Park Geun-hye មាន​សង្ឃឹម​ចំពោះ​ការ​សហការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ខាងត្បូង និង​ជប៉ុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រធានាធិបតី​របស់​កូរ៉េ​ខាងត្បូង អ្នកស្រី Park Geun-hye បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​កាលពី​ថ្ងៃ​ចន្ទ​ចំពោះ​ដំណើរការ​សហការ​រវាង​សហគមន៍​អាជីវកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន ។

ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ក្រុង​សេ​អ៊ូ​ល Sadayuki Sakakibara អគ្គនាយក​នៃ​សហព័ន្ធ​អាជីវកម្ម​ជប៉ុន ឬ Keidanren បាន​ប្រាប់​ទៅ​កាន់​អ្នកស្រី Park ថា សហព័ន្ធ​នេះ​មាន​គម្រោង​លើកតម្កើង​ការ​សហការ​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។

អ្នកស្រី Park បាន​ទទួល​ស្វាគមន៍​គម្រោង​នេះ ដោយ​គិត​ថា វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ហើយ​អ្នកស្រី​សង្ឃឹមថា នឹង​ដំណើរការ​ទៅ​មុខ ។

កាលពី​ថ្ងៃ​ចន្ទ អ្នកតំណាង​មក​ពី Keidanren និង​សហព័ន្ធ​ឧស្សាហកម្ម​កូរ៉េ បាន​បើក​កិច្ចប្រជុំ​នៅ​ក្រុង​សេ​អ៊ូ​ល និង​យល់​ស្រប​ថា នឹង​ពង្រឹង​ការ​សហការ ក៏​ដូច​ជា​ចែករំលែក​នូវ​វិធីសាស្ត្រ រៀបចំ និង​ឆ្លើយ​តប​ទៅ​លើ​គ្រោះ​ធម្មជាតិ ដូច​ជា​ការ​រញ្ជួយ​ដី​ជាដើម ។

លោក Sakakibara បាន​ប្រាប់​ទៅ​កាន់​អ្នកកាសែត​ថា ៖ « ជាមួយនឹង​កិច្ចប្រជុំ​ទ្វេភាគី​ដែល​នឹង​ប្រព្រឹត្ត​ឡើងជា​បន្តបន្ទាប់ ប្រទេស​ទាំង​ពីរ​បាន​បើកផ្លូវ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​កើត​មាន​មក​ជា​យូរលង់​ណាស់​មក​ហើយ គឺ​បញ្ហា​ស្ត្រី​បម្រើ​ការ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជានា​រី​ជួញដូរ​ផ្លូវភេទ​សម្រាប់​កង​ទាហាន​ជប៉ុន មុន​និង​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២ » ។

លោក​បន្ត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺ​កំពុង​តែ​ដំណើរ​ទៅ​មុខ និង​មាន​ស្ថិរភាព ដោយ​មាន​ក្រុម​អាជីវកម្ម​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើន​សកម្មភាព​ផង​ដែរ ៕