ផ្ទុះ​ចចាមអារ៉ាម ក្រោយ​នាយពាក់មី និងនាយគ្រឿនច្រៀង «កំពូលល្ងង់នៅអាស៊ី»

រាជធានីភ្នំពេញ ៖ ​«​កំពូល​ល្ងង់​​នៅ​អាស៊ី​»​ បាន​ចេញ​បទ​ចម្រៀង ​ច្រៀងដោយ​នាយ​ពាក់​មី ​និង​នាយ​គ្រឿន​ កំពុង​ល្បី​ និង​​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ពី​បណ្តាញ​សង្គម​​ហ្វេ​ស​បុក ​​រហូត​មានការ​ទទួល​ស្កាល់​ពី​ទស្សនិកជនជាច្រើន ​​។

មាន​ការ​កត់សម្គាល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​បទ​ «​កំពូល​ល្ងង់​នៅ​អាស៊ី​»​ របស់​ផលិតកម្ម​ថ្មី Galaxy ដែល​បកស្រាយ​ ដោយ​នាយ​ពែ​ក​មី និង​នាយ​​គ្រឿន ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ក្នុង​ពេល​បទ​ថ្មី​នេះ មិនមែន​ជា​បទ​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន ​។

មនុស្ស​ជា​ច្រើន​​បាន​ផ្ដោត​ការ​សង្ស័យ​ថា​ តារា​កំប្លែង​ទាំងពីរ​នាក់​ប្រហែលជា​ចេញពី​ទ្រនំ​ចាស់​ មក​កាន់​ទ្រនំ​ថ្មី ប៉ុន្តែ​ត្រូវ​បាន​ប្រភព​ផ្លូវ​ការ​​បដិសេធ​ ។

ឆ្លើយ​តប​នឹង​ការ​ចេញ​បទ​ចម្រៀង​នៅ​ក្រៅ​​ផលិតកម្ម​ថោ​ន ហើយ​ស្រាប់តែ​បទ​នោះ​ ទទួល​បានការ​គាំទ្រខ្ពស់ ​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល ។

លោក ឡេ​ង ណា​វ៉ា​ត់​ត្រា ចាងហ្វាង​ផលិតកម្ម Galaxy បាន​អះអាង​ថា នាយ​ពែ​ក​មី និង​នាយ​គ្រឿន ទទួល​ច្រៀង​បទ​នោះ​នៅ​ក្នុង​ផលិតកម្ម​របស់​លោក មិនមែន​ក្នុង​ន័យ​មក​ធ្វើ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​លោក​នោះ​​ទេ គឺ​ដោយសារ​តែ​តារា​ទាំង​ពីរ​ ជា​តារា​សម្ដែង​ក្នុង​រឿង​ «​កំពូល​ល្ងង់​នៅ​អាស៊ី​»​ ដែល​ផលិតកម្ម​របស់​លោក​ផលិត​ឡើង​​ប៉ុណ្ណោះ​ ។

យ៉ាង​ណាមិញ លោ​កថា​បទ​នោះ ​ក្រៅពី​ដាក់​ក្នុង​ភាពយន្ត ក៏​នឹង​ដាក់​បញ្ចូល​​ក្នុង​ផលិតកម្ម​ចម្រៀង ដើម្បី​វាយលុក​ទីផ្សារ​សម្រាប់​បទ​ថ្មី​របស់​ផលិតកម្ម​ចម្រៀង​ដូច​គ្នា​។

លោក​​និយាយ​ថា​ នាយ​ពែ​ក​មី និង​នាយ​គ្រឿន នៅ​តែ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​ដដែល​ទេ ប៉ុន្តែ​មក​ពី​អ្នក​ទាំង​ពីរ​ទទួល​ការ​អនុញ្ញាតឱ្យ​​ថត​បទ​ «​កំពូល​ល្ងង់​នៅ​អាស៊ី​»​ សម្រាប់​ដាក់​ក្នុង​រឿង និង​ដើម្បី​ធ្វើ​បទ​ថ្មី​របស់​ផលិតកម្ម​ចម្រៀង ទើប​បទ​មួយ​នេះ​ត្រូវ​បាន​ច្រៀង​ឡើង​ ។

