ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

រូបភាព ដែលថតជាប់​ដោយ​ប្រព័ន្ធផ្កាយរណប បានបង្ហាញឲ្យដឹងថា របប​ក្រុង​ព្យុងយ៉ាង បានត្រៀមការ​បាញ់​សាកល្បង​ជាថ្មីទៀត នូវកាំជ្រួច​នុយក្លេអ៊ែរ ឬកាំជ្រួចរយៈឆ្ងាយ។
ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

មជ្ឈមណ្ឌលមួយ សម្រាប់ការសាកល្បងកាំជ្រួច របស់ប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)

បើគេវិភាគទៅលើរូបភាព ដែលទើបនឹងថតជាប់ កាលពីដើមខែតុលា ដោយប្រព័ន្ធផ្កាយរណប ទៅលើ​មជ្ឈ​មណ្ឌល សម្រាប់ការបាញ់សាកល្បងមួយ នៅក្នុងប្រទេសកូរ៉េខាងជើងនោះ គេច្បាស់ជានឹងជឿជាក់ថា របប​កុម្មុយនីស​ក្រុងព្យុងយ៉ាង កំពុងត្រៀមខ្លួន ដើម្បីការបាញ់សាកល្បងនុយក្លេអ៊ែរ ឬការបាញ់ផ្លោង​កាំជ្រួច​រយៈ​ឆ្ងាយ មួយ។ ការវិភាគ ទៅលើរូបភាពនេះ បានធ្វើឡើងនៅចំខួបទី៧១ នៃការបង្កើតគណបក្សពលករ របស់​ប្រទេស​កុម្មុយនីស ដែល​បាន​ប្រព្រឹត្តិទៅ កាលពីថ្ងៃចន្ទកន្លងមកនេះ។

យ៉ាងណាក៏ដោយ ក៏រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ឃើញ មានការបាញ់សាកល្បងណាមួយ ពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាងនោះនៅឡើយ បើទោះជាក្នុងពេលកន្លងមក ការបាញ់សាកល្បង ឬការបាញ់​បង្ហាញ​ឫទ្ធិ ពីសំណាក់ប្រទេសកុម្មុយនីស តែងធ្វើឡើង នៅចំថ្ងៃដ៏សំខាន់ៗ​នោះ​ក៏ដោយ។ ជាឧទាហរណ៍៖ ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បានធ្វើឡើង ចំថ្ងៃបង្កើតរដ្ឋកូរ៉េខាងជើង នោះ​តែ​ម្ដង។

រូបភាពខាងលើ ដែលផ្ដល់ដោយវិទ្យាស្ថានកូរ៉េ-អាមេរិកាំង នៃសាកលវិទ្យាល័យ «Johns Hopkins (ក្នុង​រដ្ឋ​មីរីលេន សហរដ្ឋអាមេរិក)» បានអះអាងពីការកើនឡើងយ៉ាងខ្លាំង នៃសកម្មភាពនៅក្នុងមជ្ឈមណ្ឌល សម្រាប់​ការ​បាញ់​សាកល្បងមួយ ឈ្មោះ «Sohae» ស្ថិតក្នុងភាខាងលិច នៃប្រទេសកូរ៉េខាងជើង។ សកម្មភាពនោះ មាន​ដូចជា​រថយន្ដ​ជាច្រើន បានចតនៅក្បែរអាគារ - ប្រអប់ធំៗដែលត្រូវបានដាក់ នៅក្បែរឧបករណ៍​សម្រាប់​តម្លើង​កាំជ្រួច​សាកល្បង និងមានសកម្មភាពសាងសង់មួយចំនួនទៀត។

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

ប៉ុន្តែក្រុមអ្នកវិភាគ មិនអាចអះអាងឲ្យពិតប្រាកដទេថា សកម្មភាពទាំងនេះ ពិតជាបម្រើឲ្យ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬការបាញ់កាំជ្រួចរយៈឆ្ងាយ ដោយសារឧបករណ៍សម្រាប់តម្លើងកាំជ្រួច និងរចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវបានគ្របជិត។

តាំងពីដើមឆ្នាំ២០១៦នេះមក ប្រទេសកុម្មុយនីសបានសាកល្បងនុយក្លេអ៊ែរ បានពីរដងរួចហើយ៖ ម្ដង​នៅ​ខែ​មករា និងម្ដងទៀត នៅខែកញ្ញា។ គ្រាប់បែកនុយក្លេអ៊ែរ ដែលត្រូវបានសាកល្បង នៅខែកញ្ញា មាន​កម្លាំង​ផ្ទុះ​១០គីឡូតោន ដែលជាកម្លាំងដ៏ខ្លាំង ជាងគ្រាប់បែកណាផ្សេងទាំងអស់ ដែលប្រទេសនេះធ្លាប់ផលិត និង​មាន​កម្លាំង​ខ្លាំង​ជាង​ជិត២ដង ពីកម្លាំងផ្ទុះ របស់គ្រាប់បែកកាលពីខែមករា។

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េ បានរំពឹងថា ការសាកល្បងលើកទីបី អាចនឹងត្រូវធ្វើក្នុងពេលខាងមុខ ដោយ​គ្រាន់​តែ​នៅ​រង់ចាំបទបញ្ជា និងស្ថានការណ៍នយោបាយ ជាមួយបណ្ដាប្រទេសជាបច្ចាមិត្រ របស់របប​កុម្មុយនីស​តែ​ប៉ុណ្ណោះ។ ក្រុងព្យុងយ៉ាង មិនរារែកឡើយ ក្នុងការសាកល្បងនុយក្លេអ៊ែរ ជាថ្មីទៀត បើទោះ​ជា​ខ្លួន​រង​ការ​ដាក់​ទណ្ឌកម្ម ជាបន្តបន្ទាប់ ពីសំណាក់អង្គការសហប្រជាជាតិ តាំងពីការសាកល្បងលើកទីមួយ (ក្នុងឆ្នាំ២០០៦) មកនោះក៏ដោយ៕