របប​សឹក​ថៃ បញ្ជា​ឲ្យ​កងកម្លាំង​រឹតបន្តឹង​សន្តិសុខ​ខ្លាំង ក្រោយ​មានការ​គំរាម​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ចុងខែ​នេះ​ និពន្ធដោយ : ទេព អ៊ីវិសាល       October-12-2016, 5:28 pm         565

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132របប​សឹក​ថៃ បញ្ជា​ឲ្យ​កងកម្លាំង​រឹតបន្តឹង​សន្តិសុខ​ខ្លាំង ក្រោយ​មានការ​គំរាម​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ចុងខែ​នេះ​​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ (NCPO) បានដាក់​បញ្ជា​យ៉ាង​តឹងរឹង​ទៅលើ​សន្តិសុខ​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ក្រុង​បាងកក​ជាថ្មី​ពី​ក្រុម​មិន​ស្គាល់មុខ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​របប​សឹក​ថៃ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មាន​ភាពភ័យខ្លាច និង​ជឿជាក់​លើ​ការបំពេញ​ការងារ​រប​ស់​ប៉ូលិស​។ 

​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ លោក Piyapong Klinphan នៅ​ថ្ងៃទី​១១ ខែតុលា​ម្សិលមិញ​នេះ បាន​អះអាងថា ប្រមុខ​រដ្ឋាភិបាល បានដាក់​បញ្ជា​ដល់​កងកម្លាំង​ឲ្យ​ធ្វើការ​ឃ្លាំមើល​រាល់​សកម្មភាព​សង្ស័យ​នានា​, កំណត់​កន្លែង​ត្រួត​ពិ​និ​យ្យ​ឲ្យ​បាន​ច្រើន និង​ប្រតិបត្តិ​ការរុករក​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការរំខាន​សាធារណៈ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១២ ខែតុលា​នេះ​។

​អ្នកនាំពាក្យ​រូបនោះ បាន​បន្ថែមថា ខែតុលា គឺជា​ខែ​មួយ​ដែល​ធ្លាប់មាន​ព្រឹត្តិការណ៍​បញ្ហានយោបាយ​សំខាន់ ហើយ រដ្ឋាភិបាល​ត្រូវតែ​ធានា​ពី​សុវត្ថិភាព​សាធារណៈ និង​ត្រៀមខ្លួន​សម្រាប់​ស្ថានភាព​ផ្សេងៗ​ដែល​អាច​កើតឡើង​គ្រប់ពេល ដែល​រាប់បញ្ចូល​ទាំង​ការគំរាមកំហែង​វាយប្រហារ​នៅ​ចុងខែ​តុលាការ​នេះ​ផងដែរ​។ តែ​លោកអ្នក​នាំពាក្យ​រូបនោះ មិនបាន​ពន្យល់ថា​តើ​មាន​ព្រឹត្តិការណ៍​នយោបាយ​អ្វី​សំខាន់​ធ្លាប់​កើត​នៅក្នុង​ខែតុលា​នេះ​នោះទេ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ ត្រូវបាន​ធ្វើឡើង​ស្រប​ជាមួយនឹង​សេចក្តីអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ អូ​ចា ជុំវិញ​នៃ​ការ​រឹតបន្តឹង​សន្តិសុខ​ជាតិ​ផងដែរ​។ លោក ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក៏បាន​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​ប្រជាជនមាន​ការអត់ធ្មត់ បន្ទាប់ពី​ប៉ូលិស បាន​ព្រមាន និង​ឲ្យ​ដំណឹង​ពី​គម្រោង​បំផ្ទុះ​គ្រាប់បែក​ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នៅក្នុង​រាជធានី​បាងកក​ដែល​រាប់បញ្ចូល​ទាំង​ព្រលានយន្តហោះ​ផងដែរ​នោះ​។​

«​សូម​ទុក​កិច្ចការ​ឲ្យ​មន្ត្រីប៉ូលិស​ជា​អ្នកធ្វើ ហើយ សូម​ផ្តល់​ការជឿជាក់​ទៅ​ឲ្យ​ពួកគេ​»​។ នេះ​គឹជា​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា ក្រោយពី​ប៉ូលិស​ថៃ បាន​ព្រមាន និង​បង្ហាញ​ពី​កំណត់ហេតុ​មួយ​ថា មាន​ក្រុម​មិន​ស្គាល់មុខ បាននិងកំពុង​រៀប​ផែនការ បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រាជធានី​បាងកក​នោះ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ដែរថា ផែនការ​បំផ្ទុះ​គ្រាប់បែក គឺ​គ្រាន់តែ​ជាការ​ព្រមាន​ប៉ុណ្ណោះ ហើយ លោក អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មាន​ភាពភ័យខ្លាច ដោយ​លោក បន្ថែម ថា ប៉ូលិស ក៏​កំពុងតែ​បើក​ការស៊ើបអង្កេត​ផងដែរ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Strait Times​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ នៅ​ថ្ងៃទី​១០ ខែតុលា ប៉ូលិស​ថៃ បានបង្ហាញ​អ្នកសារព័ត៌មាន​ពី​កំណត់ហេតុ​មួយ​នៃ​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ក្រុង​បាងកក​។ កំណត់ហេតុ​នោះ បាន​និយាយថា មាន​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម បានរៀបចំ​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រាជធានី​បាងកក នៅក្នុង​អំឡុង​ថ្ងៃទី​២៥​ដល់​៣០ ខែតុលា ដែល​បញ្ចូល​ទាំង​ព្រលានយន្តហោះ​ផងដែរ​៕