អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ​រង​ការរិះគន់​ពី​ពលរដ្ឋ​ថា​ប្រើប្រាស់​ថវិកាជាតិ​គ្មាន​តម្លាភាព​

ក្នុងពេលដែល​ផ្លូវថ្នល់​មួយចំនួន​នៅ​ខេត្តតាកែវ ពិសេស​ក្នុង​ទី​រួម​ខេត្ត​មាន​សភាព​ខូចខាត​បន្ទាប់ពី​ការសាងសង់​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នោះ ប្រជាពលរដ្ឋ​ខេត្តតាកែវ​បាន​រិះគន់ថា អំពើពុករលួយ​ដែល​កើតចេញពី​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​ប្រាកដជា​កើតមាន​មិន​ខាន​។ ប្រភព​ដដែល​បានបញ្ជាក់ បើ​មន្ត្រី​ជំនាញ​នៅក្នុង​ខេត្តតាកែវ​ប្រើប្រាស់​ថវិកាជាតិ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រគល់​ឲ្យ​មាន​តម្លាភាព និង​គ្មាន​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ នោះ​សំណង់​ផ្សេងៗ ពិសេស​ផ្លូវថ្នល់​ក្នុង​ខេត្តតាកែវ​នឹងមិន​ងាយ​ខូចខាត​ដូច​សព្វថ្ងៃ​នោះទេ​។​

ថ្មីៗ​នេះ​លោក ហោ ប៊ុន​វ​ឌ្ឍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដោយ​ទទួលស្គាល់ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិតជា​បាន​ទម្លាក់​លុយ​២៥០​ម៉ឺន​ដុល្លារ​ដល់​ខេត្តតាកែវ និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពិតមែន តែ​លោក​មិនបាន​ដឹងថា លុយ​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​គ្មាន​តម្លាភាព​នោះទេ​។​

ចំពោះមុខ​បញ្ហា​នេះ មន្ត្រីរាជការ​មួយរូប​បម្រើ​ការងារ​នៅ​សាលា​ខេត្តតាកែវ បាន​បង្ហើប​ថា យ៉ាងហោចណាស់​មាន​លុយ​គម្រោង​២៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​អភិវឌ្ឍន៍ និង​កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវថ្នល់ ត្រូវបាន​អាជ្ញាធរ​ខេត្តតាកែវ​យក​ទៅប្រើ​ប្រាស់​យ៉ាង​ខ្ជះខ្ជាយ​និង​គ្មាន​តម្លាភាព​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុងចំណោម​ថវិកាជាតិ​ដែល​ប្រើប្រាស់​ក្នុងការ​សាងសង់​សំណង់​ណាមួយ​ក្នុង​គម្រោង គឺ​គេ​ប្រើប្រាស់​ថវិកា​សម្រាប់​ការសាងសង់​តែ​៧០​ភាគរយ​យ៉ាងច្រើន ហើយ​នៅសល់​៣០​ភាគរយ​ទៀត​មន្ត្រី​ជំនាញ​ឃុបឃិត​បិទបាំង​យកលុយ​ចែកគ្នា​តាម​ការចរចា​។​

ចំណែក​មន្ត្រីរាជការ​មួយរូប​បម្រើ​ការងារ​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ បាន​បង្ហើប​ថា ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ម​ន្ត្រី​ជំនាញ​គឺធ្វើឡើង​ជា​ប្រព័ន្ធ ព្រោះ​បើ​ម្នាក់ ឬ​មន្ទីរ​តែមួយ​មិនអាច​ទៅរួច​ឡើយ គឺ​ពួកគេ​សហការគ្នា​កិបកេង​លុយ​ក្នុង​គម្រោង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដោយសារតែ​ករណីនេះ​ហើយ បានជា​ប្រជាពលរដ្ឋ​ការរិះគន់​ដដែលៗ​ពី​គុណភាព​ផ្លូវ ព្រោះ​អី​គ្រឿងចក្រ​អូស​យកទៅ​ទុក​ស្ទើរ​មិនទាន់​ផង ផ្លូវ​ក៏​ទទួលរង​ការខូចខាត​ទៅវិញ​៕

14502936_1792643147688282_1518741626677277306_n 14591718_1795230600762870_4402457971074143165_n