កំហុស​ដ៏​ធំ​បំផុត​មួយ​របស់​ Hitler ក្នុង​សង្គ្រាម​លោក​លើក​ទី​២

កំហុស​ដ៏​ធំ​បំផុត​មួយ​របស់​ Hitler ក្នុង​សង្គ្រាម​លោក​លើក​ទី​២

អគារកម្ពស់៤ជាន់មួយនៅទីក្រុង Stalingrad ឈ្មោះដើមនៃទីក្រុង Volgograd នៅរុស្ស៊ី ក្នុងពេលបច្ចុប្បន្ននេះ បានក្លាយជានិមិត្តរូបនៃសង្គ្រាមដ៏សាហាវបំផុតមួយ ក្នុងចំណោមសង្គ្រាមជាច្រើនទៀតនៃសង្គ្រាមលោកលើកទី២ ដោយវាបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់អាល្លឺម៉ង់ និងជោគជ័យឥតឧបមារបស់សូវៀត ដែលប្រើទាហានតែ២៤នាក់ប៉ុណ្ណោះ តែអាចរក្សាអគារបានដល់ទៅ២ខែ ក្រោមការវាយសម្រុកពីកងទ័ពអាល្លឺម៉ង់រាល់ថ្ងៃ ហើយមួយថ្ងៃជាច្រើនលើក ទាំងដែលពួកគេដាច់ស្បៀងជាញឹកញាប់ ។

ការវាយដណ្ដើមកាន់កាប់អគារកម្ពស់៤ជាន់នេះ ត្រូវបានគេឲ្យឈ្មោះថា The Battle of Stalingrad ហើយវាផ្ដើមចេញពីការរំលោភកិច្ចព្រមព្រៀងគ្នាមួយ រវាងសហភាពសូវៀត និងអាល្លឺម៉ង់ ។ មុននឹងចូលដល់សាច់រឿងនៃសង្គ្រាមដណ្ដើមអគារនេះ ប្រិយមិត្តគួរតែស្វែងយល់បន្តិច ពីស្ថានភាពក្នុងពេលនោះជាមុនសិន ។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ កិច្ចព្រមព្រៀងអព្យាក្រឹតមួយ ត្រូវបានចុះហត្ថលេខាដោយសហភាពសូវៀត និងអាល្លឺម៉ង់ ដែលត្រូវបានគេឲ្យឈ្មោះថា កិច្ចព្រមព្រៀង Molotov-Ribbentrop ដោយយកតាមឈ្មោះរដ្ឋមន្ត្រីក្រសួងការបរទេសទាំង២ប្រទេស ។ តែកិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាពបានតែ២ឆ្នាំប៉ុណ្ណោះ រហូតដល់ពេលមួយដែល Adolf Hitler បញ្ជាឲ្យកងទ័ព Nazi វាយចូលទីតាំងទ័ពសូវៀតនៅភាគខាងកើត Poland កិច្ចព្រមព្រៀងនោះត្រូវបានរំសាយចោលភ្លាម ។

ប្រតិបត្តិការនោះមានឈ្មោះថា Barbarossa ចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ ជាសង្គ្រាមធំបំផុត សម្លាប់មនុស្សអស់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយក៏ប្រហែលជាកំហុសដ៏ធំបំផុត ដែលអាល្លឺម៉ង់បានធ្វើក្នុងសង្គ្រាមលោកលើកទី២ដែរ ។ វាជាការក្បត់កិច្ចព្រមព្រៀងដែលសូវៀត និងអាល្លឺម៉ង់បានធ្វើ ហើយក៏ជាការភ្ញាក់ផ្អើលមួយសម្រាប់ Stalin ដែលតែងតែទុកចិត្ត Hitler កន្លងមក ។

ក្នុងប្រតិបត្តិការ Barbarossa លោក Hitler បានផ្ដោតសំខាន់លើ Stalingrad ជាច្រកដ៏សំខាន់សម្រាប់ចូលទៅកាន់តំបន់ Caucasus និង Baku ជាប្រភពប្រេងដ៏មហាសាល ។ Stalingrad ជាទីក្រុងយុទ្ធសាស្ត្រដ៏ល្អបំផុតមួយ ដែលអាល្លឺម៉ង់ចាំបាច់ត្រូវតែដណ្ដើមឲ្យបាន មុននឹងអាចបន្តការវាយលុកទៅមុខទៀត ។

ដោយសារតែប្រតិបត្តិការ Barbarossa ជាការក្បត់សេចក្ដីទុកចិត្តរបស់ Hitler លើកលោក Stalin សូវៀតមិនបានត្រៀមខ្លួនចំពោះការវាយប្រហារពីមិត្តអាល្លឺម៉ង់ទេ ដូច្នេះកងទ័ពអាល្លឺម៉ង់ក៏ចំណាយពេលមិនយូរដែរ ដើម្បីសម្រុកចូលដល់ទីក្រុង Stalingrad ។

