ខុទ្ទកាល័យ​លោក ហេង សំរិន៖ ទំនាក់ទំនង​កម្ពុជា-ចិន​នឹង​ឈាន​ដល់​ចំណុច​កំពូល

នាយក​ខុទ្ទកាល័យ​របស់​លោក ហេង សំរិន លើក​ឡើង​ថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ តំណាង​រាស្ត្រ និង​ជា​នាយក​ខុទ្ទកាល័យ​លោក ហេង សំរិន គឺ​លោក កែវ ពិសិដ្ឋ និយាយ​ថា សព្វថ្ងៃ​នេះ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​លើក​កម្ពស់ ពង្រឹង​ទំនាក់ទំនង​ការទូត​ឲ្យ​កាន់​តែ​ជិតស្និទ្ធ ដើម្បី​សម្រេច​បាន​ទិសដៅ​រួម​មួយ គឺ​ការ​អភិវឌ្ឍ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន លោក ហ្សុង បូ (Xiong Bo) ដែល​ទើប​តែ​ត្រូវ​តែងតាំង​ថ្មី បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែ​តុលា។

នាយក​ខុទ្ទកាល័យ​របស់​ប្រធាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ចំណង​មិត្តភាព​កម្ពុជា-ចិន នឹង​ឈាន​ដល់​ចំណុច​កំពូល​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន ខណៈ​ប្រធានាធិបតី​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើក​ទី​ពីរ​នេះ។ ទោះ​ជា​បែប​នេះ​ក្តី លោក កែវ ពិសិដ្ឋ មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ភាព​អវិជ្ជមាន​រវាង​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​នេះ​ទេ៖ «នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​រដ្ឋាភិបាល ក៏​ដូច​ប្រជាជន​កម្ពុជា រីករាយ​សាទរ​ការ​ពន្លឿន​នៃ​សេដ្ឋកិច្ច»

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៣-១៤ តុលា។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ កម្ពុជា-ចិន នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង និង​ពិធីសារ​ជិត​៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។