សូម​ប្រុង​ប្រយ័ត្ន! វីរុស​ហ្ស៊ីកាទំនង​រីក​រាល​ដាលកាន់​តែ​ខ្លាំង ក្នុង​តំបន់​អាស៊ី

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា វីរុស​ហ្ស៊ីកា (Zika) ទំនង​ជា​រីក​រាល​ដាល​ខ្លាំង នៅ​ក្នុង​តំបន់​អាស៊ី។

 

ករណី​ឆ្លង​វីរុស​ហ្ស៊ីកា​រាប់​រយ ត្រូវ​បាន​រាយការណ៍ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ខណៈ ២​ករណី​ផ្សេង​ទៀត ទាក់ទង​នឹង​វីរុស​ហ្ស៊ីកា ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​កើត​ឡើង នៅ​ក្នុង​ប្រទេស​ថៃ។ វីរុស​ដែល​កើត​ចេញ​ពី​សត្វ​មូស​ប្រភេទ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​មាន​នៅ​ក្នុង​ប្រទេស​ចំនួន ៧០ នៅ​ទូទាំង​ពិភពលោក ខណៈ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​រហូត​ដល់​ទៅ ១៩ ប្រទេស។

 

សូម​ប្រុង​ប្រយ័ត្ន! វីរុស​ហ្ស៊ីកាទំនង​រីក​រាល​ដាលកាន់​តែ​ខ្លាំង ក្នុង​តំបន់​អាស៊ី

 

លោកស្រី Margaret Chan ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​បាន​និង​កំពុង​តែ​ស្វែង​រក​វិធី ដើម្បី​ទប់ទល់​ជាមួយ​នឹង វីរុស​ដ៏​កាច​សាហាវ​នេះ។ នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ នៅ​ឯ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៅ​ក្នុង​រាជធានី​ម៉ានីឡា នៃ​ប្រទេស​ហ្វីលីពីន អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា នៅ​តំបន់​អាស៊ី ទំនង​ជា​នឹង​បន្ត​រាយការណ៍​ករណី​ថ្មី និង​អាច​កើត​មាន​ការ​រីក​រាល​ដាល​ថ្មី នៃ​វីរុស​ហ្ស៊ីកា​នេះ​ទៀត​ផង។

 

គួរ​បញ្ជាក់​ថា វីរុស​ហ្ស៊ីកា អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​វា​អាច​ធ្វើ​ឲ្យ​ទារក កើត​មាន​ពិការ​ភាព​ពី​កំណើត​ធ្ងន់​ធ្ងរ រួម​ទាំង ការ​ខូច​ទ្រង់​ទ្រាយ​ខួរក្បាល ផង​ដែរ។ ការ​រីក​រាល​ដាល​ទ្រង់ទ្រាយ​ធំ ចុង​ក្រោយ​បង្អស់ មាន​ប្រភព​ដើម​ចេញ​ពី ប្រទេស​ប្រេស៊ីល។

 

សូម​ប្រុង​ប្រយ័ត្ន! វីរុស​ហ្ស៊ីកាទំនង​រីក​រាល​ដាលកាន់​តែ​ខ្លាំង ក្នុង​តំបន់​អាស៊ី

 

ហ្ស៊ីកា ជា​វីរុស​ចម្លង​តាម​មូស​ខ្លា​ញី ដែល​រក​ឃើញ​ដំបូង​​លើ​សត្វ​ស្វានៅ​ប្រទេស Uganda នៃ​ទ្វីប​អាហ្វ្រិក ក្នុង​ឆ្នាំ​១៩៤៧ និង​​លើ​មនុស្ស​នៅ​ឆ្នាំ ១៩៥២ នៅ Uganda និង​សាធារណរដ្ឋ តង់ហ្សានី។ ហ្ស៊ីកា ឆ្លង​តាម​រយៈ​មូស​ខ្លាញី​មានផ្ទុកវីរុសហ្ស៊ីកា និង​ជា​ជំងឺ​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​ក្នុង​ផ្ទៃ។ ​​ក្រោយ​រីករាលដាល​ខ្លាំង​នៃ​​ជំងឺ​នេះ គេ​សង្កេត​ឃើញ​ថា ទារក​កើតដែល​​មក​មាន​ក្បាល​តូច ទន់​ដៃជើង កូន​ស្លាប់​ក្នុង​ផ្ទៃ។ ហ្ស៊ីកា ជា​​ធម្មតា​បង្ក​ឱ្យ​មាន​ជំងឺ​​ស្រាល​មិន​ធ្ងន់ធ្ងរ ដែល​ចេញ​រោគសញ្ញា​នៅ​រយៈ​ពេល​ពីរ​ឬ​បី​ថ្ងៃ ក្រោយ​មូស​ខ្លា​ផ្ទុក​វីរុស​ខាំ។

 

អ្នក​ឆ្លង​ជំងឺនេះ មាន​រោគសញ្ញាគ្រុនក្ដៅ​តិចៗ ឈឺក្បាល កន្ទួល​ក្រហម​​លើ​ស្បែក។ អ្នក​ខ្លះ​ក្រហម​ភ្នែក ឈឺ​សាច់​ដុំ ឈឺ​សន្លាក់ និង​អស់​កម្លាំង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២ ទៅ ៧ ថ្ងៃ ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ថ្នាំ​បំបាត់​ការឈឺចាប់ និង​ផឹកទឹក សម្រាក​ឱ្យ​​បាន​ច្រើន។ ប៉ុន្តែ​បើ​រោគសញ្ញា​វិវត្ត​កាន់​តែ​អាក្រក់ អ្នក​ជំងឺ​ត្រូវ​ស្វែងរក​ការ​ផ្ដល់​ប្រឹក្សា​វេជ្ជសាស្ត្រ ប៉ុន្តែ​បច្ចុប្បន្ន គ្មាន​ការ​ព្យាបាល​ជាក់លាក់​ ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ឡើយ៕

 

សូម​ប្រុង​ប្រយ័ត្ន! វីរុស​ហ្ស៊ីកាទំនង​រីក​រាល​ដាលកាន់​តែ​ខ្លាំង ក្នុង​តំបន់​អាស៊ី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC