បើករថយន្ត​បុក​កន្ទុយ​រថយន្ត​ចត នៅ​ចិញ្ចើម​ផ្លូវ គាប​ស្លាប់ ក្នុង​កាប៊ី​ន

បើករថយន្ត​បុក​កន្ទុយ​រថយន្ត​ចត នៅ​ចិញ្ចើម​ផ្លូវ គាប​ស្លាប់ ក្នុង​កាប៊ី​ន



ភ្នំពេញ​: បុរស​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ដោយ​គាប​ជាប់ នៅ​ក្នុង​កាប៊ី​ន​រថយន្ត បន្ទាប់​ពី​បើករថយន្ត ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​កន្ទុយ​រថយន្ត ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់ ដ៍​រន្ធត់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង ១១ យប់​ថ្ងៃ​ទី​១១ តុលា ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវ​៥៩៨ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

ចំណែក​ជន​រង​គ្រោះ ដែល​ស្លាប់​នៅ​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ​នោះ​ទេ​។ ក៏​ប៉ុន្តែ​អ្នក​បានឃើញ ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ១ គ្រឿង ម៉ាក RAV4 ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-5978 បើក​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត ដែល​គេ​ចត​ចោល នៅ​លើ​ចិញ្ចើម​ផ្លូវ ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់ គាប​ជាប់​នៅ​ក្នុង​រថយន្ត​តែ​ម្តង​។ 

ក្រោយ​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​មក​អន្តរាគមន៍ និង​ជួយ​គាស់​យក​ជន​រង​គ្រោះ មក​ក្រៅ និង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​។ ដោយឡែក វត្ថុ​តាង​ពាក់ព័ន្ធ សមត្ថកិច្ច បាន​យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​បន្ត​តាម​នីតិវិធី​៕