គ​.​ជ​.​ប នៅតែ​ប្រឈម​នឹង​បញ្ហា​បច្ចេកទេស សម្ភារៈ​និង​ធនធានមនុស្ស

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពីដំណើរការប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់,លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត,ការអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងការជម្រុញក្រុមចុះឈ្មោះបោះឆ្នោត ព្រមទាំងអាជ្ញាធរឲ្យចូលរួមសហការ។

នៅក្នុងកិច្ចប្រជុំនោះលោករ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងពីបញ្ហាមួយចំនួនដែលគ.ជ.ប កំពុងជួបប្រទះមានដូចជា បញ្ហាបច្ចេកទេស និងការបញ្ជូនទិន្នន័យមកពីតាមបណ្តាឃុំ សង្កាត់ ដែលនៅកន្លែងខ្លះ ខ្វះប្រព័ន្ធអ៊ិនធើណេត ដែលជាហេតុបញ្ជូនមកមិនទាន់ពេលវេលា។ ការីកុំព្យូទ័រនៅមានចំនុចខ្វះខាតមួយចំនួន ទាក់ទងនឹងធនធាន មនុស្ស ដែលពួកគាត់បញ្ចូលទិន្នន័យនៅខ្វះចន្លោះ និងមានការភ័ន្តច្រឡំ។ បញ្ហាក្នុងការចេញលិខិតបញ្ជាក់ទីលំនៅ និងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ និងបញ្ហាដឹកមនុស្សពីឃុំ១ទៅឃុំ១ដើម្បីចុះបោះឆ្នោត…

Loading...

សំឡេងលោករ៉ុង ឈុន៖

ដោយឡែកលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានលើកឡើងដែរថា លោកនៅតែមានការព្រួយបារម្ភ ចំពោះបញ្ហាសម្ភារៈ ធនធានមនុស្ស និងបច្ចេកទេសផ្សេងៗ។ ប៉ុន្តែទោះបីជាមានការខ្វះខាតយ៉ាងណាក៏ដោយ ក៏បញ្ហាទាំងនេះមិនអាចផលប៉ះពាល់ដល់ដំណើរការ នៃការចុះឈ្មោះបោះឆ្នោតបាននោះទេ ព្រោះខាងគ.ជ.ប បានត្រៀមបំរុងសម្ភារៈដើម្បីផ្លាស់ប្តូរពេលមានបញ្ហាបច្ចេកទេសផ្សេងៗ…

សំឡេងលោកទេព នីថា ៖

គួរកត់សម្គាល់ផងដែរថា គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្សនយោបាយចំនួន១២,៨៣៦ ដែលបានចូលរួមសង្កេតការណ៍ នៅតាមសាលាឃុំ សង្កាត់ចំនួន១,៦៣៣ នៅទូទាំងប្រទេស និងមានពាក្យបណ្តឹងចំនួន៥០បណ្តឹង៕

ប្រភព៖ វាយោ