តម្លៃ​ប្រាក់​បាត និង​ភាគហ៊ុន​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ

ប្រទេស​ថៃ ៖ ស​ន្ទ​ស្សន៍​ភាគហ៊ុន​ធំ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ប្រមាណ​៣,៦%​នា​ថ្ងៃ​ទី​១០ តុលា ស្រប​នឹង​តម្លៃ​ប្រាក់​បាត​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ បន្ទាប់​ពី​ព្រះរាជវាំង​ប្រកាស​ថា សុខភាព​របស់​ព្រះរាជា Bhumibol Adulyadej ដែល​មាន​ព្រះ​ជន្ម​៨៨​វស្សា ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹងនរ ។

ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​បាន​ប្រមាណ​ជិត​១​ខែ​មក​ហើយ ហើយ​ពេល​នេះ​ធ្លាក់​ចុះ​២,៩%​ឯណោះ ។ ចំណែកឯ​តម្លៃ​ប្រាក់​បាត​វិញ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៣៥.០៦៥​បាត​ក្នុង​១​ដុល្លារ ដែល​ជា​តម្លៃ​ទាប​បំផុត​តាំងពី​ថ្ងៃ​ទី​២៦ កក្កដា កន្លង​មក ។

អ្នកវិភាគ​សេដ្ឋកិច្ច​សិង្ហ​បុរី​ម្នាក់​និយាយ​ថា ៖ « ទីផ្សារ​តែង​មាន​ប្រតិកម្ម​ច្រើន​ទៅ​លើ​ព័ត៌មាន​ទាក់ទង​នឹង​គ្រួសារ​រាជវង្ស ជាង​ទៅ​លើ​ស្ថានភាព​នយោបាយ ។ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​បាន​ផ្សាយ​ជា​ញឹកញាប់ ហើយ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​តម្លៃ​ប្រាក់​បាត និង​ទីផ្សារ​ភាគហ៊ុន » ។

ចំណែក​អាជីវករ​ម្នាក់​ក្នុង​ក្រុង​បាងកក​និយាយ​ថា ៖ « សុខភាព​របស់​ព្រះរាជា គឺជា​ការ​ព្រួយបារម្ភ​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​បរទេស » ។

ព្រះរាជ​រាំង​បាន​ចេញ​សេចក្តី​ប្រកាសមួយ​កាលពី​ថ្ងៃអាទិត្យ​ថា ព្រះរាជា​របស់​ព្រះរាជាណាចក្រ​ថៃ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​នឹងនរ បន្ទាប់​ពី​ទទួល​ការ​លាង​ឈាម​រួច​មក ។ វេជ្ជបណ្ឌិត​បាន​ផ្តល់​ឱសថ​មួយ​ចំនួន និង​បំពាក់​ប្រដាប់​ជំនួយ​ដង្ហើម​ជូន​ទ្រង់​ដើម្បី​ឲ្យ​សម្ពាធ​ឈាម​ល្អ​ធម្មតា​ឡើង​វិញ ។

ព័ត៌មាន​ទាក់ទង​នឹង​ព្រះរាជា គឺ​ត្រូវ​បាន​សង្កេត​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រទេស​ថៃ ។

គួរ​បញ្ជាក់​ថា ព្រះរាជវាំង​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១ តុលា កន្លង​មក​ថា ស្ថានភាព​របស់​ទ្រង់​បាន​ល្អ​ជាង​មុន​ហើយ ។ ទ្រង់មាន​ជំងឺ​ទឹក​ក្នុង​ខួរក្បាល ដែល​នាំ​ឲ្យ​ទ្រង់​ទទួល​ការ​ព្យាបាល​អស់​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​កន្លង​មកនេះ ៕