ប៉ែន ចំរ៉ុង ធ្លាក់កូដខ្លាំង ធ្លាប់តែជាតួឯក ក្លាយជាតួរាយរង ក្នុងខ្សែភាពយន្តទៅវិញ

ភ្នំពេញ៖ ក្រោយពីព័ត៌មានលែងលះ រវាងតារាស្រី ភិន សុដាលីស និងតារាសម្តែងប្រុស ប៉ែន ចំរ៉ុង បានធ្វើឲ្យទីផ្សារក្នុងសិល្បៈរបស់លោក មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាងដូចជានៅក្នុងរឿងថ្មី "ត្រកូលអ្នកប្រដាល់" ត្រូវបានគេសម្គាល់ឃើញឈុតលោក ប៉ែន ចំរ៉ុង បង្ហាញវត្តមានតែមួយប្លង់ប៉ុណ្ណោះ។

ភាគច្រើនប្រិយមិត្តធ្លាប់តែឃើញវត្តមានតារាប្រុសរូបនេះ ក្នុងតំណែងជាតួឯកនៃខ្សែភាពយន្តធំៗភាគច្រើន តែបន្ទាប់ពីផ្ទុះព័ត៌មានរកាំរកូសជាហូរហែរមក ទំនងអាចជាមូលហេតុនាំឲ្យបណ្តាផលិតកម្មជាច្រើន មិនសូវដាក់លោកប៉ែន ចំរ៉ុង ជាតួឯកដូចកាលពីមុននោះទេ ពោលគឺបានត្រឹមតែជាតួកំប៉ិកកំប៉ុកទៅវិញ។

ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះជាដើម នៅក្នុងខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «ត្រកូលអ្នកប្រដាល់» ត្រូវបានគេដឹងថា មានឈុតរបស់លោកប៉ែន ចំរ៉ុង សម្តែង តែមួយប្លង់ប៉ុណ្ណោះ ពេលឡើងប្រដាល់ជាមួយនាយគ្រឿង ហើយក្នុងសាច់រឿងនោះទៀតសោត ត្រូវបាននាយគ្រឿង ដែលសម្តែងជាកីឡាករប្រដាល់ភេទទី៣ ចាប់ថើបមាត់ រហូតដល់សម្រេចចិត្តចុះចាញ់ និងឈុតក្រោយៗទៀត បាត់មុខលោក ប៉ែន ចំរ៉ុងតែម្តង។

ទោះជាយ៉ាងណា វាជារឿងមួយមិននឹកស្មានដល់ថា លោក ប៉ែន ចំរុង ធ្លាប់តែជាតារាប្រុសជួរមុខនៅក្នុងវិស័យភាពយន្តខ្មែរ ពេលនេះស្រាប់តែធ្លាក់ខ្លូន មកថតជាតួរាយរងបែបនេះទៅវិញ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ប៉ែន ចំរ៉ុង ក៏ជួបយី អ៊ុនស៊យ ដោយទីផ្សារ សម្តែងភាពយន្ត បានធ្លាក់ស្រឹបៗ មិនគួរឲ្យជឿ ដែលធ្វើឲ្យផលិតករ មួយចំនួន ស្រែកក្រវីក្បាល ព្រោះតែបង់ថវិកា ក្នុងការផលិតភាពយន្ត។

តាមរោងកុននានា ឲ្យតែខ្សែភាពយន្ត ដែលមានការចូលរួមសម្តែងពី ប៉ែន ចំរ៉ុង គឺគ្មានទស្សនិកជន ណាមួយ មើលឡើយ ដោយគេមិនដឹងថា មកពីមូលហេតុអ្វី ឬខឹងតារារូបនេះ ធ្វើមិនល្អទៅលើ ភិន សុដាលីស ឬយ៉ាងណានោះទេ ?

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្សបានប្រាប់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា «រឿងដែលខ្ញុំផលិត កន្លងមក មានតួ ប៉ែន ចំរ៉ុង ត្រូវបានលុបចោល ដោយរោងកុនផ្សេងៗ ប្រាប់ថា ឲ្យតែមានតួ ប៉ែន ចំរ៉ុង គឺមិនបាច់យកមកទេ គ្មាននរណា មើលឡើយ»។

លោកបានបន្ថែមថា« មិនមែនតែផលិតកម្មខ្ញុំ នោះទេ ផលិតកម្មផ្សេងៗ ទៀតក៏ខាតបង់ដែរ ឲ្យតែមានតួប៉ែន ចំរ៉ុង នោះដោយផលិតនានា ក្រវីក្បាលតែម្តង »។

បញ្ជាក់ផងដែរថា លោក អ៊ិន សុភិន កំពុងជោគជ័យ តាមរយៈរឿង អ្នកនាងម្ចាស់ឡឺកឺ ដោយចំណាយទុន មិនដល់ ៣ម៉ឺនដុល្លារផង តែទទួលបានមកវិញ ជិត ១០ ម៉ឺនដុល្លារអាម៉េរិក ខណៈដែលរឿងនេះ តួឯកមាន សុខ សោម៉ាវត្តី និង អូន ឧស្សាហ៍ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload