បន្លំ​បានទៀតហើយ! អស់​យ៉ាងច្រើន​នៅ​ផ្ទះវេរលុយ ម្តុំផ្សារ​​​​​ឆ្លូង

ខេត្តក្រចេះ ​៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​ផ្ទេរ​ប្រាក់ ​និង​លក់ទំនិញ​សម្ភារ​មួយ​កន្លែង​នៅ​ជិត​ផ្សារ​ឆ្លូង បាន​អះអាង​ប្រាប់​សមត្ថកិច្ច​​ថា រូប​គាត់​ត្រូវ​ជន​ប្រុស​-​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ បាន​ចូល​​បន្លំ​លុយ​ជា​ច្រើន​​​ពាន់​ដុល្លារ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ តុលា​ ២០១៦ នេះ ។

ស្ត្រី​រង​គ្រោះ​ខាងលើ ឈ្មោះ​សំ និមល អាយុ​៣០​ឆ្នាំ​ ជា​អាជីវករ​លក់ដូរ និង​ភ្នាក់ងារ​ផ្ទេរ​លុយ​​អោយ​ក្រុមហ៊ុន​មួយ មា​នទី​តាំងនៅ​​ក្នុងភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ​(ជាទីប្រជុំជន​ផ្សា​រឆ្លូង) ​។

បើ​តាម​ការ​បញ្ចា​ក់​ពី​ស្ត្រី​រង​គ្រោះ​ឱ្យដឹង​​ថា កាលពី​ថ្ងទី១១ តុលា ម្សិលមិញ ​មាន​ជន​ប្រុស​-​ស្រី​ពីរ​​នាក់ បាន​មក​ធ្វើ​ជា​មក​ទិញ​ផ្លែ​ឈើ​និង​ដូរ​លុយ​ចំនួន​១០០ដុល្លារ ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា (ថ្ងៃកើតហេតុ) ជន​ប្រុស​-​ស្រី​ដដែល​នោះ​ក៏​បាន​មក​ម្តងទៀត ​ក្នុង​នោះ ​មាន​ស្ត្រី​២​នាក់​ និង​បុរស​ម្នាក់​ បាន​មក​តថ្លៃ​ទិញ​សម្ភារ​ និង​របស់របរ​ក្មេង​លេង​ ។ ខណៈ​ពេល​កំពុង​ទិញ គឺ​មាន​មនុស្ស​ស្រី​ពីរ​នាក់ ​ជា​អ្នក​តថ្លៃ​ទំនិញ ។ ចំណែកបុរស​​ជា​បក្សពួក​​បាន​អង្គុយ​ចាំ​លើ​ម៉ូតូ​ដែល​ចត​នៅ​ក្បែរ​​ច្រកចូល​ផ្ទះ ​។ ក្រោយ​ពី​ពួក​គេ​បាន​ទិញ​ និង​បាន​ជិះ​ម៉ូ​តូ​​ចេញ​ទៅ​បា​ត់ ​ស្ត្រី​រង​គ្រោះ​ជា​ម្ចាស់ផ្ទះ​បាន​បើក​ទូ​លុយ​ទើប​​ដឹង​ថា ត្រូវ​គេ​បន្លំ​ចូល​លួច​យក​ទៅ​​អស់​។

បើ​តាម​ស្ត្រី​រង​គ្រោះថា លុយ​ដែល​​​បាត់ គឺ​មាន​ចំនួន​៣,៤០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៤​លាន​រៀល​។ ករណី​បន្លំ​ចូល​យក​​លុយ​ពី​ក្រុម​​ជន​សង្ស័យ​​​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ក្រុម​អាជីវករ​លក់ដូរ និង​ផ្ទេរ​ប្រាក់​មួយ​ចំនួន ​ព្រោះ​ករណី​បែប​​នេះ​ ត្រូវ​បាន​ពួក​គាត់​និយាយ​ថា ​មិន​ធ្លាប់​កើត​មាន​នោះ​ទេ​ កន្លង​មក​នៅ​ក្នុង​ស្រុក​ឆ្លូង​ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​​ឌួ​ង សុ​ទ្ធី អធិការ​នគរបាល​ស្រុក​ឆ្លូងបានឱ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​សាកសួរ​ និង​ពិនិត្យ​លើ​វត្ថុ​តាង​មួយ​ចំនួន​​នៅ​កន្លែង​កើតហេតុ ក្រុម​ជនសង្ស័យ​ប្រុស​-ស្រី គឺ​កម្លាំង​នគរបាល​បាន​កំណត់​លើ​មុខសញ្ញា​បាន​ខ្លះ​​ហើយ ទៅ​លើ​ភិនភាគ និង​ម​ធ្យោ​បាយ​​ធ្វើ​ដំណើរ ​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ល្មើស​នោះ​ ។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ​កំពុង​តែ​ស៊ើបអង្កេត​​ និង​ស្រាវជ្រាវ​លើ​ក្រុម​ជន​ទាំងនោះ​ហើយ ។