ថ្ងៃក្រោយ​ឲ្យ​រាង ! ចាប់​ព្រួត​វាយ​បែក​ឈាម​ហូរ​កក្លាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារ លឹ​ម ឈាង​ហាក់ ចាប់​ព្រួត​វាយ​រហូត​បែក​ឈាម​ហូរ​កក្លាក់​ទើប​ប្រគល់​ជូន​សមត្ថកិច្ច​ធ្វើការ​ចាត់ការ​បន្ត បន្ទាប់​ពី​បុរស​រូប​នេះ​ ​និង​បក្ស​ពួក​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​កាលពី​វេលា​ម៉ោង​១០ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ លឹ​ម ឈាង​ហាក់ ស្ថិត​ក្នុងភូមិ​ឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ វ៉ា សា​លាភ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ។ ដោយឡែក​បក្សពួក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​កាបូប​មានឈ្មោះ ឡុ​ង ស៊ី​ផល ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ស្នាក់​ភូមិ​តា​ងូវ សង្កាត់​និ​រោ​ធិ៍ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ចូល​ទិញ​អីវ៉ាន់​ស្ត្រី​ជា​ប្រពន្ធ​បាន​ទុក​កាបូប​លុយ​យួរដៃ​នៅ​ជាប់​ម៉ូតូ ពេល​នេះ​ស្រាប់តែ​ជនសង្ស័យ​មួយ​ក្រុម​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​នៅ​ក្បែរ​ម៉ូតូ​នោះ​ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​បាន​ដើរទៅ​លួច​កាបូប​នោះ​ដោយ​ឲ្យ​បក្សពួក​ត្រៀម​ម៉ូតូ​ឲ្យ​ហើយ​ដើម្បី​រត់គេច​ខ្លួន ប៉ុន្តែ​អកុសល​ភ្លាម​នោះ​ដែរ​បុរស​ជា​ប្តី​បាន​ងាក​មក​ឃើញ ក៏​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ រួម​ទាំង​អាជីវករ​មួយ​ចំនួន​បាន​គ្នា​ឡោម​ព័ទ្ធ​ព្រួត​ចាប់​វាយ​ជនសង្ស័យ​ខាងលើ​យ៉ាង​ចាស់ដៃ ដោយឡែក​បក្សពួក​២​នាក់​ផ្សេង​ទៀត​ដោយ​ឃើញ​ស្ថានការណ៍​មិនសូវ​ស្រួល​ក៏​បាន​ជិះ​ម៉ូតូឌុប​គ្នា​រត់គេច​បាត់​ស្រមោល​សូន្យឈឹង ។

ក្រោយ​ធ្វើ​សកម្មភាព​វាយ​យ៉ាង​ចាស់ដៃ​ហើយ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​មក​នាំ​ទៅ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក ឯម ភា​រី នាយ​រង​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាក​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា គេ​នឹង​បក្សពួក​ពិតជា​បាន​លួច​កាបូប​លុយ​ដែល​គេ​ទុក​ចោល​ពិតប្រាកដ​មែន ៕