បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រួត​វាយ​បែក​ឈាម​ហូរ​កក្លាក់​ ​

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ និងអាជីវករផ្សារ លឹម ឈាងហាក់ ចាប់ព្រួតវាយរហូតបែកឈាមហូរកក្លាក់ទើប ប្រគល់ជូនសមត្ថកិច្ចធ្វើការចាត់ការបន្ត បន្ទាប់ពីបុរសរូបនេះ និងបក្សពួក២នាក់បានធ្វើសកម្មភាពលួចកាបូបលុយ កាលពី វេលាម៉ោង១០ និង០៥នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅក្នុងផ្សារ លឹម ឈាងហាក់ ស្ថិតក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមានឈ្មោះ វ៉ា សាលាភ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ។ ដោយឡែកបក្សពួក២នាក់ទៀតដែលរត់គេចខ្លួន ពុំត្រូវបានស្គាល់ អត្តសញ្ញាណឡើយ ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូបមានឈ្មោះ ឡុង ស៊ីផល ភេទប្រុសអាយុ៥២ឆ្នាំ ស្នាក់ភូមិតាងូវ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ ។
ខណៈចូលទិញអីវ៉ាន់ស្ត្រីជាប្រពន្ធបានទុកកាបូបលុយយួរដៃនៅជាប់ម៉ូតូ ពេលនេះស្រាប់តែជនសង្ស័យមួយក្រុមគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងមកឈប់នៅក្បែរម៉ូតូនោះភ្លាមនោះជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបានដើរទៅលួចកាបូបនោះដោយឲ្យបក្សពួកត្រៀមម៉ូតូឲ្យហើយដើម្បីរត់គេចខ្លួន ប៉ុន្តែអកុសលភ្លាមនោះដែរបុរសជាប្តីបានងាកមកឃើញ ក៏ស្រែកឆោឡោធ្វើ ឲ្យប្រជាពលរដ្ឋនៅក្បែរនោះ រួមទាំងអាជីវករមួយចំនួនបានគ្នាឡោមព័ទ្ធព្រួតចាប់វាយជនសង្ស័យខាងលើយ៉ាងចាស់ដៃ ដោយឡែកបក្សពួក២នាក់ផ្សេងទៀតដោយឃើញស្ថានការណ៍មិនសូវស្រួលក៏បានជិះម៉ូតូឌុបគ្នារត់គេចបាត់ស្រមោលសូន្យឈឹង ។
ក្រោយធ្វើសកម្មភាពវាយយ៉ាងចាស់ដៃហើយនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលមូលដ្ឋានឲ្យចុះមកនាំទៅ ជនសង្ស័យទៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ក្រោយការសាកសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា គេនឹងបក្សពួកពិតជាបានលួចកាបូបលុយដែលគេទុកចោលពិតប្រាកដមែន ៕

បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រួត​វាយ​បែក​ឈាម​ហូរ​កក្លាក់​ ​ បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រួត​វាយ​បែក​ឈាម​ហូរ​កក្លាក់​ ​