រុ​ស្ស៊ី​ទម្លាក់​គ្រាប់បែក​លើ​ក្រុង​អា​ឡែ​ប​ខ្លាំងក្លា​បំផុត

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា​ការ​ទម្លាក់​គ្រាប់បែក​លើ​សង្កាត់​ទាំងឡាយ​នៃ​ក្រុង​អា​ឡែ​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​មាន​សភាព​ខ្លាំងក្លា​បំផុត​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ រួច​កាលពី​ថ្ងៃ​ទី​១១ តុលា​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច​២៥​នាក់ ខណៈ​សិស្សសាលា​៥​នាក់​ស្លាប់ ដោយសារ​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងត្បូង​ស៊ី​រី ។

ក្រោយ​ការ​ស្ងប់ស្ងាត់​នា​ចុង​ស​ប្តា​ហ៍ប​ណ្តា​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ធ្វើការ​វាយប្រហារ​ខ្លាំងក្លា​ជា​ថ្មី​លើ​តំបន់​ទាំងឡាយ​កាន់កាប់​ដោយ​ពួក​បះបោរ​ក្នុង​ទីក្រុង​ធំ​ទី​២​នោះ​របស់​ប្រទេស ។

ខាង​ផ្នែក​ការទូត​សហគមន៍​អន្តរជាតិ​នៅ​តែ​បង្ហាញ​ជា​និច្ច​ពី​ការ​គ្មាន​លទ្ធភាព​ព្រមព្រៀង​គ្នា​ដើម្បី​បញ្ឈប់​ការ​បង្ហូរឈាម​ក្នុង​សង្កាត់​ទាំងឡាយ​របស់​ពួក​ឧទ្ទាម​នៃ​ក្រុង​អា​ឡែ​ប​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​ខណៈ​ក្នុង​តំបន់​ទាំងនោះ​មាន​មនុស្ស​រស់នៅ​ជាង​២៥០.០០០​នាក់ ។

មនុស្ស​ជា​ច្រើន​រយ​នាក់​ភាគច្រើន​ជា​ជន​ស៊ី​វិល​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​និង​បាញ់​ផ្លោង​ខ្លាំងក្លា​បំផុត​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​របស់​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​ពី​ថ្ងៃ​ទី​២២ កញ្ញា​មក ។ ទីក្រុង​នោះ​ក្លាយជា​និមិត្តរូប​នៃ​សង្គ្រាម​ដែល​ហែកហួ​ប្រទេស​ស៊ី​រី​ចាប់ពី​ខែមីនា ឆ្នាំ​២០១១​មក ។

ដោយ​បង្ហាញ​ពី​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ចំណោម​ពួក​មហាអំណាច​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​លុប​ចោល​ទស្សនកិច្ច​នា​ពេល​ខាង​មុខរប​ស់លោក​នៅ​ក្រុងប៉ារីស ៣​ថ្ងៃក្រោយ​វេតូ​របស់​រុ​ស្ស៊ី​លើ​គម្រោង​ដំណោះស្រាយ​មួយ​របស់​បារាំង​នៅ​អ​.​ស​.​ប ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ក្រង​អា​ឡែ​ប ៕