ឃាតកម្ម​សម្លាប់​ប្ដី​ប្រពន្ធ​២​នាក់ នៅ​កណ្តាល​វាលស្រែ​, កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់​មូលហេតុ​ពេក​ផឹកស៊ី​ម្តងៗ​មើលងាយ​ខ្លួន​

ខេត្តព្រៃវែង៖ ឃាតកម្មសម្លាប់២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀច នោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ។ ជនដៃដល់ថាផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនរាល់ពេលផឹកស៊ីជាមួយគ្នា ។សូមរំលឹកថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។

ka-12-10-2016-20

លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះថា ជនសង្ស័យឈ្មោះ ឆាយ ហេង ហៅ តឹង។ តាមចម្លើយ សារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។ ជនសង្ស័យបាននិយាយថា មូលហេតុដោយសារខឹងនឹងជនរងគ្រោះ (ស្រី)ជេរប្រមាថមាក់ងាយខ្លួន ពេលខ្លួនហៅជនរងគ្រោះប្តី មកស៊ីផឹកម្តងៗ ក៏កើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសមានពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយប្រពន្ធនៅក្រោយស្ទាក់សម្លាប់ប្រពន្ធឮសម្រែកប្តីមកជួយក៏បន្តសម្លាប់ប្តីទៀត។

ka-12-10-2016-22

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩ និង០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។ ជនដៃដល់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ka-12-10-2016-21