ស៊យអី! ​គ្រាន់តែដោះច្រវាក់ជើង ឡើងលើ​ដំបូលផ្ទះអត់​ព្រម​ចុះ

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កំពុង​មានការ​ភ្ញាក់ផ្អើល​មួយ ដែល​បុរស​សរសៃប្រសាទ​ម្នាក់ បាន​ឡើង​ទៅ​លើ ដំបូល​ផ្ទះ​ជួល​របស់​ខ្លួននិយាយរវើរវាយម្នាក់ឯង ​ដែល​ធ្វើឱ្យគ្រប់គ្នា​ភ័យខ្លាច​ធ្លាក់ចុះមក ដែលរហូត​ដល់​វេលា​ម៉ោង​០៤ និង​៣៤​នាទី​រសៀល​ថ្ងៃ​ទី​១២ តុលា នេះ នៅតែអត់​ព្រម​ចុះ​មក​​វិញ​ទេ ខណៈ​​ប្រពន្ធ​បាន​លួងលោម​យ៉ាងណា​ក៏​ដោយ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ​សោម សៅ អាយុ​២៩​ឆ្នាំ ជា​អតីត​ប្រធាន​រដ្ឋបាល​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង មាន​ប្រពន្ធ​ធ្វើការ​នៅ​រោងចក្រ​ដូច​គ្នា កើតជំងឺ​សរសៃប្រសាទជាយូរឆ្នាំមកហើយ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​​​ប្រពន្ធ​ឱ្យដឹង​ថា ប្តី​ខ្លួន (​បុរស​ខាងលើ​) មាន​ជំងឺសរសៃប្រសាទ​​ច្រើន​ឆ្នាំ​​​ហើយ ហើយ​ក្រុម​គ្រួ​សារបាន​យក​ទៅ​ព្យាបាល​​ដែរ តែ​មិន​បាន​ធូរស្បើយ​ទេ រហូត​ត្រូវ​ពួកគាត់បង្ខំ​ចិត្ត​ដាក់​ច្រវាក់​ជើង​ទៀត​ផង ខ្លាច​ដើរទៅ​ណា​បាត់ ។ តែ​មួយ​រយៈ​ចុង​ក្រោយ ឃើញ​ស្ថានភាព​ជំងឺ​របស់​គាត់​បាន​ធូរស្បើយ​វិញ ក៏​​ដោះ​ច្រវាក់​ជើង​ចេញ ។ លុះ​នៅថ្ងៃនេះ​ ស្រាប់តែ​ជំងឺ​រើ​ឡើង​វិញ ប្តីគាត់​បាន​​កាន់​ធូប​អុជ​មួយ​បាច់​​ធំ ហើយចុះ​​ដំបូលផ្ទះ​ឡើង​​ទៅ តែ​ត្រូវ​បាន​ទាញ​យក​ធូបនោះ​ចេញពី​ដៃ​បានទាន់ ប៉ុន្តែ​មនុស្ស​​​ឡើង​ទៅ​លើ​ដំបូល​បាត់​ហើយ ។

​ពេល​ឡើង​ទៅ​ដល់​ដំបូល​ បាន​ស្រែក​ឡូឡា និយាយរវើរវាយឆ្ការដៃឆ្ការជើងម្នាក់ឯង និង​ប្រាប់​ថា ចង់​លោត​ពី​ដំបូល​ចុះ​មក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​លួងលោម​ឱ្យ​ចុះ​គ្រប់​គ្នា តែ​បុរស​នោះ​មិន​ព្រម​ចុះ​ទេ ។