ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​៣​នាក់ និង​ថ្នាំ​ជិត​៣០​កញ្ចប់

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​៣​នាក់ និង​ថ្នាំ​ជិត​៣០​កញ្ចប់



កណ្តាល​: កម្លាំង​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ជា​បន្តបន្ទាប់ ក្នុង​ចំណោម ៣ នាក់ និង​ដកហូត​ថ្នាំ​ជិត ៣០ កញ្ចប់​។ ករណី​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៤ រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

នគរបាល​ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ដែល​ឃាត់ខ្លួន ឈ្មោះ ង​ន ភារ​ម្យ (​ហៅ ហេវ​) ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ។ ឈ្មោះ វ៉ យុំ​ា​ត្រាវ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ខាន់​បិ​ន ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង (​ប្រទេស​វៀតណាម​) មុខរបរ មិន​ពិតប្រាកដ និង​ម្នាក់​ដែល​គេចខ្លួន ឈ្មោះ ង្វៀ​ង យ៉ាំ​ង​គ្រឿង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ប្រទេស​វៀតណាម ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុ​តាង​ដកហូត​បាន​មាន ម្សៅ​ក្រាម ពណ៌​ស​ថ្លា សារធាតុ​ញៀន (​ម៉ា​ទឹកកក Ice) ចំនួន ២៧ កញ្ចប់ (​ធំ ២ តូច ២៥) -​ទូរស័ព្ទ​ចល័ត​ចំនួន ៣ គ្រឿង ។

ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាជន​ល្អ​ថា មាន​ជនសង្ស័យ ជា​មុខសញ្ញា​គ្រឿងញៀន កំពុង​លក់​គ្រឿងញៀន និង​តាម​ការ​ចុះ​ស្រាវជ្រាវ អស់​រយៈពេល​៥​ថ្ងៃ រហូត​ដល់​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ នគរបាល​ស្រុក​កោះធំ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន បាន​ចុះ​បង្ក្រាប​មុខសញ្ញា ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​ឃាត់ខ្លួន មុខសញ្ញា​សង្ស័យ​ចំនួន ១ នាក់ ឈ្មោះ ង​ន ភារ​ម្យ (​ហៅ ហេវ​) ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រួម​និង​ថ្នាំ​ញៀន​មួយ​ចំនួន ២​កញ្ចប់​នូវ​ជាប់​បឹង​ខ្លួន​ជនសង្ស័យ ។

ជនសង្ស័យ ឈ្មោះ ង​ន ភារ​ម្យ បាន​ឆ្លើយ​សារភាព​ថា ចំពោះ​ថ្នាំ​ញៀន​នេះ គឺ​ពិតជា​របស់​ខ្លួន ទិញ​យក​មក​ទុក​លក់ ប្រាកដ​មែន ហើយ​រូប​ខ្លួន​ទិញ មក​អោយឈ្មោះ ង្វៀ​ង យ៉ាំ​ង​គ្រឿង ដែល​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជាមួយ​ខ្លួន យក​ទៅ​លក់​បន្ត​រាល់ថ្ងៃ  ។

ថ្នាំ​ញៀន​ខាងលើ ឈ្មោះ ហេវ បាន​សារភាព​ថា ទិញ​ពី​ភ្នំពេញ ម្តុំ​ច្បារ​អំពៅ តែ​មិន​ស្គាល់ឈ្មោះ អ្នកលក់​ទេ ដឹង​ត្រឹម​ថា យក​លុយ​វេរ​ឲ្យ​គេ គេ​ក៏​ឲ្យទៅ​យក​នៅ​ទីកន្លែង​ណាត់ ។

លុះ​នៅ​វេលា​ម៉ោង ៨:៣០ យប់​ថ្ងៃ​ដដែល ក្រោយ​ពេល​ទទួល​បាន បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​លោក លឹ​ម សុ​គ​ន្ថា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្ដាល បញ្ជា​ឲ្យ​ឆែកឆេរ​ផ្ទះ​ជួល ដែល​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​គ្រឿង ស្នាក់​នៅ ទើប​សមត្ថកិច្ច​បាន​ចុះ​ដល់ បន្ទប់​ផ្ទះ​ជួល​ខាងលើ ហើយ​បាន​ឃាត់ខ្លួន ជនសង្ស័យ ១ នាក់ ឈ្មោះ វ៉ យ៉ាំ​ង​ត្រាវ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ

វៀតណាម នៅ​ក្នុង​បន្ទប់​ជួល និង​ឆែកឆេរ​រក​ឃើញ ថ្នាំ​ញៀន​ចំនួន ២៥ កញ្ចប់​តូច នៅ​ក្នុង​បន្ទប់​។ ចំណែក​ជនសង្ស័យ ង្វៀ​ង យ៉ាំ​ង​គ្រឿង បាន​រត់គេច​ខ្លួន​បាត់ មុន​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ចំនួន ២៧ កញ្ចប់ ត្រូវ​បាន បញ្ជូន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ៕