ឈ្មួញ​ជាច្រើន​នាក់​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុងស្រុក​លំផាត់ ហើយ​សមត្ថកិច្ច​បង្ក្រាប​តាមរបៀប​លេងសើច​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចាង​រ៉ាង ឃុំ​សា​យ៉ស់ ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​មាន​មនុស្ស​ប្រមាណ​ជិត​២០០​នាក់​បាន​ជីករណ្ដៅ​រុករក​រ៉ែ​ត្បូង​ជាង​១០០​កន្លែង ដោយមាន​ឈ្មោះ ច្រឹ​ក ទូច និង​ឈ្មោះ ធួន ជា​មេខ្លោង​។ សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​វិនាស​សកម្ម​ធនធានធម្មជាតិ​ដ៏​មានតម្លៃ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ឈ្មួញ​ខិលខូច និង​ក្រុមមន្ត្រី​ពុករលួយ​។ ក្នុងនោះ​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​កន្លងមក​បណ្ដែត​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។

កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី បាន​ចុះទៅពិនិត្យ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ជីក​រក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់​នៅក្នុង​ឃុំ​ប៉ា​តាង ឃុំ​សា​យ៉ស់ ស្រុក​លំផាត់​។ នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​ទៅដល់​ក្រុម​អ្នក​ជីក​រ៉ែ​ត្បូង​ក៏​នាំគ្នា​រត់គេចខ្លួន​ចូល​ព្រៃ​បាត់អស់ ដោយ​សមត្ថកិច្ច​ពុំមាន​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​នោះទេ​។ សមត្ថកិច្ច​ចម្រុះ​បាន​ត្រួត​ពិនិត្យឃើញថា មាន​រណ្ដៅ​ចំនួន​១៥០​កន្លែង​ដែល​ត្រូវគេ​ជីក​យក​រ៉ែ​ត្បូង ហើយ​សមត្ថកិច្ច​បានត្រឹមតែ​ឲ្យ​ម្ចាស់​ចម្ការ​ពីរ​នាក់​នៅក្នុង​មូលដ្ឋាន​ខាងលើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ជីក​យក​រ៉ែ​ត្បូង​តទៅទៀត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុងស្រុក​លំផាត់ គ្រាន់តែ​ជា​រឿង​លេងសើច​ប៉ុណ្ណោះ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​នៅក្នុង​ស្រុក​លំផាត់ អាចមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ក្រុម​ជនល្មើស​អាច​គេចខ្លួន​ដោយ​សុវត្ថិភាព​នៅពេល​សមត្ថ​កិច្ច​ទៅដល់​។ ប្រសិនបើ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គឺ​អាជីវកម្ម​ជីក​យក​រ៉ែ​ត្បូង​នៅ​ឃុំ​សា​យ៉ស់ និង​ឃុំ​ប៉ា​តាង មិនអាច​ប្រព្រឹត្តទៅ​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះឡើយ​។ គេ​រង់ចាំ​មើលថា តើ​សមត្ថកិច្ច​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​បែបណា​ទៅលើ​ឈ្មោះ ច្រឹ​ក ទូច និង​ឈ្មោះ ធួន ដែលជា​មេខ្លោង​នៅ​ពីក្រោយ​អាជីវកម្ម​រ៉ែ​ត្បូង​ខុសច្បាប់​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ប្រសិនបើ​មេខ្លោង​ទាំងពីរ​នាក់​នេះ អាច​គេច​ផុតពី​ចំណាត់ការ​ផ្លូវច្បាប់​មានន័យថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ គ្រាន់តែ​ជា​រឿង​លេងសើច​យ៉ាងច្បាស់​ក្រឡែត​៕

vuth-3-3 vuth-2-2 restes-768x1024 restes-2-768x1024