វាយប្រហារ​ប្រឆាំង​ពួក​ស៊ី​អុ​ី​ត​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​14​នាក់

ការ​វាយប្រហារ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់ ហើយ​មនុស្ស​៣៦​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​១១ តុលា នៅ​ក្រុង​កា​ប៊ុល ក្នុង​ចំណោម​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ស៊ី​អីុត ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​ព្រះ​វិហារ​មួយ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ  ACHOURA​ជា​បុណ្យ​សំខាន់​បំផុត​មួយ​របស់​សាសនិក​អ៊ិ​ស្លា​ម​នី​កាយ​ស៊ី​អីុត។

យោង​តាម​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​ប៉ូលិស​ម្នាក់​និង​កុមារ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ហើយ​នារី​១៩​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​របួស ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក SEDIQ SEDIQQI អះអាង​ថា ការ​វាយប្រហារ​ធ្វើ​ឡើង​ដោយ​មនុស្ស​តែ​ម្នាក់​គត់ ដែល​គប់​គ្រាប់បែកដៃ​ច្រើន​គ្រាប់​មុន​បាញ់ប្រហារ​ហើយ​ជន​នោះ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ។

ប្រភព​ព័ត៌មាន​ជា​ច្រើន​រៀបរាប់​ពី​ជន​វាយប្រហារ​ថា​អាច​មាន​ពី​៣​ទៅ​៤​នាក់ ។

ព្រះ​វិហារ KAHTE SAKHI ជា​កន្លែង​កើត​មានការ​វាយប្រហារ​ពេល​រាត្រីកាល​មក​ដល់ ស្ថិត​នៅ​ភាគ​ខាងលិច​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ជិត​សាកលវិទ្យាល័យ​ក្រុង​កា​ប៊ុល​ជា​តំបន់​មាន​ពួក​ស៊ី​អុ​ី​ត​ភាគច្រើន​រស់នៅ ។

ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​ប្រឆាំង​ពួក​ស៊ី​អុ​ី​ត​ហា​ហ្សា​រ៉ា អា​ហ្វ​ហ្គា​នី​ស្ថាន កើត​មាន​កាលពី​ថ្ងៃ​ទី​២៣ កក្កដា​នៅ​ក្រុង​កា​ប៊ុល ដោយ​សម្លាប់​មនុស្ស​៨៤​នាក់ ហើយ​មនុស្ស​១៣០​នាក់​រង​របួស​ពេល​មាន​បាតុកម្ម​ដោយ​សន្តិវិធី​មួយ ។ ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