អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

របបដឹកនាំកុម្មុយនីសចិន នៃប្រធានាធិបតីសព្វថ្ងៃ លោក ស៊ី ជិនពីង (Xi Jinping) កំពុងបន្តធ្វើ​យុទ្ធនាការ ប្រឆាំង​នឹង​អំពើ​ពុករលួយ ដោយបានកាត់ទោសប្រហារជីវិត អតីតមន្ត្រី​ជាន់​ខ្ពស់​ម្នាក់ កាល​ពី​ថ្ងៃ​អាទិត្យ។
អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

លោក ស៊ី ជិនពីង ប្រធានាធិបតីសព្វថ្ងៃ នៃសាធារណរដ្ឋប្រជាមានិតចិន។ (រូបថត AP)

អតីតមន្ត្រីទទួលខុសត្រូវ ជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប ដែលត្រូវបានរកឃើញ ថាបានទទួលប្រាក់សំណូក ច្រើន​ជាង​២៤០លានយ័ននោះ ត្រូវបានផ្ដន្ទាទោស ប្រហារជីវិត កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែការផ្តន្ទាទោសបែបនេះ ជា​ទូទៅ​តែង​បន្ថយមកអនុវត្តន៍ ត្រឹមជាការជាប់ទោសក្នុងពន្ធនាគារ អស់មួយជីវិតប៉ុណ្ណោះ។

តាំងពីឡើងកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិនកុម្មុយនីស នៅឆ្នាំ២០១២នោះមក លោក ស៊ី ជិនពីង (Xi Jinping) បានបើកយុទ្ធនាការដ៏សម្បើមមួយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ដែលបានស៊ីរូងផ្ទៃក្នុង នៃ​ប្រព័ន្ធ​ដឹកនាំចិន ដែលមានទម្រង់បែបការិយាធិបតេយ្យ ដ៏ចាក់ឫសស្រាប់នោះផង។ សម្រាប់ក្រុមអ្នកវិភាគ បាន​យល់​ឃើញ​ថា ចំណាត់ការទាំងឡាយ នៅក្នុងយុទ្ធនាការនេះ ជៀសមិនផុតឡើយ ពីការជាប់ពាក់ព័ន្ធ ជា​មួយ​ឥទ្ធិពលនយោបាយ។

អតីមន្ត្រីជាប់ទោសខាងលើ គឺជាបងធំទីមួយ រវាងពីឆ្នាំ២០០១ មកទល់ឆ្នាំ២០១១ របស់គណបក្ស​កុម្មុយនីស​ចិន ប្រចាំនៅក្នុងខេត្ត យន់ណាម (Yunnan) ស្ងិតក្នុងភាពខាងត្បូង នៃប្រទេសចិន។ លោកត្រូវបាន​ដក​ចេញ​ពី​តំណែង​នៅពេលក្រោយមក មុននឹងរងនូវចំណាត់ការ ពីសំណាក់តុលាការប្រជាជនចិន នៅឆ្នាំ២០១៤ ទាក់​ទង​នឹង​អំពើ​ពុករលួយ។

តុលាការ​បានរកឃើញថា លោកបានទទួលសំណូក ដើម្បីជាថ្នូរទៅនឹងការផ្ដល់ច្បាប់អនុញ្ញាត ក្នុងសំនុំរឿង​អចលនវត្ថុ និងគម្រោងជីកយករ៉ែ។ អតីតមន្ត្រីជាន់ខ្ពស់រូបនេះ ក៏មានជាប់ពាក់ព័ន្ធដែរ ទៅនឹងការ​ទទួល​លាភ​សង្ការៈ ដើម្បី​ការ​តែងតាំងតំណែងខ្ពស់ៗ សម្រាប់កៅអីនយោបាយមួយចំនួន។

បើតាម​សារព័ត៌មានចិន «Chine nouvelle» បាន​រាយការណ៍​ ឲ្យ​ដឹង​បន្ថែមថា អតីតអ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ពីរ​នាក់​ផ្សេង​ទៀត ក៏ទើប​នឹង​ទទួល​​ការ​ផ្តន្ទាទោស​ដូច​គ្នា​នេះ ទាក់ទង​នឹង​អំពើ​ពុករលួយ​ និងរំលោភ​លើ​តួនាទី៕