ចចាមអារ៉ាម​អកុសល កើត​ឡើង​ជុំវិញ​ព្រះ​រាជ​សុខភាព​ស្ដេច​ថៃ

នៅ​រសៀល​នេះ មាន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បង្ហោះ​ឡើង​នូវ​ចចាមអារ៉ាម​អកុសល ពី​ព្រះរាជ​សុខភាព​ព្រះ​មហាក្សត្រ Bhumibol Adulyadej ខណៈ​ដែល​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​ថៃ​ផ្ទាល់​ហាក់​រក្សា​ភាព​​ស្ងប់ស្ងាត់។ អ្នក​យក​ព័ត៌មាន​នៅ​ប្រទេស​ថៃ និង​និស្សិត​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​សិក្សា​នៅ​ទីនោះ សុទ្ធតែ​អះអាង​ថា​គ្រាន់​ជា​ពាក្យ​ចចាមអារ៉ាម និង​រង់ចាំ​ការ​បញ្ជាក់​ផ្លូវការ​ពី​រដ្ឋាភិបាល​ដូច​គ្នា។

 

ចចាមអារ៉ាម​អកុសល កើត​ឡើង​ជុំវិញ​ព្រះ​រាជ​សុខភាព​ស្ដេច​ថៃ

 

អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​​ប្រទេស​ថៃឈ្មោះ សាថាផាត់ ភឿថង ​បាន​ប្រាប់ Sabay ថា ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​កំពុង​កើត​មាន​បន្ត​បន្ទាប់​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ខណៈ​ដែល​សារព័ត៌មាន​នានា​មិន​ហ៊ាន​ចែក​ចាយ ដោយ​ត្រូវ​រង់ចាំ​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល។

 

និស្សិត​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​រៀន​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ប្រាប់ Sabay ស្រដៀង​គ្នា​ថា មិន​បាន​ដឹង​ព័ត៌មាន​នេះ​ឡើយ ហើយ​គ្រប់​យ៉ាង​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ជា​ធម្មតា។ យ៉ាង​ណា​ក្ដី ម្នាក់​ក្នុង​ចំណោម​នោះ បាន​អះអាង​ថា ព្រះ​រាជ​សុខភាព​របស់​ព្រះ​មហាក្សត្រ​ថៃ ពិត​ជា​ដុន​ដាប​មែន ប៉ុន្តែ​ប្រហែល​ជា​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​ការ​បាចសាច​ព័ត៌មាន​ច្រើន។

 

ចំណែក​នៅ​លើ​កាសែត The Nation ដែល​ជា​សារព័ត៌មាន​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​ភ្លាម​ៗ​នៅ​រសៀល​នេះ​ថា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ ស្នើ​សុំ​ប្រជាពលរដ្ឋ​កុំ​ជឿ​ចចាមអារ៉ាម​ទាំង​នោះ។ ការ​ប្រកាស​ដូច្នេះ គឺ​ក្រោយ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​លុប​ចោល​បេសកកម្ម​ទៅ​ខេត្ត Chon Buri ហើយ​ប្រញាប់​ត្រឡប់​មក​ក្រុង​បាងកក​វិញ។

 

ការ​លុបចោល​បេសកកម្ម​នេះ គឺ​ដើម្បី​មក​ធ្វើ​របាយការណ៍​ថ្វាយ​​ព្រះ​ទាយាទ​ Maha Vajiralongkorn ដែល​ត្រឡប់​មក​ពី​បរទេស​ នៅ​ថ្ងៃ​​នេះ​ដែរ ដោយ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណឹង​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រ​ឡើយ។ អ្នក​នាំ​ពាក្យ​ដែល​មាន​ឈ្មោះ Sansern Kaewkamnerd បញ្ជាក់​ថា លោក Prayut នឹង​មិន​ចេញ​សេចក្ដី​ថ្លែងការណ៍​​អ្វី​ពិសេស​នោះ​ទេ​នៅ​ថ្ងៃ​នេះ។ ​

 

ចចាមអារ៉ាម​អកុសល កើត​ឡើង​ជុំវិញ​ព្រះ​រាជ​សុខភាព​ស្ដេច​ថៃ

 

កាល​ពី​ខែ​​ឧសភា​​ ព្រះ​អង្គ Bhumibol Adulyadej ធ្លាប់​​​​​​ព្យាបាល​​​​​​​​ទឹក​​​​​​​​​ព័ទ្ធ​​​ខួរ​ក្បាល​ ​និង​​ហើម​​សួត​។ ​ព្រះ​រាជ​សុខភាព​​​​​របស់​ស្ដេច​​​​​​​​​​ យ៉ាដេត​ ​​​ត្រូវ​​គេ​​​យក​ចិត្ត​​ទុក​ដាក់​ខ្លាំង​​​​នៅ​ថៃ ​ព្រោះ​​​ព្រះ​អង្គ​​​​​ជា​​និមិត្ត​​រូប​រួប​រួម​​ និង​​សសរ​​​ស្ថិរភាព​​​ក្នុង​​សង្គម​ ដែល​ប្រទេស​​​ធ្លាប់​​​​កើត​​​មាន​​ភាព​ចលាចល​ និង​​​អំពើ​ហិង្សា​​​ច្រើន​លើក​ច្រើន​សា​កន្លង​មក​។

 

ក្នុង​​សេចក្ដី​​ថ្លែង​ការណ៍​ចេញ​​ដោយ​​រាជវាំង​ថៃ​​កាល​ពី​ខែ​មិថុនា បាន​​​ប្រាប់​ថា​ព្រះ​មហាក្សត្រ​សោយរាជ្យ​យូរ​ជាង​គេ​លើ​លោក បាន​​សម្រាក​ព្យាបាល​​​ជំងឺ​​​សរសៃ​អាកទែ​ស្អិត​​ណែន​​ចូល​គ្នា ​​ការ​ឆ្លង​មេរោគ​បាក់តេរី ​​ពិបាក​ដង្ហើម និង​​​​​ជំងឺ​ច្រើន​ប្រភេទ​​ទៀត។ ​​​ក្រុម​វេជ្ជបណ្ឌិត​​​​បាន​វះកាត់​​​​​ញែក​​សរសៃ​​អាកទែ​ក្នុង​បេះ​ដូង​​​​​​​​​​ឲ្យ​ឃ្លាត​​គ្នា ​​បន្ទាប់​​ពី​​​លទ្ធផល​តេស្ដ​​​​បង្ហាញ​​ថា​​ ពុំ​​មាន​​ឈាម​​គ្រប់​គ្រាន់​​ក្នុង​​​សាច់ដុំ​បេះ​ដូង​។ ក្រោយ​មក ព្រះ​អង្គ​ក៏​បាត់​ព្រះ​ភ័ក្រ្ត​ជា​សាធារណៈ​អស់​ជា​ច្រើន​ខែ។

 

ព្រះ​អង្គ Bhumibol Adulyadejគឺ​ជា​ព្រះមហាក្សត្រ​ដែល​គ្រង​រាជ្យ​បល្ល័ង្ក ៧០​ឆ្នាំ​មក​ហើយ យូរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ ហើយ​សព្វថ្ងៃ​ព្រះ​អង្គ​មាន​ព្រះជន្ម ៨៨ព្រះ​វស្សា៕

 

​អត្ថបទ៖ គង់ វិសាល