​ចំនួន​​​អ្នក​ស្លាប់,​ រៀប​ការ​ និង​កើត​​ ​ក្នុងរាជ​​ធានីភ្នំពេញ​ត្រឹម​​រយៈពេល​​​៩​​ខែ​​

រាជធានី​ភ្នំពេញ​ ៖ បើលោក​ទូច វណ្ណ​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​អត្រានុកូលដ្ឋាន​រាជធានី​ភ្នំពេញបាន​​ឱ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា​ ​នេះ​ថា នៅ​​ក្នុងរាជធានី​ភ្នំពេញ​​ ​រយៈពេល​៩​ខែ​​ដើមឆ្នាំ​២០១៦ មាន​អ្នក​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៏​ចំនួន​៤៩១៩​គូ ​(​រៀប​ការ​ខ្មែរ​និង​ខ្មែរ​មាន​៤៧១២​គូ ខ្មែរ​​និង​បរទេស​២០៧​គូ​), កើត​១៣០៦០​នាក់ ​(បរទេស​៧​នាក់) និង​អ្នក​ស្លាប់មាន​ចំនួន​២៤៥៨​នាក់ (បរ​ទេស​១៥​នាក់) ដែល​ចំនួន​តួលេខ​នេះ អាជ្ញាធរ​បាន​ចុះបញ្ជី​ត្រឹមត្រូវ ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ទាំង​បណ្តោះអាសន្ន និង​រស់នៅ​អចិ​ន្ត្រៃ​មាន​ជិត​២​លាន​នាក់​ដោយ​មិន​ទាន់​គិត​ពី​ពលរដ្ឋ​ដែល​មក​រស់នៅ​ភ្នំពេញ​មិន​មានការ​ចុះបញ្ជី​ស្នាម ដូច​ជា​កម្មករ​ជាដើម ហើយ​ក្នុង​រយៈ​ពេល​៩​ខែ​ ដើមឆ្នាំ​២០១៦​ នេះ គិត​ពី​ថ្ងៃ​ទី០១​ មក​រា​ ដល់​៣០ ​កញ្ញា ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​បាន​ចំនួន​៤៥៤២១​នាក់ ក្នុង​នោះមាន​ចុះបញ្ជី​កំណើត​តាម​ច្បាប់​កំណត់​កូន​ដែល​កើត​ក្នុង​រយៈពេល​៣០​ថ្ងៃ​មាន​ចំនួន​១៣០៥៣​នាក់​ស្រី​៦២៧៥​​នាក់ និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ មាន​ចំនួន​២០០៦៥​នាក់ ស្រី​៩៦៨៣​នាក់ ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​​កន្លង​មក នៅ​ភ្នំពេញមាន​អ្នក​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ចំនួន​៦៧១៦​គូ (​រៀប​ការ​ខ្មែរ​ និង​ខ្មែរ​មាន​៦៤០៤​គូរ ខ្មែរ​និង​បរទេស​៣១២​គូ​)​ កើត​១៩៨៦៣​នាក់ ​ក្នុង​នោះ​បរទេស​២០​នាក់ និង​ស្លាប់មាន​ចំនួន​៣៦២៤​នាក់ បរទេស​២៧​នាក់

ចំណែក​ពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​មាន​ចំនួន​៦៤៦១៤​នាក់ ក្នុង​នោះមាន​ចុះបញ្ជី​កំណើត​តាម​ច្បាប់​កំណត់​កូន ​ដែល​កើត​ក្នុង​រយៈពេល​៣០ ​មាន​ចំនួន​១៩៨៤៣​នាក់​ ស្រី​៨៩១២​នាក់ និង​បញ្ជាក់​កំណើត​ក្រោយ​៣០​ថ្ងៃ មាន​ចំនួន​២៨៥៧៤​នាក់ ស្រី​១៣៩១៨​នាក់​ផង​ដែរ ៕