លោ​កថា បទ​នេះ ជា​ស្នាដៃ​និពន្ធ​ថ្មី​ទាំងស្រុង ហើយដោយ​មាន​អត្ថន័យ​កំប្លុកកំប្លែង​នោះ​ផង ទើប​ស្នាដៃ​មួយ​នេះ ទទួល​ការ​ចាប់​អារម្មណ៍​រហូត​មានការ​ចាប់អារម្មណ៍​តារា​ទាំង​ពីរ​ប្រហែលជា​រត់​មក​ធ្វើ​ជា​តារាចម្រៀង​ផ្ដាច់មុខ​ឱ្យ​​ផលិតកម្ម​របស់​លោក​វិញ​។

លោ​កថា​ បទ​ហ្នឹង​នឹង​សម្រេច​ធ្វើ​MV មួយ​ថ្មី ដោយ​មិន​ស្រង់​យក​ឈុត​ក្នុង​រឿង ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ យក​មក​ដាក់​បែប​ហ្នឹង​ទៀត​ទេ ដើម្បី​បទ​មួយ​នេះ កាន់តែ​មានការ​គាំទ្រ​នៅ​ក្នុង​វិស័យ​ចម្រៀង​។ លោក​និយាយ​ថា​«​ដោយសារ​បទ​ហ្នឹង​ជា​បទ​ថ្មី​របស់​ផលិតកម្ម Galaxy ហើយ​ពួក​គាត់​ច្រៀង ទើប​អ្នកខ្លះ​យល់​ច្រ​លំ ប៉ុន្តែ​ការ​ពិត​លោក​ពែ​ក​មី និង​គ្រឿន នៅ​តែ​ជា​តារាចម្រៀង​របស់​ថោ​ន​ដដែល​ទេ តែ​បទ​ហ្នឹង​យើង​សុំ​សិទ្ធិ​ចេញ​ជា​បទ​ក្នុង​ផលិតកម្ម​ចម្រៀង​បាន​»​។

លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា បាន​អះអាង​ថា​​ បទ ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ មិនមែន​ជា​បទ​ទី​១​របស់​ផលិតកម្ម Galaxy ដែល​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​នោះ​ទេ ដ្បិត​ពេល​កន្លង​មក​បទ​ចំនួន​៣​ដូច​ជា​បទ ​«​សង្សារ​ស្រី​ខារ៉ាអូខេ​» បទ​«​អ​ច្ចា​រ្យ​ស្នេហា​អ្នក​ប្រដាល់​» ច្រៀង​ដោយ​លោក ម៉ា​រ៉ា ប៊ុ​ណ្ណា និង​បទ​«​យល់​តែ​អារម្មណ៍​ខ្លួនឯង​»​ច្រៀង​ដោយ​រូប​លោក​ផ្ទាល់ ក៏​ទទួល​បានការ​គាំទ្រ​ដូច​គ្នា​បែប​នេះ​ផង​ដែរ​។ លោក​ថា​ក្នុង​ពេល​ដ៏​ខ្លី​ខ្សែ​រឿង​«​កំពូល​ល្ងង់​នៅ​អាស៊ី​» ដែល​ថត​ជិត​ចប់​នឹង​ត្រូវ​ដាក់​បញ្ចាំង ហើយ​បទ​«​កំពូល​ល្ងង់​នៅ​អាស៊ី​»​ក៏​នឹង​មាន​MV មួយ​ថ្មី​ដាច់​ដោយឡែក​ពី​ឈុត​ក្នុង​រឿង ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​នោះ​ផង​ដែរ​៕