ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង នៅតែ​ទទួលរង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នេះ ពុំមាន​លទ្ធភាព​បង្ក្រាប​បទល្មើស​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ជាបន្ទាន់ ព្រោះ​ក្រោយពេល​ព្រៃ​ឡង់​ត្រូវដាក់​បញ្ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​បានធ្វើ​សកម្មភាព​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅពេល​ថ្ងៃ ហើយ​ដឹកជញ្ជូន​ចេញ​តាម​រទេះគោ​ក្របី​ឬ​គោយន្ត​ច្នៃ​នៅពេល​យប់​។ ចំណែក​នៅ​តំបន់​ខ្លះ​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង គឺ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​កាណូត ទូក និង​សា​ឡង់ ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង ហើយ​មិនដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង រិះគន់ថា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស ទើប​ពួកគេ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​។

សកម្មជន​ព្រៃឈើ​បាន​រំលឹកថា កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការអភិរក្ស​និង​ការពារ​តំបន់​ព្រៃ​ឡង់​ដែលមាន​ទំហំ ៤៣១ ៦៨៣​ហិកតា នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។ ប៉ុន្តែ​ក្រោយពេល​ព្រៃ​ឡង់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល ហើយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បែរជា​ព្យាយាម​បិទបាំង​ថា ពុំមាន​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ទៅវិញ​។ បញ្ហា​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​សូម្បីតែ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​យ៉ាងណា ក៏​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដែរ​៕

40f02de9-44f1-4fab-927f-2c9bc917ecbd

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

534d8a2b-fa45-4e2b-ac9d-447969e41c29 bca12359-16fb-430f-a554-514b4187b99b