ជនជាតិ​យួន​ចូលមក​រុករក​រ៉ែ​ក្នុងស្រុក​កូន​មុំ ខេត្តរតនគិរី តាម​អំពើ​ចិត្ត​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពីរ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ពួកគាត់​ប្រទះឃើញ​ជនជាតិ​យួន​មួយក្រុម​កំពុង​បោះ​រោងស្នាក់នៅ​និង​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ខួង​ដី​ជាច្រើន​កន្លែង​ក្នុង​តំបន់ភ្នំ​លាក់​កាំភ្លើង ដើម្បី​រុករក​រ៉ែ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​ត្រួតពិនិត្យ​សកម្មភាព​របស់​ជនជាតិ​យួន​ជាបន្ទាន់ ព្រោះ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក ហ៊ុន ប៊ុន​ថា​ន និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​មក​ធ្វើ​សកម្មភាព​រុករក​រ៉ែ​នៅក្នុង​តំបន់ភ្នំ​លាក់​កាំភ្លើង​តទៅទៀត​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ពីរ ឃុំ​ត្រពាំង​ក្រហម បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​ទីតាំង​ដែល​ជនជាតិ​យួន​កំពុង​ខួង​រ៉ែ​និង​បាន​ថតរូប​រណ្ដៅ​រ៉ែ​ដែល​ខួង​រួច​ទៀតផង ហើយ​បាន​យក​ភស្ដុតាង​ទាំងនោះ​ទៅ​ប្រគល់​ឲ្យ​ការិយាល័យ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦​។ តំណាង​ប្រជាពលរដ្ឋ​ភូមិ​ពីរ បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​មួយក្រុម​មាន​គ្នា​៦​នាក់​សង់រោង​ប្រក់​កៅស៊ូ​តង់​នៅ​ជើងភ្នំ​លាក់​កាំភ្លើង ហើយ​ប្រើ​ម៉ាស៊ីន​ដើរ​ខួង​រ៉ែ​នៅ​ជួរ​ភ្នំ​លាក់​កាំភ្លើង​និង​ជើងភ្នំ​ទៀន តាំង​ពីមុន​រដូវ​បុណ្យ​ភ្ជុំ​រហូតមកដល់​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ត្រពាំង​ក្រហម មិន​ចាត់វិធានការ​ទប់ស្កាត់​ទេ បើទោះបី​អ្នកភូមិ​រាយការណ៍​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

ចំណែក​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី បាន​អះអាងថា សកម្មភាព​ប្រើ​ម៉ាស៊ីន​ខួង​រ៉ែ​ជា​អំពើ​រំលោភច្បាប់ ពីព្រោះ​ក្រសួង​រ៉ែ និង​ថាមពល មិន​បានចេញ​អាជ្ញាប័ណ្ណ​ណាមួយ​ឲ្យ​ជនជាតិ​យួន​ទាំងនោះ​ធ្វើ​អាជីវកម្ម​ឬ​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​ក្នុង​តំបន់​នោះទេ​។ លោក ហ៊ុន ប៊ុន​ថា​ន បានបញ្ជាក់​ទៀតថា កន្លងមក​ធ្លាប់មាន​ក្រុមហ៊ុន​យួន​ទាក់ទង​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ថ្ម​ម៉ាប​នៅ​ស្រុក​កូន​មុំ ប៉ុន្តែ​គ្មាន​ឯកសារ​ស្នើសុំ​ជា​ផ្លូវការ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ថា ក្រោយពេល​លោក ហ៊ុន ប៊ុន​ថា​ន បានដឹង​រឿង​ជនជាតិ​យួន​ចូលមក​រុករក​រ៉ែ​នៅ​តំបន់ភ្នំ​លាក់​កាំភ្លើង​នោះ គួរ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ កុំ​ឲ្យ​បទល្មើស​កើតឡើង​តទៅទៀត​។ ទន្ទឹមនឹងនេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ហ៊ុន ប៊ុន​ថា​ន ខ្លះ​ផង​ព្រោះ​កន្លងមក​បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ហ៊ុន ប៊ុន​ថា​ន គិតតែ​ពី​រឿង​ផលប្រយោជន៍​៕

vayo3ph

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

image