ប្រធានាធិបតី​ចិន ហ្ស៊ី ជី​ន​ពីង ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ថ្ងៃស្អែក

រាជធានី​ភ្នំពេញ​៖ តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា លោក ហ្ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែតុលា​ស្អែក​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា លោក​ប្រធានាធិបតី​ចិន ហ្ស៊ី ជី​ន​ពីង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​នរោត្តម​សីហ​មុនី និង​ចូល​ក្រាប​បង្គំ​គាល់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហ​នុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ​និង​សុភមង្គល នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

សេចក្តីជូនដំណឹង​ក៍បាន​បញ្ជាក់​ទៀត​ថា អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃនេះ​ដែរ លោក ហ្ស៊ី ជី​ន​ពីង នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ ហ៊ុន សែន ហើយ​បន្ទាប់​មក​ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ថ្លែង​នៅ​កោះ​ពេជ្រ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​ចំនួន​៣២៥៤​នាក់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ តុលា បាន​ឲ្យ​ដឹង​ថា មាន​កិច្ចព្រមព្រៀង​និង​ពិធីសារ​យ៉ាង​ហោច​ណាស់​ចំនួន​២៨  នឹង​ត្រូវ​ចុះហត្ថលេខា​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ចិន ហ្ស៊ី ជី​ន​ពីង នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៣-១៤ តុលា​នេះ ៕