ខ្លាចណាស់… ប៉ុន្តែផ្គើន

ខេត្តស្ទឹងត្រែង ​៖ ក្រុម​អ្នកលក់​សាច់សត្វ​ព្រៃ ​និង​សត្វព្រៃ​រស់​លើ​ទីផ្សារ​ស្ទឹង​ត្រែង ​ហាក់បីដូច​ផ្គើននឹង​សមត្ថកិច្ច​ ខណៈ​ឃើញ​​កម្លាំង​ចុះ​​​ចាប់​ពេល​ព្រឹក តែឃើញ​​ដាក់​លក់​ល្ងាច ​មិន​ខ្វល់​ពី​ការ​បង្ក្រាប​នោះទេ​ ​សង្ស័យ​ធ្លាយ​ដំណឹង​​ពី​សមត្ថកិច្ច​ក្នុង​​ខេត្ត​ជា​មុន ។

​ក្រុម​អ្នកលក់​សត្វព្រៃ​ទាំងនោះ​ ត្រូវ​ក្រុម​អាជីវករ​លក់​ត្រី​បន្លែ​ក្បែរ​នោះ​និយាយ​ថា​ ពួក​គេ​(​អ្នកលក់​សត្វព្រៃ​)​ កំពុង​លក់​សុខ​ៗ​ស្រាប់​តែ​មាន​ទូរស័ព្ទ​ផ្អើល​ឈុ​ល​​រត់គេច​ខ្លួន​ ដែល​សកម្មភាព​រត់គេច​នោះ​ ត្រូវ​គេ​អះអាង​ថា ​ប្រាកដជា​មាន​សមត្ថកិច្ច​ចុះ​ចាប់​ទៀត​​ហើយ​ភ្លាម​នោះ​ដែរ ​ក្រុម​សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន​ស៊ី​វិល ​រួម​និង​កម្លាំង​ចម្រុះ​រឹបអូស​នាំ​សាច់​ព្រៃ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​អស់ ​។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​សារ​ជា​ថ្មី​ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១២ ​តុលា​ ២០១៦ ​បន្ទាប់​ពី​កម្លាំង​អន្តរាគមន៍​ចុះ​បង្ក្រាប​សត្វព្រៃ​ចល័ត​​នៃ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​​ពង់​មាន់ និង​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​បង្ក្រាប​ កាលពី​ថ្ងៃ​ទី​០៥​ តុលា​ ២០១៦ ​រឹបអូស​សាច់សត្វ​ព្រៃ​ស្រស់​ក្រៀម​ និង​សត្វ​ព្រៃ​​រស់​ជិត​២០០​គីឡូក្រាម​នាំ​កម្ទេច​ចោល​។

ក្រោយ​ការ​បង្ក្រាប​ក្រុម​អាជីវករ​ជួញដូរ​សត្វព្រៃ​កន្លង​មក​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ តុលា​២០១៦ ​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដដែល​បាន​បង្ក្រាប​និង​រឹបអូស​សាច់សត្វ​ព្រៃ​សរុប​ចំនួន​៣១​គី​ឡូក្រាម ​ក្នុង​នោះ​មាន​សាច់​ជ្រូកព្រៃ​ស្រស់​ចំនួន​១១​គីឡូក្រាម និង​សាច់​ឈ្លូស​ស្រស់​ចំនួន​២០​គីឡូក្រាម​។

ប្រភព​​និយាយ​ថា ​នេះ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​វេលា​ថ្ងៃ​ពេក​ទៅ​ហើយ ​ប្រសិនជា​ព្រឹក​ព្រលឹម​វិញ ​ប្រហែល​មិន​ក្រោម​ពី​២០០​
គីឡូ​​ក្រាម​​ឡើយ​ ។ ​ព្រឹក​ឡើង​ក្រុម​អាជីវករ​ទាំងនោះ​ ដាក់​សាច់​ព្រៃ​លក់​ ដូច​អ្នកលក់​ខោអាវ​ជជុះ​ បន្ទាប់​ចាប់​ព្រឹក​ ដាក់​លក់​ល្ងាច​មិន​ក្រែ​ងអ្នកណា​​​ចាប់​នោះ​ឡើយ ។

​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពង់​មាន់បាន​ប្រាប់​​​ថា​ សាច់សត្វ​ព្រៃ​ទាំងនោះ ​ក្រោយ​រឹបអូស​ជំនាញ​បាន​ជីក​ដី​កប់​ចោល​នៅ​ក្នុង​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​ដកហូត​ រួម​​ជាមួយ​កម្លាំង​ចម្រុះ​ ។ ​គួរ​បញ្ជាក់​ថា​ ទាក់ទិន​ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​មិន​ឃាត់ខ្លួន​អាជីវករ​ណា​ម្នាក់​ មក​ធ្វើ​កិច្ចសន្យា ​ឬ​ផាកពិន័យ​នោះ​ដែរ ។