​​​​​ដៃ។​

 

វីដេអូ៖ រន្ទះ​ជើង​ អេ ភូថង

 

អតីត​អធិរាជ​សង្វៀន​រូប​នេះ​​ថា​ កីឡាករ​ដែល​ចេះ​ទាត់​បាន​ល្អ​នៅ​ពេល​ប្រកួត​ គេ​អាច​ប្រកួត​ដោយ​ប្រយោល​ក៏​បាន ​កៀក​ក៏​បាន។​ កីឡាករ​ងាយស្រួល​ទាត់​យក​ពិន្ទុ​ពី​ចម្ងាយ​ហើយ​អាច​ទាត់​ដៃ​គូ​ឲ្យ​ខូច​ដៃ​ឬ​ខូច​ជើង​យកជ័យជម្នះទៀតផង។ «កីឡាករ​ឥលូវ​ខ្ញុំ​មើល​ឃើញ​ មឿន​ សុខហ៊ុច ​ប្រើ​ជើង​បាន​ល្អ»៖​ សម្តី​អតីត​កីឡាករ​​ អេ​ ភូថង​។

 

សារ​​ដ៏​មាន​ប្រយោជន៍​របស់​អ្នក​​ពូកែ​រន្ទះ​ជើង​​ក្នុង​ប្រដាល់​គុន​ខ្មែរ​

កីឡាករ រឿង សុភ័ណ្ឌ

 

ចំពោះ​កីឡាករ​ រឿង​ សោភ័ណ្ឌ​ ដែល​ធ្លាប់​ប្រើ​ជើង​ផ្តួល​ ពេជ្រ​ សីហា​ យក​ខ្សែ​ក្រវាត់​ក្នុង​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​កីឡាករ​ណា​ដែល​ប្រើ​ជើង​ច្បាស់​គេ​មាន​ផល​ប្រយោជន៍ច្រើន ។​ ​កីឡាករ​​ខ្លាំង​​ជើង​អាច​ប្រើ​សម្រាប់​ទាត់​កាត់​ក្បាច់​ដៃ​គូ​ និង​ទាត់​យក​ពិន្ទុ​ពេញ​ផង​ដែរ។​

 

វីដេអូ៖ រន្ទះ​ជើង រឿង សោភ័ណ្ឌ​

 

ចំណែក​ជើង​ខ្លាំង​ម្នាក់​ទៀត​ដែល​ទើប​​យក​​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស​ថៃ​ មឿន​ សុខហ៊ុច​ លើក​ឡើង​មិន​ខុស​ពី​ រឿង​ សុភ័ណ្ឌ​ ដែរ​​ថា ចំពោះ​កីឡាករ​ដែល​ពូកែ​ប្រើ​ជើង​មាន​ផល​ប្រយោជន៍​ដូច​ជា​ ទាត់​យក​ពិន្ទុ​ ទាត់​ឲ្យ​ដៃ​គូ​​អន់​ថយ​កម្លាំង​ ជើង​ធ្ងន់​អាចទាត់​ឲ្យ​ដៃ​គូ​សន្លប់ឬបោះបង់ការប្រកួតតែម្ដង ។​

 

សារ​​ដ៏​មាន​ប្រយោជន៍​របស់​អ្នក​​ពូកែ​រន្ទះ​ជើង​​ក្នុង​ប្រដាល់​គុន​ខ្មែរ​មឿន សុខហ៊ុច ទាត់​លើ​ដៃ​គូ

 

អ្នក​ប្រដាល់​ខាង​លើ​​​សុទ្ធ​តែ​ជា​អ្នក​ដែល​ប្រើ​ជើង​បាន​ល្អ​​ក្នុង​នោះ​អតីត​ជើង​ខ្លាំង​ អេ​ ភូថង​ ធ្លាប់​ទាត់​ឲ្យ​ដៃ​គូ​ចុះ​ចាញ់​មិន​ថា​ខ្មែរ​ឬ​បរទេស​មិន​តិច​នោះ​ទេ។​ ជើង​ខ្លាំង​ រឿង​ សុភ័ណ្ឌ​ វិញ​ទាត់​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់របស់​ទូរទស្សន៍​ CNC​ រួច​គ្រង​ខ្សែ​ក្រវាត់​តែ​ម្ដង។​ ចំណែក​ សុខ​ ហ៊ុច​ វិញ​បើ​មើល​តាម​ការ​ប្រកួត​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​មក​ពី​ថៃ​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​សារ​ការ​ទាត់​របស់​គេ​នោះ​ដែរ។​ កីឡាករ​ជើង​ខ្លាំង​នេះ​ទាត់​ឲ្យ​ដៃ​គូ​ខូច​ដៃ​នៅ​ប្រកួត​ដំបូង​និង​ទាត់​ឈ្នះ​ពិន្ទុ​ដៃ​គូ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​រួច​នាំ​ខ្សែ​ក្រវាត់​មក​កម្ពុជា​តែ​ម្ដង៕​​
 

វីដេអូ៖ រន្ទះ​ជើង មឿន សុខហ៊ុច

 

អត្ថបទ៖​ នួន​ ស៊ីណា