សែ​រាជវង្ស ឌួង សុវណ្ណរដ្ឋ បាន​ជួប​បុត្រី​ក្រោយ​ព្រាត់​ជិត ៤០ ឆ្នាំ​

ភ្នំពេញ: នៅក្រោយដំណើរយាងហោះហើរឆ្លងទ្វីបពីដែនកោះអូស្រ្តាលីទាំងតក់ក្រហល់របស់ ព្រះអនុជ ពៅ ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ មកបញ្ជាក់អត្តសញ្ញាណ លោកតាជរាកម្សត់ តា ប៉ក់ រស់បង្កប់ខ្លួនជាមួយរាស្ត្រក្រីក្រនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា លោកថាពិតជាសែក្សត្រ នាម ឌួង សុវណ្ណរដ្ឋ នោះ ក៏នាំផ្លូវឲ្យលោកតាសែក្សត្រកម្សត់ រកឃើញបុត្រី ដែលតែងគិតថា បិតា អស់ព្រះជន្ម។

នៅក្នុងបណ្តាញសង្គមនៅថ្ងៃទី ១០ ខែតុលានេះ បានផ្សព្វផ្សាយយ៉ាងព្រោងព្រាត ដែលបរិយាយភ្ជាប់ជាមួយរូបថត បង្ហាញពីសកម្មភាពមន្តលោកឆាន់រាប់បាត្រ ដោយបង្ហាញថាកម្មវិធីបុណ្យចម្រើនព្រះជន្មរបស់លោកតា ឌួង សុវណ្ណរដ្ឋ ហៅលោក តា ប៉ក់ ។ ទាននេះកើតឡើងពីកូនស្រី លោកតា ឌួង សុវណ្ណរដ្ឋ ដែលបានបែកគ្នាជិត ៤០ ឆ្នាំ នាម ឌួង សុជាតា និងនាម ឌួង កាម៉ុង ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១០ ខែតុលា។

Loading...

មើលឃើញពីការផ្សព្វផ្សាយ និងសំណេរបង្ហាញថា ជាកូនប្រុស និងកូនស្រី លោកតា ឌួង សុវណ្ណរដ្ឋ ដែលកាលពីល្បីធ្លាយព័ត៌មានដំបូងថា លោកតាសែរាជវង្សកម្សត់រស់បង្កប់ព្រះកាយជាមួយកូនចិញ្ចឹមជារាស្រ្តនោះ ក៏កើតមានចម្ងល់ជាច្រើន ដែលនាំបញ្ចេញមតិសួរថា តើកូនៗនោះជាកូនលោកតាពិតមែនឬ? ចុះពេលនេះបើក្នុងជួរក្សត្រក៏ទទួលស្គាល់ថា លោក តា វ័យ ៩៣ ឆ្នាំ ពិតជាសែក្សត្រហើយម៉េចក៏លោកតា នៅរស់នៅយ៉ាងកម្សត់ក្រោមដំបូលរាស្ត្រទៀត? ប៉ុន្តែចម្ងល់នេះក៏បានបំភ្លឺផងដែរ បន្ទាប់ស្រ្តីចំណាស់ម្នាក់ បញ្ជាក់តបនឹងបទសម្ភាសក្នុងក្រុមកម្ពុជាជាទីស្រឡាញ់។

សែ​រាជវង្ស ឌួង សុវណ្ណរដ្ឋ បាន​ជួប​បុត្រី​ក្រោយ​ព្រាត់​ជិត ៤០ ឆ្នាំ​

ក្នុងវីដេអូបកស្រាយនោះ ស្រ្តី ឈ្មោះ ឌួង សុជាតា ដែលមាននាមក្នុងបញ្ជីឈ្មោះជាអ្នកដើមបុណ្យបានប្រាប់ថា៖ «ខ្ញុំគឺជាកូនស្រីរបស់លោក ឌួង សុវណ្ណរដ្ឋ ដែលកន្លងមកសូម្បីក្តីស្រមៃកុំថាឡើយបានជួបមុខឪពុក សូម្បីតែធាតុលោកក៏មិនដឹងថាទៅរកនៅទីកន្លែងណាដែរ»។

ស្រ្តីចំណាស់ ដែលប្រកាសច្បាស់ជាបុត្រី អតីតសែក្សត្រ ជាអ្នកជំនិតព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បរិយាយថា៖ «គ្រាមួយ លោកឪពុកក៏បានដេញឲ្យខ្ញុំជាកូនស្រីតែមួយគត់ ប្រញាប់ចាកចេញពីប្រទេសថៃ ឡើងយន្តហោះទៅដល់ប្រទេសកាណាដា និងរស់នៅដោយគ្មានសាច់ញាតិមួយគ្រាប់រហូតពេលនេះ»។

លោកស្រីបានបញ្ជាក់ថា៖ «ពេលនោះ ខ្ញុំបានទៅដល់កាណាដា ពីរសប្តាហ៍ក៏ទំនាក់ទំនងមករកឪពុក តែគាត់ប្រាប់ថា បើកូនបានទៅដល់ទីសុខហើយឪអរណាស់ តែសូមកុំបារម្ភពីឪអី។ លុះក្រោយមក ខ្ញុំក៏ទទួលបានដំណឹងថា ឪពុកខ្ញុំគេបញ្ជូនចូលមកស្រុកខ្មែរវិញ និងមានគេប្រាប់ថា គាត់បានស្លាប់បាត់ហើយ។ ត្រង់ហ្នឹងហើយដែលខ្ញុំរស់នៅកាណាដា ទាំងភាពអស់សង្ឃឹមថា ជាតិនេះគ្មានឱកាសបានជួបមុខឪពុក»។

ក្នុងបទសម្ភាសដែលមិនមានបង្ហាញពីជំហរថា នឹងនាំយកឪពុកជាសែក្សត្រ ទៅរស់នៅទីដ៏សមនឹងកិត្តិសព្ទទ្រង់ក្សត្រនោះ ស្រ្តីនាម ឌួង សុជាតា ក៏បានបញ្ជាក់ថា៖ «ឱកាសបានជួបព្រះភក្ត្រអ្នកមានគុណក៏ដោយសារបណ្តាញសង្គម ទើបបានខ្ញុំរកឪពុកឃើញ និងបានមកជួបលោកធ្វើបុណ្យឲ្យលោក ដូចកូនដែលមានឪពុកដូចគេ ដែលក្តីសង្ឃឹមនេះជាង ៣០ ឆ្នាំមកនេះ គ្មានទេសម្រាប់កូនស្រីមួយនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