ពេលនេះ «បាក់ម៉ៃ» រឹតតែល្អ​ប្រសើរ​

ខេត្ត​មណ្ឌលគិរី ៖ លោក ឃុន ឌី​យ៉ូ​ន ប្រធាន​អង្គការ​សត្វ​ដំរី​បាន​ឱ្យដឹង​ថា ដំរី​ឈ្មោល​​ «បាក់​ម៉ៃ» បច្ចុប្បន្នគិតត្រឹមថ្ងៃទី១២ តុលា នេះ ​មាន​​ស្ថានភាព​ធូរស្រាល​ជាង​​មុន ហើយ​កំពុង​មាន​អ្នក​រស់នៅ​ខេត្តរតនគិរី​ទាក់ទង ​ដើម្បី​យក​ទៅ​ចិញ្ចឹម​បន្តទៀតផង ​។

លោក​​​បន្ត​ថា ឥឡូវនេះ​ ដំរី«បាក់​ម៉ៃ​» ត្រូវ​បាន​ហ្ម​យក​ចេញពី​កន្លែង​​ចង ទៅ​ឱ្យ​​រកចំណី​​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​​ប្រមាណ​១​គីឡូ​ម៉ែត្រ ក្រោម​ការ​ឃ្លាំមើល​ពី​ជំនាញ​ ។ ​លោក​ថា ដំរី​នេះ​ប្រហែលជា​អាច​ត្រូវ​យក​ទៅ​ចិញ្ចឹម​នៅ​ខេត្តរតនគិរី ព្រោះ​ពេល​នេះ ​គេ​កំពុង​តាមដាន​​បន្ត​ពី​សកម្មភាព​របស់​វា​ ។

យ៉ាងណា​ក៏​ដោយ​ គេ​នៅ​មិន​ទាន់​ស្គាល់​ពី​អត្តសញ្ញាណ​របស់​អ្នក​ដែល​ចង់​ទិញ​ដំរី​បាក់​ម៉ៃ​ទៅ​ចិញ្ចឹម​​ទេ ព្រោះ​ពេល​នេះ​គេ ​នៅ​សិក្សា​សិន​​ថា តើ​អាច​នាំ​យក​ដំរី​មួយ​ក្បាល​នោះ​ ទៅ​បាន​ឬ​អត់​ ។

គួររំលឹក​ថា ដំរី​ «​បាក់​អា​ម៉ៃ» មាន​អាយុ​៣២​ឆ្នាំ ដែល​ជា​សត្វ​ដំរី​ទេសចរ​ណ៍មួយ​ក្បាល​ នៅ​ភូមិ​ពូ​លុង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​​រម្យ បាន​ជាន់​ម្ចាស់​ស្លាប់ ​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​មក ហើយ​ត្រូវ​មន្ត្រី​ជំនាញ​ចាប់​ដាក់ច្រវ៉ាក់​ជើង ការពារ​វា​មិន​ឲ្យ​វាយ​ប្រហារ​មនុស្ស​បន្ត​ទៀត ខណៈ​ក្រុម​គ្រួសារ​ម្ចាស់​ដំរី​បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​វា បើសិនជា​មិន​អាច​ចាប់​បង្ក្រាប​វា​
បាន​។ ​ប៉ុន្តែ​ដោយ​មន្ត្រី​ជំនាញ​ការពារ​សត្វព្រៃ​មាន​បទ​ពិសោធ​ន៏​ខ្ពស់ អា​ម៉ៃ​ដែល​គ្រប់​គ្នា​គិត​ថា វា​បាន​ចុះប្រេង​ក្រពុលមុខ​ជាន់​ម្ចាស់​ស្លាប់ ត្រូវ​គេ​បាញ់ថ្នាំ​សន្លប់​រួច​ដាក់ច្រវ៉ាក់​ជើង រួច​ផុតពី​ទោស​ប្រហារជីវិត​ ។