ស្តាយ​ថ្មី ! ជិះ​អា​ចាស់​ទៅ​ប្រតាយប្រតប់​ដូរ​យក​អា​ថ្មី

ខេត្តក្រចេះ ៖ យុវតី​វ័យក្មេង​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាល និង​ផ្ទៃមុខ ខណៈ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ស្ទាក់​ប្រតាយប្រតប់ និង​បាន​ដូរ​យក​ម៉ូតូ​ថ្មី​របស់​នាង​ទៅ​បាត់​ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​កញ្ចាស់​១​គ្រឿង ។

យុវតី​រង​គ្រោះ​ឈ្មោះ ហ៊ួ ច​ន្ទ្រា អាយុ​១៩​ឆ្នាំ ជា​និស្សិត រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ខណៈ​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម តែ​ម្នាក់ឯង​នៅ​លើ​ផ្លូវជាតិ​ក្បែរ​ទីប្រជុំជន ស្រាប់តែ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ​កញ្ចាស់​មក​ដល់ ហើយ​បាន​ស្ទាក់​វាយ​ប្រតាយប្រតប់​រហូត​បណ្ដាល​ឲ្យ​នាងរង​របួស​ត្រង់​ក្បាល និង​ផ្ទៃមុខ រួច​ដណ្តើម​ម៉ូតូ​ពី​នាង​យក​ជិះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​កញ្ចាស់​នោះ​នៅ​កន្លែង​កើតហេតុ ។

យុវតី​រង​គ្រោះ​បញ្ជាក់​ថា ការ​រង​របួស​នេះ​មិនជា​ធ្ងន់ធ្ងរ​ទេ ដោយសារ​នាង​មាន​ពាក់មួក​សុវត្ថិភាព ។

លោក​វរសេនីយ៍ទោ នេ​ត លី​ន អធិការ​នគរបាល​ក្រុង​ក្រចេះ បញ្ជាក់​ថា ករណី​នេះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​ដៃដល់​ហើយ ក្រោយ​ពី​ទទួល​បានការ​បញ្ជាក់​អត្ត​សញ្ញា​ខ្លះ​ៗ​ពី​យុវតី​រង​គ្រោះ ៕