ក្នុងពេលនោះ វាជាការចាំបាច់បំផុត ដែលសូវៀតត្រូវបង្វែរអគារ រោងចក្រ ផ្ទះល្វែង សាលារៀន និង Apartment ទាំងឡាយ ឲ្យទៅជាបន្ទាយទ័ព ដើម្បីការពារទីក្រុងយុទ្ធសាស្ត្រមួយនេះ ។ អគារកម្ពស់៤ជាន់ ដែលក្រោយមកត្រូវគេឲ្យឈ្មោះថា Pavlov’s House ជាអគារសំខាន់បំផុត សម្រាប់សង្គ្រាមលើកនេះ ព្រោះនៅលើអគារនេះ គេអាចសម្លឹងឃើញចម្ងាយដី១គីឡូម៉ែត្រ ទៅទិសខាងលិច ខាងជើង និងខាងត្បូង មិនត្រឹមតែប៉ុណ្ណោះ នៅអាចមើលឃើញទន្លេ Volga ជាខ្សែទឹកតែមួយគត់ ដែលអាចដឹកសម្ភារៈផ្គត់ផ្គង់សម្រាប់ធ្វើសង្គ្រាមបាន និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់ការវាយឡើងពីទន្លេបាន ។

ដំបូងឡើយអគារដ៏សំខាន់នេះ ត្រូវកងទ័ពអាល្លឺម៉ង់វាយបានពីដំបូង តែក្រោយមកកងទ័ពសូវៀត៣០នាក់ បានសម្រុកវាយដណ្ដើមកាន់កាប់អគារនេះវិញ ក្រោមការដឹកនាំរបស់ពលបាលត្រី Yakov Fedotovich Pavlov ។ ឈុតឆាកប្រយុទ្ធដ៏ស៊ីសាច់ហុចឈាមគ្នានេះ បានសម្លាប់កងទ័ពសូវៀតអស់២៦នាក់ សល់តែ៤នាក់ប៉ុណ្ណោះ ដោយក្នុងនោះមានលោក Pavlov ម្នាក់ ហើយអ្នកទាំង៤នោះ ត្រូវការពារអគារទប់ទល់នឹងការវាយសម្រុកបន្ថែមពីកងទ័ពអាល្លឺម៉ង់ ។

ពលបាលត្រី Pavlov បានស្នើសុំកងទ័ពជំនួយ ដែលសរុបទៅមានគ្នាតែ២៤នាក់ប៉ុណ្ណោះ សម្រាប់ការពារអគារបាក់បែកនេះ ដោយមានអាវុធដូចជា កាំភ្លើងត្បាល់ កាំភ្លើងប្រឆាំងរថក្រោះ និងកាំភ្លើងយន្តជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ គេនៅបានជីកផ្លូវក្រោមដីមួយ សម្រាប់ជាកន្លែងផ្គត់ផ្គង់ស្បៀង និងរំសេវ ហើយម្យ៉ាងក៏ដើម្បីជាកន្លែងលាក់ប្រជាជន និងទាហានរបួសជាច្រើនទៀតដែរ ។

ដូច្នេះហើយដរាបណាអាល្លឺម៉ង់ចង់កាន់កាប់ទីលាន Stalingrad អគារកម្ពស់៤ជាន់នេះ គឺចាំបាច់បំផុតត្រូវដណ្ដើមឲ្យបាន ។ កងទ័ពជើងគោកអាល្លឺម៉ង់ គាំទ្រពីក្រោយដោយកងកម្លាំងរថក្រោះ បានព្យាយាមវាយបំបែកមូលដ្ឋានរបស់ពលបាលត្រី Pavlov ជាច្រើនលើកក្នុងមួយថ្ងៃ តែមិនបានការទាល់តែសោះ ។

Pavlov និងទាហានរបស់លោកជាច្រើននាក់ បានសម្លាប់កងទ័ពអាល្លឺម៉ង់អស់ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងកម្ទេចរថក្រោះសត្រូវអស់ជាច្រើនទៀត ដោយប្រើកាំភ្លើងប្រឆាំងរថក្រោះប្រភេទ PTRS-41 រួចយកសាកសពទាហានអាល្លឺម៉ង់ដែលស្លាប់គដូចភ្នំនោះ មកធ្វើជារនាំងសម្រាប់ការពារ ការវាយប្រហារក្រោយៗទៀត ។

អាល្លឺម៉ង់វាយប្រហារលើអគារនោះជាច្រើនលើកក្នុងមួយថ្ងៃ ហើយវាបន្តអស់ជាច្រើនសប្ដាហ៍ ធ្វើឲ្យ Pavlov និងគ្នីគ្នារបស់លោកគ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ ។ ដោយឡែកផ្លូវផ្គត់ផ្គង់ស្បៀងរបស់អ្នកទាំងនោះវិញ ពេលខ្លះត្រូវបានកាត់ផ្ដាច់ជាច្រើនថ្ងៃក៏មាន ធ្វើឲ្យ Pavlov និងគ្នីគ្នានៅក្នុងអគារនោះ រស់នៅក្រោមការស្រែកឃ្លាន ។

