តារា​សម្តែង​ពីរ​រូប​ក្នុង​រឿង «សង្គ្រាម​បេះដូង» បង្ហាញ​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន

តារា​សម្តែង​លោក ​ហេង នរៈ​កក្កដា ​តួអង្គ ​«រាជ» ​និង​កញ្ញា​​ជេស៊ីកា​ តួអង្គ «មាលា» ​ក្នុង​រឿង​«សង្គ្រាម​​បេះដូង​» បាន​បង្ហាញ​ពី​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន​និង​ដក់​ជាប់​​ក្នុង​ចិត្ត អំឡុង​ពេល​ថត​រឿង «សង្គ្រាម​បេះដូង» ក្នុង​កិច្ច​​សម្ភាសន៍​ពិសេស​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិល​មិញ​នេះ​នៅ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​។
 
តារា​សម្តែង​ពីរ​រូប​ក្នុង​រឿង «សង្គ្រាម​បេះដូង» បង្ហាញ​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន
 
លោក​ ហេង នរៈ​កក្កដា​​ប្រាប់​ថា​ ឈុត​ដែល​លោក​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ទី​មួយ​ត្រង់​ឈុត​ក្រឡាប់​ឡានព្រោះ​​​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​មួយ​ថ្ងៃ​ដើម្បី​ថត​ឈុត​មួយ​នេះ​ ជា​ពិសេស​​ត្រូវ​ថត​ទាំង​ភ្លៀង។ ដោយឡែក​​​​ឈុត​ឆាក​មួយ​ទៀត​ដែល​ដក់​ក្នុង​ចិត្ត​លោក​ដែរ​នោះ គឺ​នៅ​ពេល​លោក​និង​កញ្ញា​ជេស៊ីកា​ត្រូវ​​គេ​ចាប់​ចង​ក្នុង​ផ្ទះ​ ហើយ​ត្រូវ​គេ​ដុត​ភ្លើង​ក្នុង​បំណង​ចង់​ឱ្យ​ស្លាប់​ក្នុង​ភ្លើង​នោះ​តែ​ម្តង។
 
ប៉ុន្តែ​លោក​ប្រាប់​ថា គ្រប់​ឈុត​ឆាក​ទាំងអស់​​ក្នុង​រឿង​ «សង្គ្រាម​បេះដូង» ​មិន​មាន​អ្វី​លំបាក​សម្រាប់​រូប​លោក​ទេ ព្រោះ​លោក​តាំង​ចិត្ត​ថា តួ​សម្ដែង​ត្រូវ​តែ​ថត​​ឱ្យ​បាន​គ្រប់​ទម្រង់​នៃ​តួ​​ទាំងអស់ ជា​ពិសេស​ក្នុង​ការ​ថត​រឿង​នេះ ក៏​មាន​​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​អ្នក​ដឹក​នាំ​រឿង និង​ក្រុម​ការងារ​ទាំង​មូល។
 
តារា​សម្តែង​ពីរ​រូប​ក្នុង​រឿង «សង្គ្រាម​បេះដូង» បង្ហាញ​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន
 
ដោយ​ឡែក​តួ​អង្គ​កំប្លុក​កំប្លែង​ ទស្សនា​ហើយ​មិន​ជិន​ណាយ កញ្ញា​ជេស៊ីកា​បាន​ប្រាប់​ថា ឈុត​ដែល​កញ្ញា​ចង​ចាំ​ និង​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ឆាក​ជីវិត​នោះ គឺ​ត្រង់​ឈុត​ដែល​កញ្ញា​ត្រូវ​ហែល​ទឹក​ទៅ​ស្រង់​តួ​ប្រុស​ចេញ​ពី​ក្នុង​ទឹក ទាំង​កញ្ញា​មិន​ចេះ​ហែល​ទឹក​ និង​បាន​ធ្វើ​ឱ្យ​កញ្ញា​លង់​ទឹក​ផង​​។
ឈុត​មួយ​ទៀត​នោះ​ គឺ​​​បន្ទាប់​ពី​ស្រង់​តួ​ប្រុស​ចេញ​ពី​ទឹក​ហើយ​ កញ្ញា​ត្រូវ​ផ្លុំ​ខ្យល់​តាម​មាត់ ដើម្បី​ជួយ​សង្គ្រោះ​តួ​ប្រុស​ ហើយ​ដែល​កញ្ញា​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ឆាក​ជីវិត​សម្រាប់​កញ្ញា​ ដែល​ត្រូវ​ប្រើ​មាត់​ទល់​មាត់​បែប​នេះ។
 
រឿង​ «សង្គ្រាម​បេះដូង​» ជា​ស្នាដៃ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​ (KMF)​ ក្រោម​ការ​ផ្តល់​ទុន​ផលិត​ពី​ស្ថានីយទូរទស្សន៍​​ភី​អិន​អិន ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក។
«សង្គ្រាម​បេះដូង» ជា​ការ​ផលិត និង​សរសេរ​ដោយ​កូន​ខ្មែរ​មួយ​រយ​ភាគ​រយ ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុងសង្គម​​ខ្មែរ​ ដែល​បង្កប់​ទៅ​ដោយ​មហិច្ឆតា​ ស្នេហា គំនុំ​និង​អាថ៌កំបាំង​។
 
តារា​សម្តែង​ពីរ​រូប​ក្នុង​រឿង «សង្គ្រាម​បេះដូង» បង្ហាញ​អារម្មណ៍​ដែល​មិន​អាច​បំភ្លេច​បាន
 
ចង់​ដឹង​ថា​តើ​រឿង «សង្គ្រាម​បេះដូង» នឹង​មាន​អ្វី​ប្លែក ខ្សែ​រឿង​នឹង​ទៅ​ជា​យ៉ាង​ណា សូម​កុំ​ភ្លេច​តាម​ដាន​ទស្សនា​រៀង​រាល់​ថ្ងៃ​ព្រហស្បត្ត៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​​៨:០០​នាទី​យប់។
 
ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​បាន​បេ្តជ្ញា​ចិត្ត​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ជាង​មួយ​រយ​ម៉ោង​ក្នុង​ឆ្នាំ​២០១៦​នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទស្សនិកជន​។ ក្រៅ​ពី​រឿង​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​ និង​រឿង​សង្គ្រាម​បេះដូង​ដែល​កំពុង​ចាក់​ផ្សាយ ប្រិយមិត្ត​នឹង​បាន​តាម​ដាន​ទស្សនា​នូវ​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​រឿង​ភក្តី​ស្នេហ៍​ទ្វេ​ភព​ រឿង​កែវ​ភ្នែក និង​រឿង​បំភ្លេច​មិន​បាន ជា​ដើម​ដែល​នឹង​បង្ហាញ​ជូន​នៅ​ក្នុង​ស្ថានីយ៍​ទូរទស្សន៍​ភី​អិន​អិន​តែ​មួយ​គត់៕

 

អត្ថបទ៖ ពាណិជ្ជកម្ម