សំណុំរឿង​ស្នេហា​ត្រី​សម្លាប់​ច្រក​បាវ កាត់ទោស​២​នាក់​ប្តី​ប្រពន្ធ

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ជាង​៣​ខែ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ជនជាប់ចោទ​២​នាក់​ប្តី​-​ប្រពន្ធ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​បើក​សវនាការ​កាត់ទោស ។ សវនាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ប្ដី​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ​ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន ចំណែក​ប្រពន្ធ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ សម​គំ​និត្យ​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ជនជាប់ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​នាំ​មក​កាត់ទោស​នេះ​គឺ​ឈ្មោះ ខេ​ម ខេ​ង (​ប្តី​) អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាប សុខ​ជឿន អាយុ​២៦​ឆ្នាំ ។ សវនាការ​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ចៅក្រម​៣​រូប​គឺ លោក ទី សំណាង លោក អ៊ី សុវណ្ណ និង កញ្ញា អ៊ី ម៉ា​ណូ​ការ ឯ​តំណាង​អយ្យការ​គឺ​លោក សំ​ម ឫ​ទ្ធី​វាសនា ។

ក្រោយ​ពី​បាន​ដេញដោល​ចោទសួរ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​អស់​រយៈពេល​ជិត​៣​ម៉ោង អង្គ​សវនាការ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​២​នាក់ គឺ ឈ្មោះ ខេ​ម ខេ​ង (​ប្តី​) ជាប់គុក​៣០​ឆ្នាំ ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន និង ប្រពន្ធ​ជាប់គុក​២០​ឆ្នាំ ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ នគរបាល​ស្រុក​ស្អាង​បាន​បំបែកសំណុំរឿង​ឃាតកម្ម​បិត​មុខ​ដែល​សាកសព​ត្រូវ​បាន​គេ​ច្រក​បាវ​ទម្លាក់​ទឹក​ត្រពាំង​ក្នុងភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​កំណត់​បាន​មុខសញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លូ​ន​មនុស្ស​២​នាក់​(​ប្តី​ប្រពន្ធ​)​ឆ្លើយ​សារភាព​ខ្លួន​បាន​ប្រ​ព្រិ​ត្ត​អំពើ​មនុស្សឃាត​នោះ​ព្រោះ តែ​សងសឹក និង​ការ​លួច​មាន​ស្នេហា​ត្រីកោណ ។

នគរបាល​ស្រុ​ស្អាង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ លៃ លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជន ជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ ។

ជនសង្ស័យ​ជា​ប្ដី​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ឈ្មោះ លៃ លី​ន ពិតប្រាកដ​មែន ដោយ​មូលហេតុ​ឈ្មោះ លៃ លី​ន លប​លួច​ទាក់ទង​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ហើយ​ខ្លួន​ក៏​តាម​ទាន់ ពេល​អ្នក​ទាំង​២​កំពុង​ឱប​ថើប​គ្នា ហើយ​បាន​សួរ​ដេញដោល ប្រពន្ធ​សារភាព​ថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​គេ​(​ជន​រង​គ្រោះ​) ។ បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ប្រាប់​ប្រពន្ធ​ឲ្យ​ទូរ​ស័​ប្ទ​ហៅ​ជន​រង​គ្រោះ​មក​ដើម្បី​សម្លាប់ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាព​ថា ខ្លួន​បាន​ទាក់ទង​មាន​ស្នេហា​លួចលាក់​ជាមួយ​ឈ្មោះ លៃ លី​ន តាំងពី​ក្នុង​ខែមេសា ឆ្នាំ​២០១៦​មក​ម្ល៉េះ ហើយ​បាន​ដេក​ជាមួយ​គ្នា​ចំនួន​២​ដង​ហើយ លើក​ក្រោយ​ក៏​បែក​ការណ៍​ដឹង​ដល់​ប្ដី ហើយ​នៅ​វេលា​ម៉ោង​៤​រសៀល នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ប្តី​សួរនាំ ។ បន្ទាប់​មក​ប្ដី​បាន​ឲ្យ​ខ្លួន​ប្រើ​ល្បិច​ទូរស័ព្ទ​ទៅ​ទាក់ទង​ហៅ​ឈ្មោះ លៃ លី​ន មក​ផ្ទះ​ដោយ​ប្រាប់​ថា​មក​គេង​ជាមួយ​គ្នា​ទៀត តែ​ការ​ពិត​គឺ​បាន​រៀប​គម្រោង​សម្លាប់ ៕