ពេលវេលាកន្លងផុតទៅជាយូរ កងទ័ពអាល្លឺម៉ង់បានបំផ្ទុះខ្ទេចជញ្ជាំងផ្ទះមួយចំហៀង តែក៏មិនអាចវាយលុកចូលក្នុងអគារនោះបានដែរ ទោះជាយ៉ាងនេះក្ដី អគារនោះត្រូវបានអាល្លឺម៉ង់គូសបញ្ជាក់ក្នុងផែនទីថា ក៏ជាបន្ទាយទ័ពមួយដែរ ។

Pavlov ទប់ទល់ការវាយលុករបស់អាល្លឺម៉ង់បានដល់ទៅ២ខែ តាំងពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ។ ឆន្ទៈដ៏មោះមុតរបស់ Pavlov និងបក្សពួករបស់ខ្លួន បានធ្វើឲ្យអាល្លឺម៉ង់មិនអាចដណ្ដើមទីតាំងយុទ្ធសាស្ត្រនេះបានទេ ប្រៀបដូចជាការអូសបន្លាយពេលមួយ រង់ចាំទម្រាំកងទ័ពក្រហមសូវៀតអាចវាយបកមកវិញបាន ទើបពួកគេត្រូវបានរំដោះចេញមកវិញ ដោយសម្រេចលទ្ធផលជារួមគឺ សង្គ្រាមនៅ Stalingrad ឬ Battle of Stalingrad សូវៀតជាអ្នកឈ្នះសង្គ្រាម ។

តាមពិតទៅមូលហេតុមួយផ្សេងទៀត ដែលនាំឲ្យ Pavlov និងគ្នីគ្នានៅតែជម្នះតទល់នឹងសត្រូវខាងក្រៅដ៏ខ្លាំងបែបនេះ គឺព្រោះតែមានបញ្ជាពីមេដឹកនាំ Stalin មកថា “មិនត្រូវថយក្រោយសូម្បីតែមួយជំហាន” ពោលគឺត្រូវប្រយុទ្ធដល់ជីវិតទាហានម្នាក់ចុងក្រោយ កាំភ្លើងចុងក្រោយ និងគ្រាប់ចុងក្រោយ ដោយបញ្ជានោះត្រូវបានគេឲ្យឈ្មោះថា Order No. 227 ។

សរុបជារួមនៃជីវិតមនុស្សដែលស្លាប់ក្នុងសង្គ្រាមនេះ មានដល់ទៅជាង២លាននាក់ គិតទាំងសងខាង ហើយជនស៊ីវិល៤៧ម៉ឺននាក់ផ្សេងទៀត ក៏បានស្លាប់ក្នុងសង្គ្រាមនេះដែរ ព្រោះពួកគេត្រូវបានរដ្ឋាភិបាលសូវៀតបញ្ជាថា មិនឲ្យរត់ភៀសខ្លួនចេញពីសង្គ្រាមនេះទេ ព្រោះវានឹងបង្ហាញភាពទន់ខ្សោយរបស់សហភាពសូវៀត ។

សូមរម្លឹកថា ការសម្រេចចិត្តខុសដ៏ធ្ងន់ធ្ងររបស់ Hitler ក្នុងសង្គ្រាមនៅ Stalingrad នេះ បានសម្លាប់ជីវិតទាហានអាល្លឺម៉ង់អស់ច្រើនមហាសាល ពោលគឺច្រើនជាងការវាយដណ្ដើមបារាំងទៀត ។ អាល្លឺម៉ង់ប្រើពេលអស់២ខែ តែវាយមិនបែកអគារកម្ពស់៤ជាន់នេះសោះ ផ្ទុយទៅវិញអាល្លឺម៉ង់វាយចូលប្រទេសបារាំងទាំងមូលបានសម្រេច ដោយមិនបានចំណាយពេលអស់ច្រើនដូចនេះផង ។

ដើម្បីរម្លឹកដល់ស្នាដៃនៃសង្គ្រាម និងភាពអង់អាចក្លាហានរបស់ពលបាលត្រី Yakov Fedotovich Pavlov ក្រោយសង្គ្រាមបានបញ្ចប់ គេបានដាក់ឈ្មោះអគារនោះថា Pavlov’s House ហើយវាត្រូវបានគេជួសជុលឡើងវិញ ដោយប្រើថ្មដែលបាក់បែកចេញពីអគារនោះ ហើយវាត្រូវបានគេចាត់ទុកជានិមិត្តរូបនៃសង្គ្រាមនៅ Stalingrad ។ មកទល់ពេលបច្ចុប្បន្ននេះ អគារកម្ពស់៤ជាន់នេះក៏នៅត្រូវបានគេប្រើប្រាស់ ជា Apartment សម្រាប់ស្នាក់នៅដែរ ៕

ប្រភព៖ kqube, Thevintagenews, RT

Loading...

  • កំហុស​ដ៏​ធំ​បំផុត​មួយ​របស់​ Hitler ក្នុង​សង្គ្រាម​លោក​លើក​ទី​២已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ជីវិតនិងសង្គម
Tags: