អេ​ អឹម ខេ ឈរ​នៅ​លេខ​រៀងទី១ លើ​​ចំនួន​​អតិថិជន​​ប្រាក់​​កម្ចី​​ច្រើន​​ជាង​​គេ​​បំផុត

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​បន្ត​ឈរ​លេខ​រៀង​ទី​១​លើ​ចំនួន​គណនី​អតិថិជន​កម្ចី។ បើ​គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០១៦ ចំនួន​គណនី​បាន​កើន​ឡើង​ដល់​ជាង ៣៥ម៉ឺន។ នេះ​បើ​យោង​តាម​របាយការណ៍​វិភាគ​លើ​ដំណើរការ​ប្រតិបត្តិ​របស់​ស្ថាប័ន (Industry Performance Monitoring)ប្រចាំ​ខែ​សីហា ឆ្នាំ២០១៦ របស់ ក្រេឌីត​ប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC)។

 

អេ​ អឹម ខេ ឈរ​នៅ​លេខ​រៀងទី១ លើ​​ចំនួន​​អតិថិជន​​ប្រាក់​​កម្ចី​​ច្រើន​​ជាង​​គេ​​បំផុត

 

ការ​កើន​ឡើង​ចំនួន​គណនី​អតិថិជន​កម្ចី​ដ៏​ច្រើន​លើសលប់​នេះ​ គឺ​ដោយសារ​តែ អេ អឹម ខេ មាន​សេវា​ហិរញ្ញវត្ថុ​ដែល​បត់បែន​ទៅ​តាម​តម្រូវការ​របស់​អតិថិជន និង​មាន​វិសាលភាព​ប្រតិបត្តិការ​ធំ​ទូលាយ ជា​ពិសេស​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល។

 

បច្ចុប្បន្ន​នេះ អេ អឹម ខេ បាន​នឹង​កំពុង​ផ្ដល់​សេវា​ប្រាក់​កម្ចី​ដ៏​សម្បូរ​បែប​ជាមួយ​នឹង​អត្រា​ការ​ប្រាក់​សមរម្យ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ដែល​ភាគ​ច្រើន​ពួក​គាត់​រស់នៅ​តំបន់​ជនបទ។ គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០១៦នេះ អេ អឹម ខេ បាន​ពង្រីក​វិសាល​ភាព​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​គ្រប​ដណ្ដប់​ភូមិ​ចំនួន១២,៤៧០ ស្មើនឹង៨៩% នៃ​ចំនួន​ភូមិ​សរុប​នៅ​កម្ពុជា។

 

លោក សួន ពិសី នាយក​ប្រតិបត្តិ​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​បាន​លើក​ឡើង​ថា “ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អេ អឹម ខេ តែងតែ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់ ដោយ​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​របស់​ខ្លួន។ ជាក់ស្ដែង​ថ្មីៗនេះ អេ អឹម ខេ​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ប្រាក់​កម្ចី​បន្ថែម​មាន​ដូចជា៖ ប្រាក់​កម្ចី​សម្រាប់​ទិញ​ម៉ូតូ ប្រាក់​កម្ចី​សម្រាប់​ទិញ​ឧបករណ៍​កសិកម្ម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អេ អឹម ខេ មាន​គម្រោង​នឹង​ដាក់​អោយ​ប្រើប្រាស់​សេវា​ប្រាក់​កម្ចី​ថ្មី សម្រាប់​អាជីវកម្ម​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម ដែល​មាន​ទំហំ​កម្ចី​រហូត​ដល់ ៥ម៉ឺនដុល្លា នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ”។

 

លោក​បាន​បញ្ជាក់​បន្ថែម​ដូច​នេះ​ថា “ការ​កើន​ឡើង​ចំនួន​អតិថិជន​នេះ ដោយសារ​តែ អេ អឹម ខេ បាន​ផ្តល់​សេវាកម្ម​ល្អ មាន​ទំនុក​ចិត្ត យល់​ពី​តម្រូវការ​របស់​អតិថិជន បុគ្គលិក​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ជា​ពិសេស​សេវាកម្ម​របស់ អេ អឹម ខេ បាន​ទៅ​ដល់​ដៃ​អតិថិជន ទោះ​គាត់​រស់នៅ​តំបន់​ដាច់​ស្រយាល​យ៉ាងណាក្តី។ កត្តា​ទាំង​នេះ វា​ស្រប​ទៅ​នឹង​បេសកកម្ម និង​ទស្សន​វិស័យ​របស់​យើង គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពួក​គេ តាម​រយៈ​ការ​ផ្ដល់​សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ”។

 

អេ អឹម ខេ គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈាន​មុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ​និង​ចំនួន​អតិថិជន​ប្រាក់​កម្ចី។ គិត​ត្រឹម​​ ខែ​សីហា ឆ្នាំ២០១៦នេះ អេ អឹម​ ខេ មាន​អតិថិជន​សរុប​ចំនួន​ជិត ៥២ម៉ឺននាក់ ដែល​មាន​សមតុល្យ​ប្រាក់​កម្ចី​ជាង ១៤៨លាន​ដុល្លារ​អាមេរិក និង​មាន ១៥១ ការិយាល័យ។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្ដល់​ជូន​អតិថិជន​ដូចជា សេវា​ប្រាក់​កម្ចី ប្រាក់សន្សំ ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានា​រ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត សេវា​បើក​ប្រាក់​បៀវត្ស ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

អត្ថបទ៖ ដៃគូ​សហការ