ត្រឡប់​ចូល​បន្ទប់​ជួល​ភ្លាម សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ត្រឡប់​ចូល​បន្ទប់​ជួល​វិញ បន្ទាប់​ពី​បាន​ប្រើ​ទួរណឺវីស​ចាក់​បុរស​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​រួច​រត់គេច​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ជៀវ ចើ​ត អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កើតហេតុ​និង​មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​សាគរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ចំណែក​យុវជន​រង​គ្រោះ ឈ្មោះ ធន់ វ៉ា​ន់​ដា ហៅ ឌី​ន អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​ភូមិ​ល្វា​ចោម ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រង​របួស​ចំ​ទ្រូង​ចំហៀង​ខាងឆ្វេង និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ប្រើ​ទួរណឺវីស​ចាក់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​ខណៈនោះ​ជន​រង​គ្រោះ និង​ជនសង្ស័យ រួម​ជាមួយ​មិត្តភក្ដិ​សរុប​៦-៧​នាក់​បាន​នាំ​គ្នា​ផឹកស៊ី​ជុំ​គ្នា​ហើយ​ក្រោយមក ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​កើតឡើង​រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះ រហូត​មានការ​ប្រទូស្ដ​រាយ​គ្នា​មួយ​ប្រាវ ហើយ​ជនសង្ស័យ​ក៏​បាន​យក​ទួរណឺវីស​ចាក់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​ដេក​សន្លប់ រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្តភក្ដិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ចំណែក​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ រហូត​២​ថ្ងៃក្រោយ​ទើប​ឃើញ​ជនសង្ស័យ​ចូល​ផ្ទះ​ជួល​ក៏​បាន​ចាប់ខ្លួន​តែ​ម្ដង ៕