ឆ្ងល់​ដល់ក ! ដេក​អី​ដេក​យ៉ាងនេះ ដេក​ក្បែរ​ហើយ ភ្ញាក់​ឡើង​បាត់​អស់រលីង

ខេត្តកំពង់ធំ ៖ ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា​ ខណៈ​ថៅកែ​ហាង​ទូរស័ព្ទ​មួយ​កន្លែង​បាន​ស្រែក​ផ្អើល​ឆោឡោ​ទាំង​ព្រឹក​ថា​បាត់​ទូរស័ព្ទ​​អស់រលីង​ពី​ក្នុង​ទូរ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំនុច​ហាង​លក់​ទូរស័ព្ទ​យីហោ ទ្រី ចាន់​សែ ស្ថិត​ក្នុងភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយ​ណ៏ ស្រុក​បារាយណ៍ ។

លោក​វរសេនីយ៍ត្រី សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ហាង​ឈ្មោះ ទ្រី ចាន់​សែ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឃុន សីហា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មានមុខ​របរ​លក់​ទូរស័ព្ទ​ដៃ ។

ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពេល​យប់​ឡើង​​គាត់​ដេក​នៅ​ក្នុងផ្ទះ​ក្បែរ​ទូរ​ដាក់​ទូរស័ព្ទ ពេល​ភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​ទូរ​​ចំហ​ហើយ​បាត់​ទូរ​ស័​​ព្ទ​​អស់រលីង​ក៏​ផ្អើល​ឆោឡោ​ទើប​ដឹង​ថា ចោរ​គាស់​ដំបូលផ្ទះ​ចូល​លួច​តាំងពី​យប់​តែ​មិនដឹង​ថា​ តាំងពី​ពេល​ណា​នោះ​ទេ រួច​ក៏​បើក​គន្លឹះ​ទ្វារផ្ទះ​ចេញ​ទៅ​បាត់ ។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ពេល​រាប់​ទូរស័ព្ទ​មើល​ទើប​ដឹង​ថា បាត់​អស់​ចំនួន​១៦២​គ្រឿង ដែល​សរុប​ជា​ទឹក​ប្រាប់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​ឯណោះ ។ បន្ទាប់​មក​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ​បាន​សន្និដ្ឋាន​ជាបឋម​ថា ទំនងជា​ក្មេង​ស្ទាវ​ដែល​មាន​មាឌតូច​ជា​អ្នក​ចូល​ទៅ​លួច ព្រោះ​ប្រឡោះ​ដំបូល​នេះ​មាន​ទំហំ​តូច​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ថា ទូរស័ព្ទ​ដាក់​ក្នុង​ទូរ​នៅ​ក្នុងផ្ទះ ហើយ​ម្ចាស់​ដេក​នៅ​ជិត​ទូរ​ទៀត ហេតុ​អ្វី​ក៏​គ្មាន​ឮ​សំឡេង​អ្វី​បន្តិច​សោះ ! ដេក​អី​ក៏​ដេក​យ៉ាងនេះ ឆ្ងល់​ដល់ក​ហើយ​ !