លោក Bruce ជាគ្រូបង្វឹកថ្មីរបស់ Aston Villa ក្រោយធ្លាក់ដល់លេខ ១៩ នៅ Championship

លោក Steve Bruce ត្រៀមសម្រាប់ការតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិបធ្លាក់ចេញពី Premier League ទៅលេងក្របខណ្ឌទីពីររបស់អង់គ្លេស Championship គឺ Aston Villa នៅថ្ងៃពុធនេះ។

Steve-Bruce

Bruce វ័យ ៥៥ឆ្នាំ បានចាកចេញពីក្លិប Hull City កាលពីខែកក្កដា ហើយនឹងមកបន្តតំណែង លោក Roberto di Matteo ដែលត្រូវបានបណ្តេញពីកីឡដ្ឋាន Villa Park កាលពីថ្ងៃទី ៣ ខែតុលានេះ។

លោក Tony Xia ម្ចាស់និងជាប្រធានក្លិបនេះ បានបង្ហោះតាមបណ្តាញសង្គមថា ការប្រកាសនេះ នឹងត្រូវបានធ្វើឡើង ដោយនិយាយថា «ជាពេលវេលាសម្រាប់យើងទាំងអស់គ្នាឈរជាមួយគ្នា និងគាំទ្រក្រុម។ ត្រូវជឿជាក់ថា ពួកយើងបានប្រឹងប្រែងព្យាយាមបំផុត»។

បច្ចុប្បន្ន Villa ស្ថិតក្នុងចំណាត់លេខ ១៩ នៅក្នុងតារាង និងត្រូវស្វាគមន៍ក្លិប Wolves នាថ្ងៃសៅរ៍នេះ។

លោក Bruce ជាអ្នកនាំ Hull City ឡើងទៅលេងនៅ Premier League ដោយប្រកួតដណ្តើមកៅអីឈ្នះនៅ Championship កាលពីខែឧសភា មុនពេលលោកចាកចេញ។ នេះគឺជាលើកទី ៤ ក្នុងអាជីព ១៨ឆ្នាំ ជាអ្នកចាត់ការទូទៅរបស់លោក ដែលនាំឲ្យក្លិបផ្សេងៗ ឡើងទៅលេងនៅ Premier League បាន។

អតីតគ្រូបង្វឹកក្លិប Birmingham City, Wigan Athletic និងឆ្មាខ្មៅ Sunderland ធ្លាប់ត្រូវបានហៅសម្ភាសន៍ សម្រាប់តំណែងជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស មុនមានការតែងតាំងលោក Sam Allardyce កាលពីខែកក្កដា៕

The post លោក Bruce ជាគ្រូបង្វឹកថ្មីរបស់ Aston Villa ក្រោយធ្លាក់ដល់លេខ ១៩ នៅ Championship appeared first on CamboSport.