ឃុំខ្លួន​កម្មការិនី​ម្នាក់ បន្លំ​យក​លុយ​ទៅ​ដូរ​រួច​យក​អង្រែ​បុក​គ្រឿង​វាយ​ប្លន់​ម្ចាស់​តូប

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១០ តុលា ២០១៦ បាន​បញ្ជូន​ស្ត្រី​ម្នាក់​ពាក់​ពន្ធ​ករណី​ប្រើ​អង្រែ​បុក​គ្រឿង​វាយ​ប្លន់​ជន​រង​គ្រោះ​ពេល​ដូរ​លុយ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ស្ត្រី​ជាប់​ពាក់​ពន្ធ​ករណី​នេះ​ឈ្មោះ ស៊ឹ​ម សុខលាភ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

មន្ត្រី​កងរាជអាវុធហត្ថ​បានអោយ​ដឹង​ថា ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែតុលា នៅ​ផ្សារ​ឃ្យូ​អឹ​ម​អាយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ជាប់ចោទ​ឈ្មោះ ស៊ឹ​ម សុខលាភ អាយុ​ប្រហែល​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែកឯ​ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងទេស ឈ្មោះ មាស ច​ន្ថា អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ស្វាយ​ខាងកើត ឃុំ​កំពង់ត្របែក ខេត្តព្រៃវែង និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ត្រូវ​២​អង្រែ​បុក​គ្រឿង ប៉ុន្តែ​សំណាងល្អ​រួច​ផុត​ពី​សេចក្ដីស្លាប់ ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់​គ្រឿងទេស​និង​ដូរ​លុយ​បាន​អះអាង​ថា រូប​គាត់​ត្រូវ​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ បន្លំ​យក​លុយ​ទៅ​ដូរ​នៅ​តូប​របស់​គាត់ ហើយ​ក្នុង​ខណៈ​ពេល​គាត់​កំពុង​ឱន​ចាក់សោ​ទូ​យក​លុយ​ឲ្យ ស្រាប់តែ​ស្ត្រី​ជា​ជនសង្ស័យ​នេះ​យក​អង្រែ​បុក​គ្រឿង ដែល​ច្រក​ក្នុង​ថង់​ពណ៌​ខ្មៅ​មួយ​វាយ​សំពង​គាត់​ពីក្រោយ បណ្ដាល​ឲ្យ​រង​របួស​ពក​ក្បាល​ក្នុង​បំណង​ប្លន់​យក​លុយ ។

ស្ត្រី​អាជីវករ​រូប​នេះ​និយាយ​ទៀត​ថា ប៉ុន្តែ​ខណៈនោះ​គាត់​មិន​បាន​ដួល​សន្លប់​ទេ ហើយ​ធ្វើការ​ប្រវាយប្រតប់​វិញ និង​ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ទើប​ជនសង្ស័យ​មិន​អាច​ប្លន់​យក​លុយ​បាន ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​បាន​ភ្លាម ក្នុង​ខណៈ​ពេល​ព្យាយាម​រត់គេច​ខ្លួន ។ មិនតែប៉ុណ្ណោះ ម្នាក់​ៗ​ប្រុង​វាយ​ថែម​ទៀត ប៉ុន្តែ​ដោយ​ខ្លាច​វាយ​ច្រឡំ​ទើប​មិន​មានការ​វាយដំ ។ ភ្លាម​ៗ​នោះ​ដែរ នគរបាល​បាន​ទៅ​អន្តរាគមន៍ តែ​ជន​រង​គ្រោះ​មិន​ព្រម​ប្រគល់​ស្ត្រី​សង្ស័យ​នោះ​ឲ្យ​នគរបាល​ទេ និង​ក្រោយមក​ក៏​ប្រគល់​ទៅ​ឲ្យ​ខាង​កងរាជអាវុធហត្ថ​យក​ទៅ​សាកសួរ​វិញ ។

ដោយឡែក​នាង​កម្មការិនី​ជាប់ចោទ​វិញ បាន​បដិសេធ​មិន​ទទួលយក​ការ​ចោទប្រកាន់​នោះ​ឡើយ និង​និយាយ​ថា នាង​គ្រាន់តែ​ជាន់​ដាន​ចោរ​ប៉ុណ្ណោះ ។ នៅ​ពេល​នាង​ទៅ​ដូរ​លុយ ស្រាប់តែ​ម្ចាស់​តូប​ចង្អុល​និង​ស្រែ​កថា​ចោរ​ៗ ទើប​នាង​ភ័យ​ខ្លាច​ហើយ​រត់​ចេញ​ក៏​ត្រូវ​គេ​ដេញចាប់​បាន និង​ចោទ​ថា​នាង​ជា​អ្នក​វាយ​ប្លន់​បែប​នេះ​ទៅ​វិញ ។

តែ​ទោះជា​យ៉ាងណាសមត្ត​កិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឃាត់​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ សាកសួរ ចម្លើយ​ជនសង្ស័យ បាន​ឆ្លើយ​ដូចនឹង​បណ្តឹង​របស់​ជន​រង​គ្រោះ​ដែរ ដោយ​ជនសង្ស័យ​បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក​ខ្លួន​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឲ្យ​ខុសច្បាប់​នោះ​ទេ តែ​នេះ​ចង់បាន​ប្រាក់​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ និង​ម្យ៉ាងទៀត​ខ្លួន​ជំពាក់​គេ​គ្មាន​លទ្ធភាព​សង ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ ។

ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​អយ្យការ​សាកសួរ​នៅឡើយ​ទេ ប៉ុន្តែ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​នោះ ជនសង្ស័យ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ៕